ខ្ញុំ​បង់​បាន​«ត្រី» តែ​អាស្រ័យ​រដ្ឋាភិបាល​ជា​អ្នក​«ឆ្នៃ​ធ្វើម្ហូប»

ភាពស្ងៀមស្ងាត់ របស់ស្ថាប័នរដ្ឋសភា និងព្រឹទ្ធិសភា ក្នុងករណីបណ្តឹង ពលរដ្ឋ២១១គ្រួសារ តាមរយៈលិខិតស្នើសុំអន្តរាគមន៍ ដកទំណែងលោក អ៊ុក សំអុល ពីអភិបាលក្រុងបានលុង បានធ្វើឲ្យតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា បានធ្វើការប្រៀបធៀបថា លោកគ្រាន់តែជាអ្នកបង់ត្រីប៉ុណ្ណោះ តែមិនមែនជាអ្នកស្ល ឬចំអិនទេ។

បន្ទាប់ពីបានដាកលិខិត របស់លោក ទៅកាន់រដ្ឋសភា និងព្រឹទ្ធិសភា ក្នុងករណីសុំផ្លាស់ប្តូរតំណែងលោក អ៊ុក សំអុល អភិបាលក្រុងបានលុងខេត្តរនគីរីនោះ នៅមិនមានចម្លើយ ឆ្លើយតបយ៉ាងណា ពីរដ្ឋសភានៅឡើយ។ នេះជាការអះអាង របស់លោកប៊ូ ឡាំ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា កាលពីព្រឹក ថ្ងៃទី១៥ ខែឧសភា កន្លងមកនេះ។

ករណីនៃបណ្តឹង របស់ប្រជាពលរដ្ឋ ក្រុងបានលុង ចំនួន២១១នាក់ ដែលបានប្តឹងសុំផ្លាស់ប្តូរ លោក អ៊ុក សំអុល ចេញ​ពី​អភិបាលក្រុងបានលុងនេះ ត្រូវបានដាក់ចូលដល់រដ្ឋសភា និងព្រឹទ្ធិសភា តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។ ក្នុង​រយៈ​ពេលជិតមួយខែមកនេះ តាមការបញ្ជាក់ របស់លោក ប៊ូ ឡាំ ហាក់បង្ហាញថា ស្ថាប័នទាំងពីរ មិនធ្វើការដោះស្រាយ ចំពោះ​ពាក្យបណ្តឹង របស់ប្រជាពលរដ្ឋទាំងនោះឡើយ។

នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ប៊ូ ឡាំ បានថ្លែងដោយភាពចំអក យ៉ាងដូច្នេះថា៖ «នៅទេៗ មិនមានការឆ្លើយតបទេ។ ខ្ញុំបានតែត្រឹម បង់សំណាញ់បានត្រីទេ ឯរឿងធ្វើម្ហូប ទុកឲ្យរដ្ឋាភិបាល គេចង់ហូបអី ធ្វើទៅ ធ្វើ​ខ្លួន​ឯងទៅ។»

លោកតំណាងរាស្ត្រ បានពន្យល់ថា ក្រោយពីបានទទួលពាក្យបណ្តឹង ពីប្រជាពលរដ្ឋ លោកបានបញ្ជូនទៅកាន់​ស្ថាប័ន​រដ្ឋសភា និងព្រឹទ្ធិសភា ជាស្ថាប័នជំនាញ រួចរាល់ហើយ។ ដូច្នេះលោកមិនអាច នឹងមានវិធានការណាផ្សេងទៀតទេ ក្រៅ​ពី​រង់​ចាំមើល ពីចំណាច់ការ ថាតើមន្រ្តីជំនាញ ដោះស្រាយយ៉ាងណាតែប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយ នៅក្នុងករណីនេះ លោក​ក៏នឹង«មិន»ស្នើលិខិត ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យផ្លាស់ប្តូរលោក អភិបាលក្រុងបានលុង នោះដែរ។

នីតិវិធីនៃការស្នើលិខិត ទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរឿងខាងលើនេះ ត្រូវបានលោកធ្វើការបដិសេធ ដោយសំអាង​ថា លោកមិនមែនជាមន្រ្តី ក្នុងក្របខ័ណ្ឌរដ្ឋឡើយ។ លោកបន្តថា លោកជាតំណាងរាស្រ្ត និងត្រូវស្ថិតក្រោមការគ្រប់គ្រង ដោយ​រដ្ឋសភា។ លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនមែនចៅហ្វាយខេត្ត មិនមែនចៅហ្វាយក្រុងទេ។ ខ្ញុំនៅក្រោមការដឹកនាំ​របស់​សភា ខ្ញុំដាក់ទៅសភា។ ណ្នឹង ទៅតាមឋានានុក្រម តាមបទបទបញ្ជាផ្ទៃក្នុងរបស់សភា។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចសុំប្រតិកម្ម តបពីលោក អ៊ុក សំអុល អភិបាលក្រុងបានលុង នៃខេត្តរតនគីរី លោក ថង សាវុន អភិបាលខេត្តរតនគីរី និងលោក លី សាវុធ មន្ត្រីនាំពាក្យព្រឹទ្ធសភា បាននៅឡើយទេ ដោយទូរស័ព្ទរបស់អស់​លោក​ទាំងនេះ មិនអាចភ្ជាប់ទំនាក់ទំនងបាន។

ប៉ុន្តែបញ្ហាខាងលើ ត្រូវបានលោក ឆាយ ធី មន្រ្តីសិទ្ធិមនុស្ស របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនៈគីរី បញ្ជាក់ថា ព្រោះតែមានអាជីវករ និងប្រជាពលរដ្ឋមួយចំនួន នៃក្រុងបានលុង មិនសម្បាយចិត្ត ចំពោះការរៀបចំផ្សារកាល​ពី​ខែមុន (មេសា)។ ក្រោយមក ក៏មានការស្នើសុំ ដកលោក អ៊ុក សំអុល ចេញពីអិភីបាលក្រុងតែម្តង។ លោកបានបញ្ជាក់ ពី​មូលហេតុ​ទៀតថា៖ «អភិបាលក្រុងឡើងថ្មី ក្នុងរយៈពេលមួយឆ្នាំនេះ មានប្រជាពលរដ្ឋជាច្រើន គាត់មិនសប្បាយចិត្ត។ (...) ដូចជាប្រជាពលរដ្ឋ នៅក្នុងផ្សារ (បានលុង) ក្តី ឃើញគាត់ធ្វើឲ្យមានការប៉ះពាល់ ជាមួយប្រធានផ្សារបានលុងផង ជាមួយ​ប្រជាពលរដ្ឋក្នុងផ្សារផង និងក៏ដូចជាប្រជាពលរដ្ឋ ក្នុងក្រុងផង។»

ដោយឡែកលោក ឡុង រី អនុប្រធានគណកម្មការទី៤ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បានធ្វើការសន្និដ្ឋានថា នេះ អាចជារឿងផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ច្រើនជាង។ បើករណីនេះ លោកថា មិនមែនជាចំណាត់ការ របស់​គណកម្មការ​ទី៤ នៃរដ្ឋសភាទេ។ លោក ឡុង រី បានថ្លែងឲ្យដឹងថា៖ «ទីមួយ អាចទាក់ទង នឹងផ្ទៃក្នុងគណបក្ស (ប្រជាជន​កម្ពុជា)។ ទីពីរ គណកម្មការមិនធ្វើការអង្កេត ទាក់ទងនឹងរឿងមុខងារ និងតួនាទីទេ។ (...) ចឹងខ្ញុំមិនបានដឹង ពីដំណោះ​ស្រាយ​ផ្ទៃ​ក្នុង បែបយ៉ាងណាទេ។ (...) យើងធ្វើការទូទៅ តែទៅលើកងកម្លាំងប្រដាប់អាវុធ ប៉ូលីស ទាហាន មុខងារ​សាធារណៈ​ប៉ុណ្ណោះ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments