កីឡាករ​បាល់​ទាត់ បោក​ក្បាល​ប្រេះ​លលាដ៏​ពីរ​កន្លែង ក្នុង​ពេល​ប្រកួត

ដោយរងការច្រាន ពីកីឡាករម្ខាងទៀត កីឡាករជាតិអាហ្សង់ទីនមួយរូប បានបោកក្បាល ទៅនឹងជញ្ជាងមួយទំហឹង កាល​ពី​ដើម​សប្ដាហ៍​នេះ។ នៅមន្ទីរពេទ្យ កីឡាកររងគ្រោះ ត្រូវធ្វើការវះកាត់ ជាបន្ទាន់ ពីមុខរបួសរបស់ខ្លួន៖ «ប្រេះលលាដ៏ក្បាល ពីរកន្លែង»។
កីឡាកររងគ្រោះ ប្រេះលលាដ៏ក្បាល ពីរកន្លែង បន្ទាប់ពីរងគ្រោះ ព្រោះការច្រានពីកីឡាករម្ខាងទៀត។

ការប៉ះទង្គិច ដោយសារការប្រជែងបាល់គ្នា រវាងកីឡាករទាំងសងខាង នៅក្នុងការប្រកួតបាល់ទាត់ តែងតែកើតមានឡើង មិនលែងឡើយ។ ទាស់តែ នៅក្នុងការប្រកួតលើកនេះ ជញ្ជាំងថ្មមួយ បានស្ថិតនៅជាប់បង្កើយ នឹងទីលានប្រកួត ដោយ​ទុក​ចន្លោះ ប្រមាណជា១ម៉ែត្រប៉ុណ្ណោះ ពីខ្សែបាល់ចេញ។ អញ្ចឹង ប្រសិនបើមាន ការរុញច្រានគ្នាតែបន្តិច ហេតុការណ៍ទៅប៉ះ​នឹង​ជញ្ជាំងថ្មនេះ អាចនឹងក្លាយជាគ្រោះអាសន្នធំ។

នេះជាហេតុការណ៍ ដែលបានកើតឡើង នៅក្នុងការប្រកួតមួយ កាលពីថ្ងៃចន្ទសប្ដាហ៍មុន រវាងក្រុមបាល់ទាត់ San Martín Burzaco និងក្រុម Juventud Unida ក្នុងប្រទេសអាហ្សង់ទីន។ កីឡាករ Emanuel Ortega បានរងគ្រោះ ពីការ​ច្រាន​របស់​កីឡាករគូប្រជែង ហើយដួលពេញមួយទំហឹង ដោយបោកក្បាលទៅលើ ជញ្ជាំងបេតុង ដែលដាក់ខណ្ឌចែក ទីលាន​ប្រកួត។

បន្ទាប់ពីបានទៅដល់មន្ទីរពេទ្យ Buenos Aires កីឡាករ Emanuel Ortega ដែលមានអាយុ២១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើ​ការ​វះកាត់ កាលពីថ្ងៃពុធ ក្នុងសប្ដាហ៍ដដែល ដោយប្រើរយៈពេល ដល់ទៅ៣ម៉ោង ទៅលើមុខរបួស ប្រេះលលាដ៏ក្បាល ពីរ​កន្លែង។ គ្រូពេទ្យ បានវាយតម្លៃ លើរបួសរបស់កីឡាករ ថាមានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែមកទល់នឹងពេលនេះ ស្ថានភាព​របស់​កីឡាករ មានលក្ខណៈនឹងនរ ជាធម្មតានៅឡើយទេ រហូតមកដល់ពេលនេះ៕

-----------------------------------

ប៉ុន្តែដំណឹងបន្ថែមចុងក្រោយ នៅថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែឧសភា បានប្រកាសពីមរណភាពរបស់កីឡាករ ហើយបង្កឲ្យ​ពិភព​បាល់ទាត់ នៃប្រទេសអាហ្សង់ទីន ធ្លាក់ក្នុងសភាពក្រៀមក្រំ ដ៏ធ្ងន់ធ្ងរ មិនដែលធ្លាប់ជួបក្នុងពេលកន្លងមក។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments