បុក​អូស​រទេះ​រុញ​មាន​ទារក ហើយ​បើក​ទៅ​មុខ​ធ្វើ​ធម្មតា

ហេតុការណ៍ ដែលសឹងតែមិនអាចជឿងបាននេះ បានកើតឡើង នៅក្នុងក្រុង «Kurchatov» ភាគខាងលិច នៃប្រទេសរ៉ូស្ស៊ី។

ស្ត្រីអ្នកបើករថយន្ដឈ្នួល អាយុ៤២ឆ្នាំម្នាក់នេះ បានបើកឡានរបស់ខ្លួន បុករទេះរុញមួយគ្រឿង ដែលមាន​ទារិកាអាយុ១១ខែម្នាក់ នៅក្នុងនោះ។ ស្ត្រីដែលត្រូវបានអាជ្ញាធរ ដកហូតប័ណ្ណបើកបរ តាំងពីគ្រោះថ្នាក់​ចរាចរណ៍​លើកមុននោះ មិនបានឈប់រថយន្ដរបស់ខ្លួន នៅពេលកើតហេតុភ្លាមទេ តែបានបន្តបើកបរ ជាមួយ​នឹងរទេះរុញកូនង៉ែត នៅជាប់នឹងមុខរថយន្ដឈ្នួលរហូត។

អនិច្ចា... ចំពោះទារិកាវិញ មិនបានរួចរស់ មានជីវិត ពីហេតុការណ៍នេះទេ។

រូបភាពវីដេអូ ដែលបង្ហាញពីរថយន្ដឈ្នួល អូសរទេះរុញ នៅជាប់ពីមុខ ត្រូវបានថតជាប់ ដោយកាម៉េរ៉ា របស់​រថយន្ដមួយទៀត ដែលបើកបរ ក្នុងទិសបញ្ច្រាស នៅក្រោយពេលកើតហេតុបន្តិច។

ស្ត្រីអ្នកបើកបរ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នគរបាល ក៏បានឃាត់ខ្លួនដូចគ្នាដែរ ប្រធានក្រុមហ៊ុនរថយន្ដ​ឈ្នួល ដែលទុកឲ្យស្ត្រីនេះ នៅបើកបរបានជាបន្ត ដោយគ្មានប័ណ្ណបើកបរ។ នៅចំពោះភ្នាក់ងារស៊ើបអង្កេត ស្ត្រី​បើក​បរ បាននិយាយថា ខ្លួនបានស្លន់ស្លោ ហើយមិនដឹងថា ត្រូវធ្វើយ៉ាងដូចម្ដេច នៅពេលដែលជួបហេតុការណ៍​នោះ។ ចំណែកម្ដាយទារកវិញ បានរងរបួសជាទំងន់ ប៉ុន្តែបានធូរខ្លះមកវិញ និងកំពុងព្យាបាលខ្លួន នៅ​មន្ទីរ​ពេទ្យ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់