មួរ សុខហួរ បង្រៀន​តុលាការ​ពី «អភ័យ​ឯកសិទ្ធិ​សភា»

អ្វីជាអភ័យឯកសិទ្ធិសភា? តាមរដ្ឋធម្មនុញ្ញ តើនីតិវិធី នៃការកោះហៅតំណាងរាស្រ្ត ដែលមានអភ័យឯកសិទ្ធិសភា ត្រូវ​​ធ្វើ​យ៉ាង​ណា? បើតាម ការអះអាងរបស់អ្នកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលបាត់ដំបង បាន​ឲ្យ​ដឹង​ថា លោក​ចៅក្រម​សាលា​ដំបូង​រាជធានី កំពុង​ធ្វើ​«ផ្ទុយ»​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលបាត់ដំបង អ្នកស្រី មូរ សុខហួរ បានអះអាងថា អ្នកស្រីបានចោទសួរ ទៅ​កាន់​តុលាការ ឬលោកចៅក្រម ជុំវិញករណី នៃការកោះហៅ សមាជិករដ្ឋសភា ទាំងមានអភ័យឯកសិទ្ធិសភា របស់តុលការ។ ប៉ុន្តែ​អ្នកស្រី មិនមានចម្លើយតបវិញ ពីលោកចៅក្រម នូវសំនួរដែលបាន ចោទសួរនោះឡើយ។

បន្ទាប់ពីចេញ ពីសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែឧសភានេះ អ្នកស្រី មូរ សុខហួរ បានបញ្ជាក់ប្រាប់ អ្នក​សារព័ត៌មានថា អ្នកស្រីបានស្នើករណី របស់អ្នកស្រីនេះ  ជាយុត្តិសាស្រ្ត ក្នុងការជម្រុញ ឲ្យតុលាការគោរពរដ្ឋធម្មនុញ្ញ ដែល​ជាច្បាប់កំពូលរបស់ជាតិ។ អ្នកស្រីបានលើកឡើងថា៖ «សូមឲ្យមានការទទួលយក និងអនុវត្ត នូវរដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ (….) នីតិវិធីលើការកោះហៅ អ្នកតំណាងរាស្ត្រ ត្រូវតែមានការសម្រេចរបស់ (សមាជិក) រដ្ឋសភា យ៉ាងតិចណាស់ ២ភាគ៣ នៃសំឡេង (សមាជិក) រដ្ឋសភាទាំងមូល។ (…) ខ្ញុំបានសួរហើយ តែ​តុលាការ​បានឆ្លើយមកវិញថា គាត់មិនបកស្រាយទេ សំណួរហ្នឹង!» ។

អ្នកស្រីថា នឹងមិនអាចទទួលយកបានទេ ចំពោះការចោទប្រកាន់ របស់តុលាការ នាពេលកន្លងមក ទាក់ទង​នឹង​ការ​ប៉ះ​ទង្គិច​គ្នា ដោយអំពើ«ហិង្សា» នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងមកនេះ។ យ៉ាងណា​ក៏​ដោយ អ្នកតំណាងរាស្រ្ត ក្នុងអភ័យឯកសិទ្ធិសភារូបនេះ នៅតែបង្ហាញពីជំហររបស់ខ្លួនថា នឹងចូលបំភ្លឺតាមការកោះហៅ របស់​តុលាការគ្រប់នីតិវិធី ព្រោះអ្នកស្រីនឹងស្វែងរក ការបកស្រាយមួយ ដោយច្បាស់លាស់ ពីសំណាក់តុលាការ នូវករណី​នៃ​ការ​ចោទប្រកាន់ខាងលើនោះ។

មន្រ្តីឃ្លាំមើលការអនុវត្តច្បាប់ និងសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត បានធ្វើការពន្យល់ថា សម្រាប់តុលាការ​កម្ពុជា ដែលគេមើលឃើញថា ជាតុលាការ«មិនឯករាជ្យ»នោះ វានឹងមានអ្វីចំឡែកឡើយ ក្នុងការកោះហៅតំណាងរាស្រ្ត ក្នុងអភ័យឯកសិទ្ធិនេះ។ មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា៖ «តុលាការមិនទាន់មានភាពឯករាជ្យ។ ស្ថិត​ក្រោយ​សម្ពាធ នៃអ្នកនយោបាយ អញ្ចឹងបានយើងសង្គមស៊ីវិល មើលឃើញថា ការកោះហៅតំណាងរាស្ត្រ ទោះបីជាមាន​អភ័យ​ឯក​សិទ្ធិ ឬមិនមានអភ័យឯកសិទ្ធិ “មិនមានការចំឡែក” ទេ។ ពីព្រោះ បើយើងអនុវត្តទៅតាមយុត្ថាធិការ នៃប្រព័ន្ធយុត្តិធម៌ ទៅតាមអំណាចនៃតុលាការ អាហ្នឹងគេត្រូវគិតគូរអំពី “អភ័យឯកសិទ្ធិ របស់រដ្ឋសភា” ហើយ។» ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅមិនអាចស្វែងរកប្រតិកម្ម ពីចៅក្រមស៊ើបសួរ ព្រះរាជអាជ្ញា និងមេធាវីពាក់ព័ន្ធ ក្នុងរឿងនេះ បាននៅឡើយ។

សូមរំលឹកថា អ្នកស្រី មួរ សុខហួរ ជាតំណាងរាស្រ្តម្នាក់ ក្នុងចំណោមតំណាងរាស្រ្តចំនួនប្រាំពីរនាក់ ដែលសាលា​ដំបូង​រាជធានី​ភ្នំពេញ បានធ្វើការកោះហៅ សាកសួរពាក់ព័ន្ធនឹងរឿងបាតុកម្ម អមដោយហិង្សា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៤ នៅស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ។ ភ្លាមៗនោះ យ៉ាងហោចណាស់ (កាលនោះ នៅជាបេក្ខជនជាប់ឆ្នោត) តំណាងរាស្រ្ត៧នាក់ នៃគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់បញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ហើយ​ត្រូវបានដោះលែងមកវិញ ក្រោមកិច្ចព្រមព្រៀង បញ្ចប់ជម្លោះផ្នែកនយោបាយ នៅប្រាំថ្ងៃបន្ទាប់មក គឺថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments