ព្រះ​តេជគុណ សឺន ហាយ កកាយ​រឿង​ពុក​រលួយ​ជា​«ប្រព័ន្ធ»​ក្នុង​ពន្ធនាគារ?

ព្រះសង្ឃខ្មែរក្រោម ចំនួនបីព្រះអង្គ ដែលបានជាប់ពន្ធនាគារ អស់រយៈពេល ជិតកន្លះឆ្នាំ បានបរិយាយ ពីភាពខិលខូច នៃ​មន្រ្តី​គ្រប់​គ្រង​ពន្ធនាគារ មួយ​ចំនួន ដែល​ជំរិត​ទារ​ប្រាក់ ពីអ្នកទោស ដោយគ្មានច្បាប់ទម្លាប់ ដោយមានលក្ខណៈជាប្រព័ន្ធ។

ពន្ធនាគារ នៅក្នុងប្រទេសកម្ពុជា មិនត្រឹមជាកន្លែងឃុំខ្លួន ឧក្រិដ្ឋជន ឬអ្នកប្រឆាំងប៉ុណ្ណោះទេ តែក៏ជាកន្លែងដ៏«ខ្លាញ់»មួយ សម្រាប់មន្ត្រី ឆ្មាំពន្ធនាគារមួយចំនួនដែរ។ ការប្រព្រឹត្តិនូវទង្វើ ដែលអ្នកផងបានចោទថា ជាអំពើពុករលួយ ក្នុងពន្ធនាគារ​នេះ ត្រូវបានអះអាងទៀតថា មានលក្ខណៈជាប្រព័ន្ធ យ៉ាងប្រទាក់ក្រឡាគ្នា។

អតីតអ្នកជាប់ឃុំ នៅមន្ទីរកែប្រែម១ ព្រៃស ព្រះតេជគុណ សឺន ហាយ បានមានសង្ឃដីការ បិរហាពីការប្រព្រឹត្តិ​អំពើ​ពុក​រលួយ នៅក្នុងពន្ធនាគារនេះ ថា ព្រះអង្គ ត្រូវបានមន្រ្តី ឬឆ្មាំពន្ធនាគារម១ ព្រៃសរ កំណត់ឲ្យបង់ប្រាក់ប្រចាំខែ សម្រាប់​ការ​ស្នាក់នៅ និងប្រើប្រាស់ទឹកក្នុងពន្ធនាគារ។ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១០ ខែឧសភានេះ ព្រះសង្ឃ សឺន ហាយ បានលើកឡើងថា ក្នុងមនុស្សម្នាក់ ត្រូវចាំបាច់បង់ប្រាក់សរុប ចំនួន៤៦០០០រៀល ក្នុងនោះ សម្រាប់ការប្រើប្រាស់កង្ហារ ចំនួន ៤៥០០០រៀល និងទឹក១០០០រៀល។

ព្រះតេជព្រះគុណ សឺន ហាយ បានមានសង្ឃដីកាថា ជាងប្រាំខែក្នុងពន្ធនាគារនេះ បានចាត់ទុកថា ពន្ធនាគារនៅកម្ពុជា​ ជា​កន្លែងសម្រាប់កែប្រែមនុស្ស«ល្អ» ឲ្យទៅជាមនុស្ស«អាក្រក់» ដែលការណ៍នេះ បានផ្ទុយទៅនឹងគោលការណ៍ច្បាប់។ ព្រះ​អង្គ​បន្តថា៖ «គុកព្រៃស ជាឋាននរកភ្នែកស្រស់ សម្រាប់អ្នកទោស។ (…) ភាពពុករលួយ ភាពកង្វះអនាម័យ ការកេងប្រវ័ញ្ច​លើអ្នកទោស ភាពមិនប្រក្រតី ការយកអ្នកទោស ដែលស្នេហាជាតិ ភាពអយុត្តិធម៌ កំពុងតែកើតមានឡើង លើអ្នកទោស។ (…) មិនដឹងជានរណា តម្រូវឲ្យបង់ទេ ប៉ុន្តែជាក់ស្តែងប្រធានបន្ទប់ ដែលមើលការខុសត្រូវ ក្នុងបន្ទប់អប់រំហ្នឹង ដល់ខែដឹង​តែ​គេ​ដើរប្រមូល យកលុយតែម្តង។»។

ព្រះអង្គនៅបង្ហាញ ពីការរៀបភាពមិនប្រក្រតីមួយចំនួនទៀត ដែលជាដើមចម នៃអំពើពុករលួយ ។ បញ្ហាហេដ្ឋារចនា​សម្ព័ន្ធ​ខាងក្នុង ដោយមិនមានការត្រួតពិនិត្យ លើបរិដ្ឋាន និងសុខភាពជាដើម។ ក្នុងនោះរួមមានភាពលំបាក ក្នុងការរស់នៅ តាម​រយៈ​បន្ទប់ចង្អៀត អ្នកទោសច្រើន និងគ្មានអនាម័យ រួមទាំងបរិស្ថានជុំវិញមិនល្អជាដើម។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មតប ពីលោក ស្រ៊ុន លាង ប្រធានពន្ធនាគារព្រៃស ម១ ចំពោះការចោទ​ប្រកាន់ ខាងលើបានឡើយ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ របាយការណ៍របស់អង្កការ ការពារសិទ្ធិមនុស្ស លីកាដូ ចុះថ្ងៃ​ទី​២០ ខែមករា ឆ្នាំ២០១៥ ធ្លាប់បានលើកឡើងថា ជីវិតអ្នកទោស ក្នុងពន្ធនាគារនៃប្រទេសកម្ពុជា ពិតជារងនូវការរំលោភ​បំពាន ផ្នែកសិទ្ធិមនុស្ស ការរើសអើងនានា ការកេងប្រវ័ញ្ច និងអំពើពុករលួយ ដែលមានលក្ខណៈជាប្រព័ន្ធ។

សូមរំលឹកថា ព្រះតេជគុណ សឺន ហាយ រួមនឹង ព្រះតេជគុណ ឃិត វណ្ណៈ, ព្រះតេជគុណ ថាច់ សាង បានជាប់ពន្ធនាគារ​មួយរយៈពេល ក្នុងបទចោទផ្សេងៗគ្នា បន្ទាប់ពីព្រះសង្ឃទាំងបីអង្គ ត្រូវបានចាប់ផ្សិកទាំងបង្ខំ និងតក់ក្រហល់ តាំងពី ក្នុង​អំឡុង​ខែវិច្ឆកា ឆ្នាំ២០១៤កន្លងមក។ ប៉ុន្តែនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ព្រះសង្ឃខ្មែរកម្ពុជាក្រោមទាំងបីអង្គនេះ ត្រូវ​បាន​សាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យស្ថិតនៅក្រៅឃុំ ជាបណ្តោះអាសន្នវិញ រហូតមកដល់ថ្ងៃនេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments