ខុមហ្រ្វេល បង្ហាញ​​របាយ​​ការណ៍​​៦យ៉ាង ពី​​កម្មវិធី​​នយោបាយ​​នានា ក្រោយ​​ការ​​បោះ​​ឆ្នោត​​២០១៣

ការអង្កេត និងការតាមដាន បន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០១៣ រហូតមកដល់ពេលនេះ ទៅលើកម្មវិធីនយោបាយ របស់រដ្ឋាភិបាល សកម្មភាព នៃអ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សាឃុំ-សង្កាត់ និងកំណែទម្រង់ការបោះឆ្នោត បានជំរុញឲ្យ អង្គការខុមហ្វ្រេលចេញបាន ជារបាយការណ៍ និងបោះពុម្ភៈជាសៀវភៅ បានចំនួនប្រាំមួយច្បាប់ ផ្សេងៗគ្នា។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៨ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 29, 2015
  • ប្រធានបទ: បោះឆ្នោត
  • អាន និងបញ្ចេញយោបល់

ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ តំណាងអង្កការខុមហ្វ្រេល លោក កង សាវាង្ស បាន​លើកឡើងថា ក្រោយការបោះឆ្នោត មកដល់ពេលនេះ អង្គការលោក បានធ្វើការអង្កេត និងឃ្លាំមើលពី តួនាទី សិទ្ធិ និង​អំណាចរបស់រដ្ឋសភា ក៏ដូចជារបស់តំណាងរាស្រ្ត ទាំង១២៣នាក់ និងកិច្ចការមួយចំនួនទៀត ដែលទាក់ទងនឹង​រដ្ឋសភា​ដូចជា កិច្ចប្រជុំពេញអង្គ ការជជែកដេញដោល ក្នុងសភា ការចុះមូលដ្ឋាន របស់តំណាងរាស្រ្ត និងការផ្លាស់ប្តូរថ្នាក់​ដឹកនាំ​សភា ជាដើម។ លោកបន្តថា ទាំងអស់នេះ បានសម្រេចជារូបរាង នូវសៀវភៅមួយ ដែលមានចំណងជើងថា៖ «ប្រវត្តិ​តំណាង​រាស្រ្ត នីតិកាលទីប្រាំឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨» និងសៀវភៅ «អង្កេតរដ្ឋសភា និងតំណាងរាស្រ្ត»។

មន្រ្តីនៃកម្មវិធីអង្កេត លោក កង សាវាង្ស បានបន្តថា នៅមានកម្មវិធីជាច្រើនទៀត ដែលខុមហ្វ្រេល បានធ្វើការអង្កេត​ដូច​ជា ការបង្កើតរាជរដ្ឋាភិបាល ក្រសួង រដ្ឋលេខាធិការដ្ឋាន គោលនយោបាយ និងសមាជិករាជរដ្ឋាភិបាលជាដើម។ លោក​ថា ជាងនេះ នៅមានការកត់ត្រា ពីការប្រើប្រាស់ធនធានរដ្ឋ​មិនត្រឹមត្រូវ ភាពមិនប្រក្រតី នៃប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ តម្លា​ភាព​នៃថវិកា អំពើពុករលួយ ការរំលោភអំណាច សាច់ញាតិ ខ្សែស្រឡាយ និងទំនាស់ផលប្រយោជន៍ ក្នុងតំណែង​នៃ​មន្រ្តី​សាធារណៈ ក៏ដូចជាមន្រ្តីនយោបាយ ជាពិសេស ភាពគ្មានតម្លាភាព នៃទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុនៃគណបក្ស​សំខាន់ៗ។ លោកថា អ្វីៗទាំងអស់នេះ ក៏មានចងក្រងទុក ក្នុងសៀវភៅដែលមានឈ្មោះថា «ការឃ្លាំមើល និងការផ្តល់ពិន្ទុ លើ​លទ្ធផល​នៃការបំពេញ /អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទីប្រាំ ឆ្នាំទី១» និងក្នុងសៀវភៅ ស្តីពី​«ភាព​មិន​ប្រក្រតីនយោបាយ»។

ដោកឡែក អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំ និងយេនឌ័រ នៃអង្គការខុមហ្រ្វេល បានលើកឡើង ពីការផ្តល់អំណាច ដល់ស្រ្តីក្នុងការធ្វើនយោបាយ ក៏ដូចជាចូលរួម ក្នុងការអភិវធ្ឍន៍សង្គម នៅតាមតំបន់ និងមូលដ្ឋាន​របស់​ខ្លួន។ អ្នកស្រីបានបន្ថែមថា របាយការណ៍ក្នុងសៀវភៅនេះ ក៏មានគោលបំណង ចង់បាននូវការផ្លាស់ប្តូរឥរិយាបទថ្មី​មួយ ដោយ​ឈាន​មកយក ការផ្តល់ឱកាស ដល់ស្រ្តីពីរាជរដ្ឋាភិបាល ដើម្បីមានសមភាពយេនឌ័រ រវាងបុរស និងស្រ្តី ទាំង​ក្នុង​នយោបាយ ក្នុងសង្គម និងក្នុងមូលដ្ឋាន។ អ្នកស្រីបន្តថា ក្នុងការអង្កេតរបស់អង្គការអ្នកស្រី បានបង្ហាញ នូវការការវាយ​តម្លៃ លើការផ្តល់អំណាច​ឲ្យស្រ្តីក្រុមប្រឹក្សាឃុំ-សង្កាត់ សភា តំណាងរាស្រ្តជាស្រ្តី ទាំងការបំពេញការងារ ការសម្តែង​មតិ ការ​ប្រជុំ សកម្មភាពការងារស្រ្តី ការសន្យារបស់រដ្ឋាភិបាលពីបញ្ហាស្រ្តី និងកុមារ រួមទាំងសកម្មភាពលេចធ្លោ និងភាព​បរាជ័យ​របស់ស្រ្តី។ អ្នកស្រីថា ការងារទាំងអស់នេះ អង្គការខុមហ្វ្រេល ក៏បានសរសេរក្នុងសៀវភៅ ដែលមានឈ្មោះថា «ឃ្លាំ​មើល​យេនឌ័រ ផ្នែកនយោបាយ»។

លោក កង សាវាង្ស បានបន្ថែមទៀតថា ក្រៅពីសៀវទៅទាំងប្រាំខាងលើ នៅមានសៀវភៅមួយទៀត​ មានចំណងជើង​ថា «ប្រជាធិបតេយ្យ ការបោះឆ្នោត និងកំណែទម្រង់នៅកម្ពុជា» ក៏ត្រូវបានបោះពុម្ភចេញមកដែរ។ លោកបានបង្ហាញថា ក្នុង​សៀវទៅនេះ បានបង្ហាញ ពីដំណើរការប្រជាធិបតេយ្យ ក្រោយការបោះឆ្នោត និងវិបត្តិនយោបាយ​ ជាបន្តបន្ទាប់​នៅ​កម្ពុជា។ ក្រៅពីនោះ នៅមានការលើកឡើង ពីអភិបាលកិច្ចប្រជាធិបតេយ្យ ការបង្កើតគណកម្មការចម្រុះ រវាងគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ និងព្រឹត្តិការណ៍នានា ក្រោយកិច្ចព្រងព្រៀងគ្នា នៃគណបក្សធំៗទាំងពីរ កាល​ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រួមទាំងអនុសាសន៍មួយចំនួន ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា​ផង​ដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments