គឹម សន្តិភាព៖ «មិន​នឹក​ស្មាន​ថា សកម្មជន LDP ពូកែ​ជេរ!»

មន្រ្តីអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបង្ហាញការហួសចិត្ត ទៅលើក្រុមយុវជនរបស់គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលដឹកនាំដោយលោក ខឹម វាសនា ដោយលោក បានហៅក្រុមនេះ ថាមានជំនាញក្នុងការជេរប្រមាថ មិនសំចៃមាត់។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៧ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 27, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អាន និងបញ្ចេញយោបល់

ជាថ្មីម្ដងទៀត លោក គឹម សន្តិភាព មន្ត្រីអ្នកនាំពាក្យ របស់ក្រសួងយុត្តិធម៌ បានប្រតិកម្ម ទៅនឹងការលើកឡើងនានា របស់​ក្រុមសកម្មជន របស់គណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ ឬបក្ស«ជួង»។ លោក បានសម្ដែងការហួសចិត្ត ទៅ​លើ​ក្រុម​យុវជនទាំងនេះ ដែលលោកចាត់ទុកថា មានជំនាញ ខាង«ជេរ ប្រមាថកាតទាន» ដោយមិនសំចៃមាត់។

ប្រតិកម្មរបស់លោក គីម សន្តិភាព បានធ្វើឡើង បន្ទាប់ពីលោក បានសរសេរបញ្ជាក់ តាមបណ្តាញព័ត៌មានសង្គម របស់​ខ្លួនចែកជូនជាសាធារណៈ ថា លោក ខឹម វាសនា ដែលជាប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនមានជាប់​សាច់ញាតិ ជាមួយលោក ជាម យៀប ឡើយ ព្រោះកន្លងមក មានការលើកយកឈ្មោះ លោក ជាម យៀប មកប្រើ​ប្រាស់ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងនាំឲ្យមានការភាន់ច្រលំ។

ក្នុងសារនៅលើជញ្ជាំងហ្វេសប៊ុក របស់លោក បានសរសេរថា៖ «សូមសមត្ថកិច្ច មេត្តាចាត់វិធានការ តាមផ្លូវច្បាប់ បើ​បុគ្គល ខឹម វាសនា ដើរអះអាង ឬប្រើប្រាស់ឈ្មោះ ឯកឧត្តមបណ្ឌិតរដ្ឋ ដើម្បីការពារខ្លួន ឬដើម្បីផលប្រយោជន៏អ្វីមួយ របស់ខ្លួននោះ»។

ការលើកឡើង របស់មន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅមិនទាន់មានការបកស្រាយ ដោយផ្ទាល់មាត់ ពីលោក ខឹម វាសនា ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅឡើយ។ តែសម្រាប់ក្រុមយុវជន នៃគណបក្សជួងឯណោះវិញ បានចេញ​មកធ្វើការបដិសេធ យ៉ាងព្រោងព្រាត និងថែមទាំង ធ្វើការវាយប្រហារយ៉ាងចាស់ដៃ ត្រឡប់ទៅលោក គឹម សន្តិភាព វិញ។ គណនីហ្វេសប៊ុកមួយឈ្មោះ រ័ត្ន អារ៉ៃ (Arey Rath) បានលើកជាសំនួរថា៖ «ខ្ញំសូមសួរលោកថា តើលោក​បាន​ឮ​សាធារណៈជន និយាយថា លោក ខឹម វាសនា បានប្រើប្រាស់ឈ្មោះ ឯកឧត្តមបណ្ឌិត ជាទីគោរពរបស់លោក ដើម្បី​ការពារ​​ខ្លួនឫ ផលប្រយោជន៍អ្វីមួយដែរឺទេ មុននឹងលោកសរសេរហ្នឹង? តែបើតាមខ្ញំដឹង មានតែមនុស្ស (...) មិនតិចទេ នៅ​ក្នុង CPP ដែលចូលចិត្តធ្វើរឿងបែបនេះនោះ។»

ឯលោក រឿន ពុទ្ធី (Rean Puthi) អ្នកគាំទ្រលោក ខឹម វាសនា ម្នាក់ទៀត បានលើកឡើងថា៖ «មានតែអ្នកគាំទ្រ បក្ស​ប្រឆាំង​មួយចំនួន លាបពណ៍ថា ខឹម វាសនា ជាក្មួយ ជាម យៀប តែ ខឹម វាសនា បានបដិសេធ ជាច្រើនលើកមកហើយ ថា​មិន​មែន​ជាក្មួយទេ។ តែពេលនេះ មានអ្នកនិយាយបែបនេះវិញ។»

តបនឹងការវាយប្រហារទាំងនោះ លោក កឹម សន្តិភាព បានស្នើដល់ក្រុមយុវជន ឬថ្នាក់ដឹកនាំគណបក្ស សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ មុននឹងធ្វើការបិហារ ឬប្រមាថអ្វីមួយ តោងស្វែងយល់ និងមើលឲ្យបានច្បាស់ នូវអត្ថន័យដែលលោក បាន​សរសេរផ្ទាល់ ក្នុងបណ្តាញសង្គមជាមុនសិន។ លោកបានចោទជាសំនួរថា៖ «សូមបើកភ្នែកអោយធំ សម្លឹងមើល​អត្ថន័យ​របស់ខ្ញុំ អោយបានច្បាស់លាស់! ត្រង់ណាដែលថា ខ្ញុំចោទប្រធាន LDP នោះ?»

លោក គឹម សន្តិភាព បានសរសេរតប នៅក្នុងវាចាយោបល់ថា៖ «មិននឹកស្មានថា សកម្មជន LDP ពូកែជេរគ្រាន់បើ!»។

យ៉ាងណាក៏ដោយ ប្រធានគណបក្ស«ជួង» លោក ខឹម វាសនា បានថ្លែងតាមវិទ្យុក្នុង​ស្រុក​មួយ​ថា ការប្រកាសរបស់​លោក ​គឹម សន្តិភាព ​កូនប្រសា​ររ​បស់​លោក ជាម យៀប ដែលបានអះអាងដូចខាងលើ ​គឺ​ដូចជា​ជួយ​​រូបលោក ឲ្យរួចផុត​ពីការ​លាប​ពណ៍ យ៉ាងជ្រះ​ស្រលះទៅវិញ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments