ត្រាំ អ៊ីវតឹក៖ ២០១៥ ត​ភ្ជាប់​ផ្លូវ​ទឹក​ពាណិជ្ជកម្ម កម្ពុជា​-វៀតណាម

រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងដឹកជញ្ជូន អះអាងថា ផ្លូវទឹកពាណិជ្ជកម្មដ៏ធំ រវាងកម្ពុជា-វៀតណាម នឹងត្រូវតភ្ជាប់ នា​ពេល​ឆាប់ៗ​ខាង​មុខ។ នេះជាផ្លូវទឹកទីមួយ មានលក្ខណៈអន្តរជាតិ ផ្នែក​ពាណិជ្ជកម្ម តាម​រយៈ​ការ​ដឹកជញ្ជូនទំនិញ និងផលិតផលនានា ពី​បណ្តា​ប្រទេស​ទីបី ឆ្លង​កាត់​សមុទ្រ​វៀតណាម នឹងចូលមកដល់រាជធានីភ្នំពេញ។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា ផ្លូវទឹកអន្តរជាតិកម្ពុជា-វៀតណាម ដែល​ជា​មធ្យោបាយ ដឹកជញ្ជូនមួយ ដែលមានតម្លៃ«ឈ្នួល»ថោក ជាងការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងផ្លូវអាកាសនោះ នឹង​ត្រូវបង្កើតឡើងក្នុងឆ្នាំ២០១៥នេះ។

ថ្លែងក្នុងសិក្ខាសាលាមួយ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥នេះ លោករដ្ឋមន្រ្តីបាន​អះ​អាងទៀតថា ក្រៅពីបង្កើត មធ្យោបាយដឹកជញ្ជូន តាមផ្លូវទឹកកម្ពុជា-វៀតណាមនេះ លោកក៏នៅចង់ ឲ្យការប្រើប្រាស់​«កំពង់​ផែភ្នំពេញ» មានភាពកាន់តែទាក់ទាញ និងប្រើប្រាស់ ការដឹកជញ្ជូនដោយផ្ទាល់ នូវទំនិញពីបរទេស ចូលមកក្នុង​រាជធានី​តែម្តង។

យ៉ាងណា ចំពោះបញ្ហា នៃការបង្កើតផ្លូវទឹកពាណិជ្ជកម្មនេះ ក្រុមការងាររបស់ក្រសួង នៅមិនទាន់សម្រេចថា ត្រូវ​ជ្រើស​រើស​ផ្លូវទឹកណាមួយនៅឡើយ។ លោកត្រាំ អ៊ីវតឹក បានបញ្ជាក់ថា ព្រោះផ្លូវទឹកកម្ពុជាមានពីរ មួយជាផ្លូវទឹក តាមទន្លេ​មេគង្គ (ក្រោម) និងផ្លូវទឹកតាមទន្លេបាសាក់។ ឯការសម្រេចចិត្តថា តើត្រូវជ្រើសរើសផ្លូវណាមួយនោះ ក៏នៅមិនទាន់ មាន​ការ​សម្រេច​ចិត្ត ច្បាស់លាស់នៅឡើយ ដោយរង់ចាំវេលាសម្រាប់សិក្សា ពិភាក្សា និងសម្រេចនាពេលក្រោយទៀត។

ចំពោះផលចំណេញ ចេញ-ចូល តាមផ្លូវទឹកនេះថា ត្រូវបានលោករដ្ឋមន្ត្រី បកស្រាយថា ការដឹកជញ្ជូនពាណិជ្ជកម្ម ដោយ​ផ្ទាល់ ពីប្រទេសទីបី ឆ្លងកាត់ចូលមកដល់ភ្នំពេញ និងមានតម្លៃថោក។ លោកបានបញ្ជាក់ថា៖ «ដើម្បីដឹកជញ្ជូនទំនិញ ពី​ប្រទេស​វៀតណាមក្តី ពីប្រទេសទី៣ ចូលមកភ្នំពេញ ដូចជាពីបណ្តាប្រទេសចិន ស៊ីងហ្គាពួ ពីអឺរ៉ុបជាដើម។ យើងត្រូវការ ឲ្យ​កប៉ាល់ទាំងនោះ ចូលមកដល់ភ្នំពេញ ហើយមានតម្លៃថោក។ (...) អាចឲ្យកប៉ាល់ ពីសមុទ្រវៀតណាម ចូលមកដល់​ភ្នំពេញ​តែម្តង។»

យ៉ាងណាលោកអះអាងថា បញ្ហានេះ នៅតាមដាន សហការ និងសិក្សាជាបន្តទៀត ជាមួយក្រុមហ៊ុនរបស់ប្រទេសជប៉ុន ដែលបានជំនួយ ក្នុងផ្នែកខាងផ្លូវទឹកនេះ។ លោកនៅមិនទាន់បង្ហាញ ពីលទ្ធផល ឬទិន្ន័យជាផ្លូវការ បីគម្រោង នៃការ​ត​ភ្ជាប់​ផ្លូវទឹកពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាមនៅឡើយ ដោយរង់ចាំមើល ពីរបាយការដែលនឹងកំពុង បន្តសិក្សា ដោយ​ក្រុមហ៊ុន​នៃ​ប្រទេសជប៉ុន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments