បែក​ធ្លាយ​ថា ម៉ានី ផាកហ្គីអៅ មាន​របួស​លើ​ស្មារ​ខាង​ស្ដាំ មុន​ប្រកួត

«នៅមុនការប្រកួត កីឡាករជាតិហ្វីលីពី មានរបួសស្មារ» ត្រូវបានទម្លាយ នៅមួយថ្ងៃបន្ទាប់ពី បរាជ័យរបស់ ម៉ានី ផាកហ្គីអៅ (Manny Pacquiao) នៅក្នុងការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» ជាមួយនឹងកីឡាការអាមេរិក ផ្លាយ ម៉ាយវេដ័រ (Floyd Mayweather) កាលពីយប់ថ្ងៃសៅរ៍។

ប្រភពជាច្រើន នៅជុំវិញ កីឡាការមកពីប្រទេសអាស៊ី ម៉ានី ផាកហ្គីអៅ បានថ្លែងឲ្យបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានសម្រាក អស់រយៈពេល ពីរសប្ដាហ៍ និងទទួលការចាក់ថ្នាំ ប្រឆាំងការឈឺចាប់ ជាប្រចាំ (ថ្នាំនេះ ត្រូវមានការយល់ព្រម ពីទីភ្នាក់ងារ អាមេរិក) នោះមក ស្ថានភាពស្មារខាងស្ដាំង របស់កីឡាករ «Pacman» មិនមានសភាពប្រសើរឡើងនោះទេ។ ប៉ុន្តែ បើ​ទោះ​ជាបែបនេះក៏ដោយ ក៏កីឡាករយើង នៅតែចូលទៅទីកន្លែងហ្វឹកហាត់ ដើម្បីរៀបចំចូលប្រកួត ជាមួយ ផ្លាយ ម៉ាយវេដ័រ។

ហេតុការណ៍មួយទៀត ដែលសំខាន់ ហើយដែលត្រូវបាន គណៈកម្មការប្រដាល់ នៅ ណេវ៉ាដា (Nevada) ដឹងលឺដែរនោះ គឺការឈឺចាប់ បានកើតឡើង នៅប៉ុន្មានម៉ោង មុនការប្រកួតចាប់ផ្ដើម នៅក្រុង ឡាសវេហ្គាស។ ផាកហ្គីអៅ បានសុំ​ការ​អនុញ្ញាត ដើម្បីចាក់ថ្នាំបំបាក់ការឈឺចាប់នេះ នៅពេលមកដល់មហាសាល «MGM Grand Arena» នៃការប្រកួត ប៉ុន្តែ​ត្រូវ​បាន​គណៈកម្មការខាងលើ បដិសេធ។

លោក បប់ អេរាម (Bob Arum) អ្នកឧបត្ថម្ភ និងលោក ហ្វ្រេឌី រ័ឆ (Freddie Roach) គ្រូបង្ហាត់ រួមនឹងកីឡាករ ផាកហ្គីអៅ ខ្លួនឯងផង មិនបានគិតដល់ ពីការលប់ចោល នូវការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» នេះទេ។ ការលប់ចោល​ការ​​ប្រកួត​ណាមួយ អាចប៉ះពាល់ទៅដល់ទឹកប្រាក់ រាប់លានដុល្លា ដែលមិនអាចឲ្យពួកគេ ដកថយដូច្នេះឡើយ។ លោក អេរាម បាន​ថ្លែងថា៖ «យើងបានជឿជាក់ថា ការព្យាបាលដែលយើងបានធ្វើ ទៅលើស្មារខាងស្តាំរបស់ ផាកហ្គីអៅ នៅ​ក្នុង​រយៈកាល នៃការ​សម្រាក​កន្លងមក វាគ្រប់គ្រាន់ដើម្បីឲ្យ ផាកហ្គីអៅ អាចប្រើដៃស្ដាំបាន ក្នុងការប្រកួត»។

ប្រសិនបើរបួសនេះ បានរើឡើងវិញមែន កីឡាករជាតិហ្វីលីពីនរួបនេះ នឹងត្រូវបានសម្រាកពីសៃវៀនប្រដាល់ យ៉ាងហោច​៩ខែ។ ការប្រកួតកាលពីថ្ងៃសៅរ៍ ក៏ត្រូវបានកីឡាករ ផាកហ្គីអៅ ក៏បានពន្យល់ នៅក្នុងសន្និសីទសារព័ត៌មាន​ដែរថា ខ្លួន​ពិបាកនឹងប្រើដៃស្ដាំ ចាប់ពីទឹកទី៣មក។ ហេតុដូច្នេះហើយ ទើបនឹងលទ្ធផលនៃការប្រកួត បានបង្ហាញពី​ប្រសិទ្ធភាព នៃ​ការ​វាយ​ចេញ ដែលមានប្រសិទ្ធិភាព មានតួលេខត្រឹមតែ ៩% (១៨ដៃមានប្រសិទ្ធិភាព ក្នុងចំណោម១៩៣ដៃ វ៉ៃចេញ) ប៉ុណ្ណោះ។

ផាកហ្គីអៅ បានថ្លែងថា៖ «មានកណ្ដាប់ដៃជាច្រើន ដែលខ្ញុំមិនអាចប្រើចេញ ដើម្បីវាយគូប្រកួត។ ប៉ុន្តែខ្ញុំបានធ្វើ ពីអ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ ហើយខ្ញុំមិនចង់ប្រើប្រាស់ ករណីរបួសនេះ មកបិទបាំង បរាជ័យរបស់ខ្ញុំនោះឡើយ។» កីឡាករបាននិយាយថា៖ «ការរបួស នៅក្នុងកីឡា ជារឿងធម្មតា»។

ការលើកឡើង របស់កីឡាករ ផាកហ្គីអៅ មិនត្រូវបានស្វាគមន៍ ពីសំណាក់កីឡាករ ផ្លយ វ៉ាយវេដ័រ ឡើយ ដោយកីឡាករ​អាមេរិក​រូបនេះ នៅតែយល់ថា នេះជាភាសា«លេស» ដើម្បីជួយបន្ធូរបន្ទុក នៃបរាជ័យ របស់កីឡាកជាតិហ្វីលីពីន។ កីឡាករ ម៉ាយវេដ័រ បានថ្លែងឡើងថា៖ «គ្រប់កីឡាករប្រដាល់ទាំងអស់ សុទ្ធតែត្រូវឡើងវ៉ៃ ជាមួយរបួស។ ខ្ញុំក៏អញ្ចឹងដែរ ខ្ញុំ​មាន​ការ​ឈឺចុកចាប់ នៅត្រង់បាតដៃ និងបាតដៃទាំងពីរ។ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំត្រូវតែឡើង ទៅលើសៃវៀន។»

ម៉ាយវេដ័រ ឆ្លៀត​ស៊ក​សៀត​ឲ្យ ផាកហ្គីអៅ ថា៖ «ខ្ញុំមិនដឹងថា តើ ផាកហ្គីអៅ នឹងនិយាយពាក្យអស់នេះឬទេ បើសិនជា​បាន​ឈ្នះ​វិញ​នោះ?»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments