រួម​គ្នា​សំអាត​បរិស្ថាន ដើម្បី​ជិវិត និង​ការ​រស់​នៅ

យុវជន សិស្ស និស្សិត រួមទាំងព្រះសង្ឃ ជាច្រើនអង្គ/នាក់ នារាជធានីភ្នំពេញ បានរួមគ្នាប្រារព្វទិវាបរិស្ថាន តាមរយៈការដើរសំអាត តាមទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ។

នៅតាមបណ្តាផ្លួវសំខាន់ៗ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនាម្សិលម៉ិញនេះ និស្សិត ព្រះសង្ឃ បាន​ដើរ​ប្រមូលនូវសំបកសេសសល់ ឬសំណល់សល់ពីការប្រើប្រាស់ ដោយបោះពង្រាយ ចោលតាមដងផ្លូវ។ ក្រៅ​ពីការដើរសំអាត ដើម្បីចូលរួមក្នុងទិវាបរិស្ថាននេះ ក្រុមយុវជន និងព្រះសង្ឃ ដែលមានគ្នារាប់រយនាក់ មាន​តាំង​បង្ហាញ នូវពាក្យស្លោកនានា ដូចជា «បរិស្ថានស្អាត ចាប់ផ្តើមពីខ្ញុំ, បរិស្ថានជាមូលដ្ឋាននៃជីវិត, ធនធាន​ធម្មជាតិ​យើង បរិស្ថានយើង ជីវិតយើង ព្រៃឈើជាដើមចម នៃដង្ហើមបរិស្ថាន»ជាដើម។

យុវជន ខេមរិន្ទ្រ ជានិស្សិតមួយរូប នៃសកម្មវិទន្យាល័យកសិកម្ម ឆ្នាំទី៣ ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលយុវជនបានចូលរួម ក្នុងការសម្អាតបរិស្ថាន ក្នុង​រាជធានីភ្នំពេញ ដែលពោរពេញដោយសម្រាម និងខ្វះភាពអនាម័យ។ ក្នុងសកម្មភាពយុវជន មកពីអង្គការ​កុមារ​មេគង្គ ប្អូនបានចាត់ទុកថា សម្រាម ជាផ្នែកមួយ ដែលនាំឲ្យមានផលប៉ះពាល់ដល់សុខភាព។ យុវជន ខេមរិន្ទ្រ បាននិយាយ​ថា៖ «ទីក្រុងភ្នំពេញ ជាទីក្រុងដែលស្អាត។ ការបង់សម្រាមចោល គ្មានសណ្តាប់ធ្នាប់ នាំ​ឲ្យប៉ះពាល់ដល់ទេសចរណ៍។ ថង់ផ្លាស្ទិក ហោះទៅហោះមក អាអាក្រក់មើលណាស់។ (...) សូបបងប្អូន​ទាំង​អស់ រៀបចំសំរាមទៅតាមផ្នែក និងទុកដាក់នៅកន្លែងមួយ ដែលសមគួរ មានសណ្តាប់ធ្នាប់ តាមការកំណត់ របស់​ក្រុមហ៊ុនប្រមូលសម្រាម។»

និស្សិតឆ្នាំទី៣រូបនេះ បានលើកឡើងទៀតថា៖ «យុទ្ធនាការនៃការរើសសម្រាម និងសំអាតបរិដ្ឋាននាពេលនេះ មានសារសំខាន់ណាស់ ដើម្បីចូលរួមដាស់តឿន និងពញ្ញាក់ដល់សតិអារម្មណ៍ ប្រជាពលរដ្ឋទាំងអស់ ឲ្យមាន​ការចាប់អារម្មជាថ្មី លើការទុកកដាក់សម្រាមនេះ។ (...) ក្នុងសម្រាម ប្រាកដជាមានមេរោគ ។ សុខចិត្ត​ប៉ះ​ពាល់​ថ្ងៃនេះ ដើម្បីអនាម័យថ្ងៃក្រោយ។ សម្អាតឥឡូវនេះ ដើម្បីជៀសវាងប៉ះពាល់ដល់អ្នកដទៃ។»

នៅក្នុងព្រឹត្តិការណ៍នេះ គេឃើញក្រុមយុវជន បានបែងចែកគ្នាជាក្រុមៗ ក្នុងការសម្អាតអនាម័យ តាមបណ្តា​ផ្លូវសំខាន់ៗ ពិសេសតាមមាត់ទន្លស និងមុខព្រះបរមរាជវាំង ដោយគ្មានការរារាំង ឬហាមឃាត់ ពីសមត្ថកិច្ច​អ្វី​ឡើយ។

ភិក្ខុសង្ឃ ឌឿន ឌុយ និមន្តមកពីវត្ត ពោធិយារ៉ាម ហៅវត្តចាស់ ក្នុងទិវាសម្អាតបរិដ្ឋាននៅភ្នំពេញ បាន​មាន​សង្ឃដីកាថា ចង់បានរាជធានីផ្នំពេញមួយ ដែលមានបរិស្ថានមួយល្អ និងចង់ឲ្យពលរដ្ឋទូទៅ ចេះស្រឡាញ់​បរិស្ថាន ដោយខ្លួនឯង។ ព្រះអង្គយល់ឃើញថា បរិស្ថាននេះ មានសារៈសំខាន់ណាស់ សម្រាប់​សុខភាព​មនុស្ស​លោកទូទៅ ពិសេសកូនខ្មែរទាំងអស់។

ព្រះភិក្ខុ ឌឿន ឌុយ បានមានថេរដីកាថា៖ «ពិភពលោក បានកំពុងផ្តោតសំខាន់ ទៅលើបរិស្ថាន។ (...) បើហូប​ឆ្ងាញ់ តែគ្មានអនាម័យ ឬបានធ្វើអ្វីជុំវិញខ្លួនឯង ដើម្បីបរិស្ថានទេ នោះវាអាចធ្វើឲ្យខូចសុខភាពខ្លួនឯង។ នេះ​បញ្ជាក់​ថា គ្មានការស្រលាញ់ខ្លួនឯងឡើយ។ (...) ជៀសវាងទេសចរណ៍មើលងាយខ្មែរ ចំពោះការមិនចេះ​សម្អាត​បរិស្ថាននេះ។ »

កញ្ញា ប៉ុក សាវតី និស្សិតឆ្នាំទីបួន នៃសកម្មវិទ្យាល័យភូមិន្ទ្រភ្នំពេញ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា ចង់​បាន​ទីក្រុងមួយ ដែលគ្មានសម្រាម។ កញ្ញា បន្តថា ក្លិនអសោច ដែលចេញពីសម្រាម មានផល់ប៉ះពាល់ច្រើន ដល់ផ្លូវ​ដង្ហើម និងសុខភាពមនុស្ស ពិសេសស្រ្តី និងកុមារ។ ប្អូនស្រីស្នើឲ្យអាជ្ញាធរជំនាញ ជួយបន្ថែមការផ្សព្វផ្សាយ​របស់ខ្លួន ដល់ប្រជាពលរដ្ឋទូទៅ ឲ្យមានការយល់ដឹង ពីបញ្ហាបរិស្ថាននេះ។ «ស្នើយល់យុវជន និងប្រជាពលរដ្ឋ​ទាំងអស់ចូលរួមស្វែងយល់ និងជួយសម្អាតបរិស្ថាន ទាំងអស់គ្នា មិនថានៅទីណាឡើយ។ (...) បរិស្ថានជាមុខ​មាត់យើង និងជាសោភ័ណ្ឌភាពនៃជីវិតយើង។»

ពេលកន្លងមក រដ្ឋាភិបាលកម្ពុជា ធ្លាប់បានយកចិត្តទុកដាក់ និងបំផុសទឹកចិត្តប្រជាពលរដ្ឋទូទៅ ឲ្យចូលរួម ក្នុង​ការសំអាតបរិស្ថានជុំវិញខ្លួន តាមរយៈការបង្កើត ឲ្យមានធុងសម្រាប និងបំណែងចែកសម្រាម ឬកាកសំណល់​ទាំងនោះ ឲ្យនៅដាច់បីគ្នា។ រដ្ឋាភិបាលកម្ពុជានាពេលកន្លងម តែងលើកឡើងថា អ្វីៗនៅជុំវិញខ្លួនយើង សុទ្ធ​សឹង​«បរិស្ថាន»ទាំងអស់។ បរិស្ថាន ចាំបាច់មានដំណរភ្ជាប់ រវាងមនុស្ស សង្គម វប្បធម៌ និងធម្មជាតិ។ បរិស្ថាន​រួមមាន គឺ បរិស្ថានធម្មជាតិ (ដើមឈើ មច្ឋាជាតិ ទឹកភ្លៀង), បរិស្ថានវប្បធម៌ (ចំណេះដឹង និងជំនឿផ្សេងៗ), បរិស្ថាន​សង្គម(មាគ៌ាដឹកនាំ), បរិស្ថានសេដ្ឋកិច្ច (ទ្រព្យសម្បត្តិ) និងបរិស្ថានបង្កើតដោយមនុស្ស ( សម្ភារៈ​ប្រើ​ប្រាស់​នានា ទូរទស្សន៍ និងរថយន្ត)។

យុវតីម្នាក់ទៀត មកពីបណ្តាញយុវជនកម្ពុជា(YCC) កញ្ញា សេង សុភ័ក្រ បានថ្លែងការយល់ឃើញ​របស់កញ្ញា​ដែរ​ថា ការកាប់ព្រៃ​ឈើ ក៏ជាមូលហេតុចំបងមួយ នៃការបំផ្លាញបរិស្ថានផងដែរ។ កញ្ញា សុភ័ក្រ បានថ្លែងឡើងថា៖ «ការការពារ​ព្រៃ​ឈើ​បានល្អ បរិស្ថានមានសោភណ្ឌភាព ប្រជាពលរដ្ឋរស់នៅមានសុខភាពបរិបូរដែរ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់