នៅ​លោក​ខាង​លិច ជា ស៊ីម ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់

ពិធីបូជាសពលោក ជា ស៊ីម ត្រូវបានផ្សព្វផ្សាយ នៅតាមបណ្ដាសារព័ត៌មាន លោកខាងលិច គួរឲ្យចាប់អារម្មណ៍។ ប៉ុន្តែ​សម្រាប់ប្រទេសនានា នៅបស្ចិមលោក លោក ជា ស៊ីម មានឈ្មោះល្បី និងត្រូវបានគេស្គាល់ថា ជា​អតីត​«កម្មាភិបាល​ខ្មែរ​ក្រហម»​ម្នាក់ ក្នុងចំណោមកម្មាភិបាលខ្មែរក្រហម ជាច្រើននាក់ផ្សេងទៀត។
វីដេអូរបស់ AFP ដែលបង្ហាញពីពិធីបុណ្យបូជាសព លោក ជា ស៊ីម កាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅ។ (រូបថត monoROOM.info/ S. Tith)

ប្រសិនបើជានៅក្នុងប្រទេសកម្ពុជា លោក ជា ស៊ីម ត្រូវបានគេលើកតម្កើន ថាជាវីរៈបុរសជាតិ និងត្រូវបាន​មនុស្សមួយចំនួន ថ្លែងរៀបឫកពារថា ចង់យកតម្រាប់តាមលោកនោះ ប៉ុន្តែសម្រាប់បណ្ដាសារព័ត៌មាននានា នៅបស្ចឹមលោក លោក ជា ស៊ីម មានឈ្មោះល្បីថា ជា«អតីតកម្មាភិបាល រត់ចោលជួរម្នាក់» របស់ក្រុម​ខ្មែរ​ក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរ អស់ជាង២លាននាក់ ក្នុងអំឡុងកាលនៃការកាន់អំណាច ពីឆ្នាំ​១៩៧៥ មកដល់​ឆ្នាំ១៩៧៩។

សារព័ត៌មាន នៅបស្ចឹមលោកជាច្រើន បានយកព្រឹត្តិការណ៍ នៃពិធីបុណ្យបូជាសព អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ដែលថត និងរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មានល្បីៗ ដូចយ៉ាង អាអេហ្វប៉េស (AFP) រ៉យធើរ (Reuters) ឬអេភី (AP) មកចុះផ្សាយ ទាំងសារព័ត៌មានបោះពុម្ភ ទាំងសារព័ត៌មាននៅតាម​គេហទំព័រ។ សារព័ត៌មានទាំងនោះ បានសរសេរនៅលើចំណងជើង សឹងតែទាំងអស់ ដោយហៅលោក ជា ស៊ីម ដែល​បាន​ទទួលអនិច្ចកម្ម នៅ​​អាយុ​៨២ឆ្នាំ ភ្ជាប់ទៅនឹងអតីភាពរបស់លោក ថាជាអតីតកម្មាភិបាល​ថ្នាក់​តំបន់​​មួយរូប របស់​ក្រុម​ខ្មែរក្រហម និង​បាន​ហៅ​ពិធី​បុណ្យបូជាសពនេះ ថាមានលក្ខណៈ«អធិកអធម»។

ប៉ុន្តែនៅក្នុងអត្ថបទវិញ បណ្ដាសារព័ត៌មាន បានសរសេររៀបរាប់ហៅលោក ជា ស៊ីម ថាជាអ្នកនយោបាយ​សំខាន់មួយរូប ដែលស្និតនៅនឹងលោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា ដែលកាន់តំណែងជានាយករដ្ឋមន្ត្រី តាំងពីបីទសវត្សន៍មកហើយ នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅទ្វីបអាស៊ីផ្នែកអាគ្នេយ៍ ដែលនៅល្បីថា ជា​ប្រទេស​ជាប់លេខក្រោយគេ ខាងភាពក្រីក្រ របស់ពិភពលោក។ សារព័ត៌មានទាំងនោះ បានរំលឹកពីប្រវត្តិខ្លីៗ របស់​លោក ជា ស៊ីម មកបញ្ជាក់ថា លោកមិនគ្រាន់តែជាប្រធានព្រឹទ្ធសភា តាំងពីឆ្នាំ១៩៩៩មកនោះទេ តែលោក ជា​ប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានអំណាចមួយរូប តាំងពីឆ្នាំ១៩៩១នោះមកផង។

ប៉ុន្តែសារព័ត៌មាន មិនបានភ្លេចរំលឹកមកវិញទេថា មេដឹកនាំដែលកាន់អំណាចសំខាន់ៗ ក្នុងប្រទេសកម្ពុជា​សព្វថ្ងៃ រាប់ទាំងលោក ជា ស៊ីម សុទ្ធសឹងជាអតីតកម្មាភិបាលខ្មែរក្រហម ដែលបានងាកត្រឡប់មកប្រឆាំង នឹងរបបអាវខ្មៅនេះវិញ និងបានឃុបឃិតជាមួយកងទ័ពឈ្លានពាន របស់ប្រទេសវៀតណាម ដើម្បីវាយ​ដណ្ដើម​កាន់កាប់ប្រទេសកម្ពុជា ក្រោមផ្លាក«ជួយរំដោះ»ប្រជាជនកម្ពុជា ពីនឹមទារុណកម្ម និងពីការកាប់​សម្លាប់​ធ្ងន់ធ្ងរ ដែលរបបខ្មែរក្រហមបានប្រព្រឹត្តិ រវាងពីឆ្នាំ១៩៧៥ មកចុងឆ្នាំ១៩៧៨ នោះឡើយ។ ក្រុមអតីត​កម្មាភិបាល របស់ខ្មែរក្រហមទាំងនោះ ត្រូវបានប្រទេសវៀតណាមបន្តុប ឲ្យឡើងកាន់អំណាច នៅក្នុង​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ក្រោយពីប្រទេសកុម្មុយនីស ដែលមិនត្រូវជាមួយនឹងប្រទេសចិន វាយយក​ប្រទេស​កម្ពុជា មក​ដាក់​ក្រាម​អាណានិគម របស់ខ្លួនរួចជាស្ថាពរ នៅឆ្នាំ១៩៧៩។

«លោក ជា ស៊ីម អតីតលេខាតំបន់របស់បក្ស ក្នុងរបបខ្មែរក្រហម បានដឹងពីឧក្រិដ្ឋកម្មនានា»

សារព័ត៌មានខ្លះបានដកស្រង់ យករបាយការណ៍មួយ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស​ថា «Human Rights Watch» បានរាយការណ៍បន្ថែមទៀតថា ក្នុងនាមជាលេខាបក្សប្រចាំតំបន់ នៅ​ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ លោក ជា ស៊ីម បានដឹងពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើង នៅ​ក្នុង​តំបន់របស់ខ្លួន ហើយតុលាការវិសមញ្ញា ដែលកំពុងកាត់ទោស អតីតមេដឹកនាំខ្មែរក្រហមសព្វថ្ងៃ នៅ​រាជធានី​ភ្នំពេញ គួរតែធ្វើការអង្កេតទៅលើ អតីតកម្មាភិបាលខ្មែរក្រហមម្នាក់នេះ ដូចគ្នាដែរ។

អង្គការអន្តរជាតិមួយនេះ បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មរណៈភាពរបស់លោក ជា ស៊ីម នៅខណៈនេះ ជា«បរាជ័យរបស់សាលាក្ដីខ្មែរក្រហម» ដោយអង្គការនេះ បានចង្អុលទៅលោក ជា ស៊ីម ថា​ធ្លាប់បានគ្រប់គ្រង មន្ទីរសន្តិសុខតំបន់ក្នុងរបបខ្មែរក្រហម ធ្វើការដោយឈ្លប ដែលបានធ្វើទារុណកម្ម និង​សម្លាប់​បណ្ដាជនខ្មែរ ដែលត្រូវបានចាប់ខ្លួន។ លោក ជា ស៊ីម ក៏មានជាប់ពាក់ព័ន្ធ ក្នុងការដាក់​ពលរដ្ឋខ្មែរជា​ច្រើននាក់ ទៅជា«ទាសករ»នៅក្នុងតំបន់បូព៌ានោះដែរ។ ហើយភស្ដុតាងទាំងនេះ អាចឲ្យសាលាក្ដីវិសមញ្ញ ឬ​សាលា​ក្ដី​«កូន​កាត់» ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ យកមកប្រើប្រាស់ ដើម្បី​នាំ​អ្នក​ទទួល​ខុស​ត្រូវ​ផ្សេង​ទៀត នៅក្នុងរបបវាលពិឃាត មកជម្រះក្ដី។

ប៉ុន្តែការប៉ុនប៉ង ចង់បើកសំនុំរឿងណាផ្សេងទៀត នៅក្នុងសាលាក្ដីនេះ តែងត្រូវបានរារាំង ដោយលោក ហ៊ុន សែន នៅក្នុងសេចក្ដីប្រកាសជាសាធារណៈ ជាញ៉យដងរបស់លោក។ ចំពោះការផ្សាយរបស់​សារព័ត៌មាន​នានា ដែលបានស្រង់ការលើកឡើង របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សខាងលើនេះ ក៏ត្រូវបានបដិសេធ​ចោល​ដោយរដ្ឋាភិបាលកម្ពុជាដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយក្រសួងមហាផ្ទៃកម្ពុជា កាល​ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ បាន​ហៅការភ្ជាប់មរណភាព លោក ជា ស៊ីម ទៅនឹងភាពបរាជ័យរបស់​សាលា​ក្ដីខ្មែរក្រហម គឺជាយុទ្ធនាការ​«គ្រោង​ទុកជាមុន» និងបង្កប់«នូវគំនុំគំកួនជាលក្ខណៈបុគ្គល» មកលើលោក ជា ស៊ីម ពីសំណាក់អង្គការ​មួយ​នេះ ជាពិសេសពីសំណាក់លោក ប្រេដ អាដាម (Brad Adams) ដែលជានាយក​ទទួលបន្ទុកកិច្ចការអាស៊ី របស់​អង្គការឃ្លាំមើលសិទ្ធិមនុស្ស។

កាលពីពេលថ្មីៗនេះ លោក ខៀវ កាញារឹទ្ធិ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ក៏បានប្រតិកម្មដែរ ទៅនឹងសារព័ត៌មានក្នុង​ស្រុកមួយ ដែលចេញផ្សាយជាភាសាអង់គ្លេស ដែលបានរំលឹកបើកកកាយ ពីអតីតភាពរបស់លោក ជា ស៊ីម តាមរយៈរបាយការណ៍រស៊ើបៗជាច្រើន របស់អង្គការអន្តរជាតិខាងលើ មកចុះផ្សាយ។ លោករដ្ឋមន្ត្រី បាន​ថ្លែងវាយតម្លៃការចុះផ្សាយនោះ ថាមាន«ភាពឈ្លើយ» និងអះអាងពីឱកាស ដែលក្រុមគ្រួសារលោក ជា ស៊ីម អាចប្ដឹងសារព័ត៌មាន ពីបទ«រំខានការកាន់ទុក្ខ»នោះទៀតផង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់