សេចក្តី​ព្រាង​ច្បាប់ NGO បាន​មក​ដល់​រដ្ឋសភា

កាលពីថ្ងៃអង្គារថ្ងៃទី១៦ ខែមិថុនានេះ រដ្ឋសភាកម្ពុជា បានទទួលសេចក្តីព្រាងច្បាប់ ស្តីពី«សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» ជាផ្លូវការហើយ មុននឹងបើកឲ្យមានការពិភាក្សា និងធ្វើការអនុម័ត នាពេលខាងមុខយ៉ាងឆាប់នេះ។

សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស ស្ដីពីការគ្រប់គ្រង ទៅលើ«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» នៅកម្ពុជា ទីបំផុតទៅ ត្រូវបានបញ្ជូនមកដល់ដៃរដ្ឋសភាហើយ បើទោះជាមានការទាមទារតវ៉ា ពីសំណាក់អង្គការ​សមាគម​ជាច្រើន ដើម្បីឲ្យមានការពិភាក្សាគ្នា ឲ្យបានល្អិតល្អន់ជាមុនសិន នោះក៏ដោយ។

នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយ ពីលោក ឈាង វុន អ្នក​នាំ​ពាក្យរដ្ឋសភាបានទេ ដោយភ្ជាប់ទំនាក់ទំនងមិនបាន។ តែលោកធ្លាប់បានអះអាង នាពេលកន្លងមកថា ក្រោយពី​សេចក្តីព្រាងច្បាប់នេះ បានចូលដល់រដ្ឋសភា តាមរយៈគណៈកម្មការអចិន្ត្រៃយ៍នៃសភា នឹងបញ្ជូនទៅ​គណៈ​កម្មា​ធិការជំនាញ របស់រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចរៀបចំ ឲ្យមានសិក្ខាសាលា ជាសាធារណៈមួយ ក្នុង​ការ​ពិគ្រោះយោបល់បន្ថែម ជាមួយភាកីពាក់ព័ន្ធទាំងអស់។ លោកបានបន្តថា ក្រោយពីសិក្ខាសាលា ជាសាធារណៈ​នោះ ត្រូវបានបញ្ចប់ រាល់មតិយោបល់បន្ថែមនោះ និងបញ្ជូនទៅកាន់គណកម្មការជំនាញ នៃរដ្ឋសភា ពិភាក្សា និង​សម្រេច។

សេចក្តីព្រាងច្បាប់ ដែលមិនបានបញ្ចេញផ្សាយ ឲ្យដឹងជាមុននេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា សម្រេច និង​ឯកភាព​ចុងក្រោយ នៅដើមខែមិថុនា ឆ្នាំ២០១៥ កន្លងទៅថ្មី ដោយមាន៩ជំពូក និង៣៩មាត្រា។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ធ្លាប់បានបញ្ជា ឲ្យកែសម្រួលពាក្យពេចន៍ និងដកចេញនូវមាត្រាមួយចំនួន ពីសេចក្តី​ព្រាងច្បាប់នោះ។ លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីថា ក្នុងសេចក្តីព្រាងច្បាប់នេះ ត្រូវតែកំណត់ឲ្យ​ជាក់​លាក់ នូវការចំណាយថវិការដ្ឋបាល នៃអង្គការ ឬសមាគម រួមទាំងនីតិវិធី សម្រាប់ការចុះបញ្ជី សម្រាប់អង្គការ​អន្តរជាតិ។

ការអនុម័តសេចក្ដីព្រាងច្បាប់ មុននឹងបញ្ជូនទៅដល់រដ្ឋសភា បានធ្វើឡើងក្រោមសង្គ្រាមពាក្យសម្ដី យ៉ាង​ខ្លាំង​ក្លា ពីសំណាក់អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ដែលមានចំនួនដល់ទៅរាប់រយ នៅកម្ពុជា ដោយពួកគេ​នៅ​តែបង្ហាញ ពីការព្រួយបារម្ភ ថាប្រសិនបើច្បាប់នេះ ត្រូវចូលជាធរមាននោះ នឹងបង្កើនឲ្យមានកាន់តែខ្លាំងឡើង នូវការរឹតត្បិត សិទ្ធិសេរីភាពរបស់ពួកគេ ជាមួយនឹងការដាក់សម្ពាធនានា ដោយរដ្ឋាភិបាល។ សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ និងទីនេះមួយទៀត

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ នៅតែទទូច និងបានធ្វើការព្រមានថា ត្រូវធ្វើការផ្សព្វផ្សាយ នូវសេចក្តី​ព្រាង​ច្បាប់នោះ ជាសាធារណៈជាមុនសិន បើមិនដូច្នេះទេ ក្រុមសង្គមស៊ីវិល នឹងប្រើប្រាស់នូវយន្តការសភា ប្រឆាំង​នឹងសេចក្តីព្រាងច្បាប់នេះ។ សម្រាប់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន វិញ បានប្រកាសយ៉ាងដាច់​ខាត​ថា កម្ពុជាចាំបាច់ ត្រូវមានច្បាប់គ្រប់គ្រង«អង្គការ សមាគម»មួយនេះ។

ថ្មីៗនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងបទវិភាគរបស់ខ្លួនមួយ បានបង្ហាញថា សេចក្តីព្រាងច្បាប់នោះ មាន​មាត្រាមួយចំនួន បានបង្ហាញនូវការដាក់សម្ភាធ មកលើអង្គការសង្គមស៊ីវិល។ ក្នុងនោះបានលើកឡើងថា ដូច​ជា​មាត្រា៤ មិនចែងពីអង្គការសហគមន៍មូលដ្ឋាន។ មាត្រា៩ តម្រូវឲ្យអង្គការសង្គមស៊ីវិល និងសមាគម ដែល​អាច​ចុះបញ្ជីបាន លុះត្រាតែមានសមាជិកស្ថាបនិករបស់ខ្លួន យ៉ាងតិច៥រូប។ មាត្រា២៦ គ្មានភាពច្បាស់លាស់ ក្នុង​ការ​ចែងពីឯករាជ្យភាព របស់អង្គការសង្គមស៊ីវិល តែបែរជាប្រឈម នឹងការលុបឈ្មោះចេញពីបញ្ជី និងការ​ដាក់​ទោសទៀតផង៕

(ទស្សនាវដ្ដី នឹងចុះផ្សាយ ពីអត្ថបទសេចក្ដីព្រាងច្បាប់នេះទាំងស្រុង ក្នុងអត្ថបទលើកក្រោយ)


Loading...

អត្ថបទទាក់ទង


មតិ-យោបល់