«អាជ្ញាធរ​អប្សរា មិន​បាន​លក់​ដូរ​បូរាណ​វត្ថុ​​ក្នុង​តំបន់​អង្គរ​ទេ»

ពាក្យចចាមរាម ដែលបានផ្សព្វផ្សាយ បន្តៗគ្នាថា អាជ្ញាជរអប្សរា បានលក់ដូរ វត្ថុមានតម្លៃ នៅក្នុងតំបន់អង្គរ និង​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ក្នុងការអភិរក្ស វត្ថុបុរាណទាំងនោះ ជាមរតកជាតិខ្មែរនោះ ត្រូវបានអ្នកនាំពាក្យអាជ្ញាធរអប្សរា បដិសេធថា មិនមានដូចអ្វី ដែលគេល្បីនោះទេ។
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 29, 2015
  • ប្រធានបទ: បេតិកភ័ណ្ឌ
  • អាន និងបញ្ចេញយោបល់

អាជ្ញាធរអប្សរាមិនបានដាក់គោលការណ៍ ឬ គម្រោងណាមួយ ដើម្បីបំផ្លិចបំផ្លាញ តំបន់អង្គរ ដែលជាព្រលឹង​ជាតិខ្មែរ​នោះ​ទេ គឺមានតែគោលការណ៍អភិរក្ស និងកែលំអរ តាមការសិក្សារបស់អ្នកជំនាញច្បាស់លាស់ មិនមានដូចជាអ្វី ដែលអ្នក​មិន​បានយល់ច្បាស់ពីអង្គរ និយាយនោះទេ។ នេះជាការថ្លែងអះអាង របស់អ្នកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរ​ជាតិ​អប្សរា ប្រតិកម្មទៅនឹង ពាក្យចចាមអារាមមួយចំនួន ក្នុងពេលកន្លងមកថ្មីៗ ដែលចោទអាជ្ញាធរជាតិមួយនេះ ថាបានលក់​ដូរ វត្ថុមានតម្លៃ នៅក្នុងតំបន់អង្គរ និងមិនបានយកចិត្តទុកដាក់ ក្នុងការអភិរក្ស វត្ថុបុរាណទាំងនោះ ជាមរតកជាតិខ្មែរ។

នៅក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ ជាមួយនឹងទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលថ្ងៃទ២៨ ខែមេសា ឆ្នាំ២០១៥ អ្នកស្រី ចៅ ស៊ុនកិរិយា បានពន្យល់ថា ចំពោះកំណាយ ដែលបានរកឃើញ កាលពីឆ្នាំ២០១២ នៅប្រាសាទតាព្រហ្ម ជាវត្ថុមានតម្លៃ ក្នុង​នោះមានដូចជា ម្កុដ ឬភ្នួងសក់ធ្វើពីមាស មិនមានបាត់បង់ទៅណាទាំងអស់ គ្រាន់តែអាជ្ញាធរអប្សរា មិនបានដាក់​បង្ហាញ ជាសារធារណៈប៉ុណ្ណោះ គឺធ្វើការក្សាទុក នៅកន្លែងមានសុវត្តិភាព។

អ្នកស្រីបញ្ជាក់ថា ដោយសារតែ​បុគ្គលមួយ​ចំនួន មិនបានឃើញរបស់ទាំងនោះ ទើបបាននាំគ្នាបំផុសបំផុលព័ត៌មាន ថា​អាជ្ញាធរអប្សរា បានលក់ទៅឲ្យប្រទេស​ជិត​ខាង។ តែក្នុងនាមអ្នកស្រី ជាអ្នកនាំពាក្យអាជ្ញាធរអប្សរាម្នាក់ អ្នកស្រីសូម​ឲ្យ​អ្នក​ទាំងនោះមេត្តា ពិចារណាឲ្យបានច្បាស់ មុននឹងជឿអ្វីមួយ ដែលមិនមែនជាការពិត។

អ្នកនាំពាក្យ បានប្រាប់ឲ្យដឹងទៀតថា វត្ថុដ៏មានតម្លៃទាំងនោះ ធ្លាប់បានដាក់ពិពណ៍ដោយសេរីម្តង រួចមកហើយ កាលពី​ឆ្នាំ២០១២ នៅក្នុងកម្មវិធីបុណ្យចំរើនព្រះជន្ម នៅវាលព្រះមេរុ៍ នៅរាជធានីភ្នំពេញ ក្នុងនោះមានទាំងព្រះមហាក្សត្រ និង​នាយក​រដ្ឋមន្ត្រី ក៏ដូចជាមហាជន បានទស្សនាដោយសេរី។ តែដោយសារមានការពិភាក្សា និងការព្រួយបារម្ភ ពីជនខិល​ខូច​មួយចំនួន អាជ្ញាធរមិនបានដាក់បង្ហាញ ជាសារធារណៈទេ គឺទុកសម្រាប់ ពេលមានពិធីបុណ្យទានធំៗ នៅក្នុង​ប្រទេស។

បុគ្គលិកមួយរូបទៀត ដែលធ្វើការនៅក្នុងអាជ្ញាធរអប្សរាដែរ បានថ្លែងប្រាប់ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា រូប​លោក​ផ្ទាល់ ជាអ្នកនៅជាមួយវត្ថុបុរាណទាំងនោះ ជាច្រើនឆ្នាំហើយ មិនមានបាត់បង់ទៅណាទេ។ លោកមិនដឹងពីមូលហេតុ ថា​ហេតុអ្វី បានជាមហាជន បែរបានពាក្យលេចលឺទាំងនេះ ហើយមកចោទប្រកាន់អជ្ញាធរអប្សរានោះ? មន្ត្រីរូបនោះ បាន​សំណូម​ពរ​ឲ្យកូនខ្មែរទាំងអស់ មេត្តាទុកចិត្តទុកថ្លើម ថាខ្មែរមានប្រាសាទ ដែលជាដូងព្រលឹង នៃប្រទេសជាតិ ដូច្នេះសូម​ជួយ​ថែរក្សាទាំងអស់គ្នា និងសូមបញ្ឈប់ នូវទង្វើដែលមិនច្បាស់លាស់ ទាំងនេះចោល។

មន្ត្រីដដែល បានពន្យល់ថា រាល់ពេលកំណាយឬ ទទួលបានវត្ថុមានតម្លៃណាមួយ នៅក្នងតំបន់អង្គរ គឺមានអ្នកត្រូត​ពិនិត្យ​ត្រឹមត្រូវ ជាពិសេសអ្នកជំនាញជាតិ និងអន្តរជាតិ សហការជាមួយអាជ្ញាធរអប្សរា និងអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការក្សាទុក នូវវត្ថុមានតម្លៃទាំងនោះ។ ម្យ៉ាងទៀត អជ្ញាធរដែលពាក់ព័ន្ធទាំងនោះ មានតួនាទីកក្នុងការជួយដឹងលឺ ពីវត្ថុដ៏មានតម្លៃ ដែល​បានជីកកកាយរកឃើញ។ ផ្ទុយទៅវិញ គឺមានតែអ្នកគ្មានជំនាញទេ ដែលមិនដឹងពីការក្សាទុកទាំងនេះ៕


ម្កុដមាស នៅពេលជីករកឃើញ ដំបូង។


ម្កុដមាស ត្រូវបានអាជ្ញាធរអប្សារា យកមកបង្ហាញ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments