អវសាន​នៃ​ពិភពលោក៖ អ្នក​រួច​រស់​ជីវិត ពី​ភ្លើង​ឆេះ​កាល​

ការគម្រាមកំហែង នៃ«អវសាននៃពិភពលោក» តាមប្រតិទិនម៉ាយ៉ា (សម្រាប់ពុទ្ធសាសនា គេអាចនិយាយថា ជាភ្លើងឆេះកាល) បានបង្កើតអោយមានជាប្រវត្តិសាស្ត្រមួយ ដែលគួរអោយភ្ញាក់ផ្អើល ទាំងពីក្នុងចំណោមមនុស្ស ដែលជឿ និងមនុស្សដែលមិនជឿ នៅទូទាំងជុំវិញផែនដី។ សូមអានការនិទានខ្លីៗ ពីព្រឹត្តិការណ៍នេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការគម្រាមកំហែង នៃ«អវសាននៃពិភពលោក» តាមប្រតិទិនម៉ាយ៉ា (សម្រាប់ពុទ្ធសាសនា គេអាចនិយាយថា ជាភ្លើងឆេះ​កាល) បានបង្កើតអោយមានជាប្រវត្តិសាស្ត្រមួយ ដែលគួរអោយភ្ញាក់ផ្អើល ទាំងក្នុងចំណោមមនុស្សដែលជឿ និងមនុស្ស​ដែលមិនជឿ នៅទូទាំងជុំវិញផែនដី។ សូមអានការនិទានខ្លីៗ ពីព្រឹត្តិការណ៍នេះ។


រូបភាពកាត់ត ពីកងចក្រម៉ាយ៉ា និងរស្មីព្រះអាទិត្យ។ រូបភាពអាំងធើណែត។

«អវសាននៃពិភពលោក»​ បានបង្អើលពិភពលោក

នៅប្រទេសចិន សមាជិក«សាសនាព្រះគ្រឹស្ដិ៍ដ៏អស្ចារ្យ» ចំនួន១០០០នាក់ ត្រូវបានឃាត់ខ្លួន និងយកទៅដាក់ឃុំ ដោយ​ហេតុថាពួកគេទាំងនេះ បានដើរផ្សព្វផ្សាយ«បំផុសបំផុល» ពីបញ្ហា«អវសាននៃពិភពលោក»នេះ។

នៅប្រទេសសែរប៊ី ភ្នំមួយដែលមានរាងដូចសាជី ត្រូវបានគេជឿថា ជាជម្រកចុងក្រោយនៃ«អវសាននៃពិភពលោក» ដោយសារតែនៅទីនោះ មានដែនអេឡេត្រូវម៉ាញ៉េទិក។ តំបន់នោះបានទាក់ទាញមនុស្សអោយធ្វើដំណើរមកស្នាក់នៅ បើទោះជាមានសណ្ឋាគារទាំងមួយសម្រាប់ទទួលក៏ដោយ។

នៅបារាំង អ្នកដែលរំពឹងថា នឹងមាន«អវសាននៃពិភពលោក»មែននោះ បាននាំគ្នាជឿថាតំបន់ ប៊ូហ្គារ៉ាច (Bugarach) ដែលនៅក្បែរជួរភ្នំពីរាណេ នឹងជៀសផុតពីការរលត់រលាយនៃផែនដី។ ទីក្រុងតូចមួយនេះ ដែលស្ថិតនៅ លើភ្នំថ្មកំពស់ ១២៣០ម៉ែត្រ នេះ នឹងក្លាយជាចំណតយាន្ដ របស់មនុស្សពិភពផ្សេង។ ខ្លះបានរៀបចំបោះតង់ការពារ ដើម្បីជាជម្រក នឹងគ្រាន់បានរួចរស់ពីជីវិត។ ខ្លះទៀត បានជីករណ្ដៅក្រោមដី ហើយបានផ្ទុកនូវម្ហូបចំណី ដើម្បីចិញ្ចឹមជីវិត ក្នុងរយះពេល​រាប់ខែ នៃគ្រោះ«អវសាន»របស់ប្រវត្តិសាស្ត្រ ផែនដី។ ដោយបារម្ភពីសោកនាដកម្ម ដែលមិនអាចស្មានត្រូវ ជាពិសេសពី​បណ្ដាអ្នកជឿស៊ប់លើ «អវសាននៃពិភពលោក»នេះ ទើបអាជ្ញាធរនៅទីនោះ បានហាមឃាត់ មិនអោយមាននរណាម្នាក់ ធ្វើដំណើរទៅកាន់ទីនោះឡើយ។

នៅរ៉ូស្សីឯណោះវិញ ក្បែរនឹងទីក្រុងម៉ូស្គូ មនុស្សទីមួយដែលជឿស៊ប់នឹង «អវសាននៃពិភពលោក» បានសម្លាប់ខ្លួន ដោយលោតពីជាន់ទី១៣ នៃអាគាររស់នៅ។ សែរហ្សីវ ប៉ូសាដ (Sergiev Posad) អាយុ៧៣ឆ្នាំ បានបណ្ដែតអារម្មណ៍​ទៅតាម ការផ្សាយរបស់ទូរទស្សន៍ តាំងពីប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហើយឈានដល់ដំណាក់កាលចុងក្រោយ នៃការសម្លាប់ខ្លួន នៅចំថ្ងៃ«អវសាននៃពិភពលោក»នេះតែម្ដង។

សប្បាយដើម្បីបំភ្លេច

តៀមស្រាខ្លះ បានសាកល្បងយកព្រឹត្តិការណ៍នេះ ដើម្បីនឹងផ្សព្វផ្សាយរកទីផ្សារអោយខ្លួន ដូចជា «បំណាច់នឹងស្លាប់ យ៉ាងហោចណាស់ក៏បានផឹកមួយកែវដែរ»។ មានរង្គសាលរាំរែកខ្លះទៀត បានរៀបចំកម្មវិធីនៅយប់ថ្ងៃ «អវសាន​នៃ​ពិភពលោក» ដើម្បីធ្វើកម្មវិធីជប់លៀងយ៉ាងធំ ឧទ្ទិសអោយ ថ្ងៃចុងក្រោយនៃជីវិត។ ស្ថានីយ៍វិទ្យុខ្លះ បានរៀបចំការប្រកួត​ផ្សេងៗ នៅជុំវិញប្រធានបទដូចគ្នា «តើអ្នកចង់ធ្វើអ្វី នៅមុនអវសាននៃពិភពលោក»? ផ្ញើររូបថតមួយសន្លឹក រូបភាពគូរ​ដោយដៃ សរសេរសំបុត្រពីបេះដូងពិតមួយ ឬធ្វើអ្វីក៏ដោយ ... សូមពន្យល់ពីទឹកចិត្តរបស់អ្នក «ក្រែងលោ»អ្នកអាចបន្ត​ជីវិតបាន នៅក្រោយ«អវសាននៃពិភពលោក»នេះ !

ពិភពអាំងធើណែត ជ្រួលច្របល់

ពាក្យចចាមអារាម ស្ដីពី«អវសាននៃពិភពលោក» មិនត្រូវបានបង្អើល តែក្នុងចំណោមអ្នកដែលជឿស៊ប់ប៉ុណ្ណោះទេ តែ​បើសូម្បីពិភពអាំងធើណែត ក៏មនុស្សម្នាអ្នកលេង បាននាំគ្នានិយាយបង្អើលតាមដែរ។ គេហទំព័រមួយនៅអាមេរិក ឈ្មោះ december212012.com ដែលធ្វើខ្លួនជាគេហទំព័រផ្លូវការ បាននិយាយដាក់ជាសំនួរចោទឆ្លើយ នៅជុំវិញ​ព្រឹត្តិការណ៍នេះ។ គេថែមទាំងបានលើកមកនិយាយថា គ្រោះធម្មជាតិ ឬសោកនាដកម្ម បាញ់សម្លាប់ ដែលបានកើតមក រហូតមកទល់នឹង​សព្វថ្ងៃ គឺជាដំណាក់កាលជាជំហ៊ានៗ ដែលឈានទៅរកថ្ងៃ«អវសាននៃពិភពលោក»។

នៅទីក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា ប្លូង (blog) ជាច្រើនត្រូវបានបង្កើតឡើង ដើម្បីជជែកត្រៀមបំរុងពីស្ថានការណ៍ ដ៏ពិតប្រាកដ ដែលអាចកើតឡើងជាយថាហេតុ។ បួកគេថា ត្រូវបង្កាចំណីរអាហារ និងទឹក។ សមាជិកម្នាក់ ពីក្នុងចំណោម​នោះ បាននិយាយថា «ខ្ញុំមិនជឿវាទេ។ តែតាំងពីប៉ុន្មានខែមកហើយ ខ្ញុំឃើញមានកើតនូវរឿងចំលែកៗ ច្រើនណាស់។» ខ្លះទៀតសួរថា «នៅទីក្រុងម៉ុងរ៉េអាល់ មានកន្លែងណាមានសុវត្ថិភាពទេ?» គេហទំព័រ 2012fin.com បានដាក់នៅទំព័រមុខ​ថា កម្មវត្ថុនៃគេហទំព័រ មិនមែនបង្កើតអោយមាន«ចលាចល»នោះទេ ហើយបាននៅបន្តទទួល មតិយោបល់របស់​សមាជិកខ្លួន យ៉ាងសន្ធឹកសន្ធាប់ ជាពិសេស អ្នកខ្លះបាននិយាយថា «ថ្ងៃនេះ ខ្ញុំនៅរស់នៅឡើយទេតើ»។

ប្រតិទិន ម៉ាយ៉ា (maya)

ថ្ងៃ«អវសាននៃពិភពលោក» បានកំណត់ដោយប្រតិទិននៃជនជាតិម៉ាយ៉ា ដែលមានរស់នៅនៅឡើយ នៅទ្វីបអាមេរិក​កណ្ដាលសព្វថ្ងៃ។ ប្រតិទិននោះ មានអាយុកាល ៥២០០ឆ្នាំ ហើយបានបញ្ឈប់កងចក្ររបស់ខ្លួន នៅក្នុងអំឡុង​ខែធ្នូ​ឆ្នាំ២០១២នេះ។ បន្ទាប់មក ក្រុមអ្នកមានជំនឿផ្សេងទៀត បានជ្រើសរើសថ្ងៃទី២១​ ខែ១២ ឆ្នាំ ២០១២ ដើម្បីកំណត់ជាថ្ងៃ​ចុងក្រោយ នៃ«អវសាននៃពិភពលោក»។

តែបើតាមអ្នកប្រវត្តិវិទូទាំងឡាយក្នុងលោក គេមិនដែលទទួលបានលទ្ធផល ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រណា​មួយ ដែលនឹងកំណត់ថា មាន«ភ្លើងឆេះកាល»នោះទេ៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...