ឈុត​ឆាក​ពិតៗ​ហាល​វាល នៃ​ចំបាំង​ចុង​ក្រោយ​របស់​ណាប៉ូឡេអុង

ឈុតឆាកប្រយុទ្ធពិតៗ ដូចកាលពី២០០ឆ្នាំមុន នៃចម្បាំងនៅ វ័ធើឡូ (Waterloo) ក្នុងប្រទេសប៊ែលហ្សិក ត្រូវ​បាន​ធ្វើ​ឡើង​វិញ នៅនឹងទីលានប្រយុទ្ធផ្ទាល់ (កន្លែងដែលប្រវត្តិសាស្ត្រ បានកត់ត្រាទុក) នៅក្រោមក្រសែភ្នែក នៃ​ទស្សនិកជន​ប្រមាណ​ជា ៧០ ០០០នាក់ កាលពីថ្ងៃសុក្រទី១៩ ខែមិថុនាកន្លងមកនេះ។

ប្រសិនបើនៅកម្ពុជា គេឧស្សាហ៍បានឃើញ ល្ខោនឈុតឆាកជាច្រើន បានរំលឹកទៅដល់អតីត​ព្រះមហាក្សត្រ​ធំៗ ដូចយ៉ាងព្រះបាទ ជ័យវរ្ម័នទី៧ ជាដើមនោះ នៅប្រទេសប៊ែលហ្សិកឯណេះ ក៏មានការប្រារព្ធខួប២០០ឆ្នាំ នៃចម្បាំងដ៏ធំមួយ នៅវ័ធើឡូ ដែលរំលឹកទៅដល់អធិរាជបារាំង ក្នុងសម័យមុនៗនោះដែរ។ ឈុតឆាកធ្វើ​ឡើង​វិញ ដោយពិតៗ នៅលើទីលានប្រយុទ្ធ វ័ធើឡូ ត្រូវបានបង្កើតឡើង ដោយផ្ទាល់ នៅក្រោមការទស្សនា​យ៉ាង​ជក់ចិត្ត ពីមហាជនមិនតិចជាង ៧ម៉ឺននាក់ឡើយ។

ការប្រារព្ធខួបនេះ បានប្រព្រឹត្តិទៅ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ ជាមួយនឹងអ្នកចូលរួម​សម្ដែង​ប្រមាណជា ៦០០០នាក់ (មកពីច្រើនជាតិសាសន៍) និងសេះ ៣០០ក្បាល ព្រមទាំងកាណុង​កាំភ្លើង​តូចធំ ដែលបាញ់ចេញតែ​ភ្លើង និងផ្សែង (មិនអាចបាញ់ចេញ ជាគ្រាប់មែនទែនទេ ព្រោះវាមិនមែន ជា​ចម្បាំង​មែនទែនឡើយ សូមកុំ​ច្រឡំ) នោះទៀត។ ការបង្កើតចម្បាំងនេះឡើងវិញ គឺចង់បង្ហាញពីអធិរាជ ព្រះចៅ ណាប៉ូឡេអុង របស់ប្រទេស​បារាំង ដែលបានច្បាំងចាញ់ នៅក្នុងសង្គ្រាមនេះ ហើយលើកនោះ ក៏ជាចម្បាំង​ចុងក្រោយរបស់ទ្រង់ដែរ។

នៅចំពោះផ្ទាំងទស្សនីយភាពយនេះ អ្នកទស្សនាជាច្រើននាក់ បានសម្ដែងមតិខុសៗគ្នា ជាពិសេសគឺ​ជន​ជាតិ​បារាំងតែម្ដង ដែលហាក់ដូចជាមិនចង់ឃើញ ពីប្រវត្តិ«ចាញ់សង្គ្រាម»របស់ខ្លួន ត្រូវបានគេយកមករំលឹក ឡើង​វិញដូច្នេះទេ។ ទស្សនិកជនម្នាក់ ជាតិបារាំងបានលាន់មាត់ថា៖ «រំលឹកកាលពីឆ្នាំ១៨១៥ឡើងវិញ ដូចជាយូរ​ពេកហើយ តែវាក៏ជាប្រវត្តិសាស្ត្ររបស់យើងដែរ»។ រីឯទស្សនិកជនម្នាក់ទៀត បានថ្លែងទាំងអំណរថា៖ «ខ្ញុំ​ចូល​ចិត្តប្រវត្តិសាស្ត្រណាស់ ជាពិសេសគឺជំនក់ចិត្ត នឹងព្រះចៅ ណាប៉ូឡេអុង នេះតែម្ដង។ ខ្ញុំមានអារម្មណ៍​រំភើបណាស់ ដែលបានមកមើលផ្ទាល់នៅទីនេះ។» ខណៈទស្សនិកជននៅក្បែរនោះ បាននិយាយយ៉ាង​មុត​មាំ​ថា៖ «យើងមកទីនេះ មិនមែនដើម្បីមកអបអរជ័យជំនះ របស់ពួកអង់គ្លេសនោះទេ តែសម្រាប់រីករាយរំលឹក​ឡើង​វិញ ពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យ របស់ព្រះចៅ ណាប៉ូឡេអុង»។

យ៉ាងណាក៏ដោយ ទស្សនិកជនភាគច្រើន មានអារម្មណ៍រីករាយ ជាមួយនឹងផ្ទាំងទស្សនីយភាព ដ៏កម្រនេះ។ តែការខកចិត្តមួយ បានកើតឡើង៖ នោះគឺកៅអីអង្គុយរបស់ទស្សនិកជន នៅឆ្ងាយពីការសម្ដែង ហើយ​សំបុត្រ​ចូលទស្សនា មានតម្លៃថ្លៃហួស៕

» សូមទស្សនាការដកស្រង់ ពីផ្ទាំងទស្សនីយភាពនេះ ដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់