រក​ឃើញ​គោ​ដែល​បាត់​ហើយ តែ​សល់​តែ​សាច់​ខ្លះ និង​ឆ្អឹង​ពោះ

ករណីដែលម្ចាស់គោ បានបាត់គោហើយ រកឃើញនៅសល់តែសាច់ និងឆ្អឹងនេះ មិនមែនជាលើកទីមួយទេ នៅកម្ពុជា។ ករណីនេះ បានបង្ករឲ្យមាន ការភ្ញាក់ផ្អើលទៀតហើយ នៅឯស្រុកស្អាងខេត្តកណ្តាល ដែលបានកាប់ប្រលះ សាច់គោចំនួនបីក្បាល យ៉ាង​អណោច​អធម ទាំងម្ចាស់មិនបានដឹង។

សកម្មភាពលួចគោនេះ បានកើតឡើងជាថ្មីទៀត កាលពីវេលាម៉ោង០២ រំលងអធ្រាត ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅ​ចំណុចទួល ពេជ្រសង្វារ ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានបណ្តាលឲ្យសត្វគោ ចំនួនបីក្បាល បាន​ស្លាប់ ដោយជនមិនស្គាល់មុខ បានលួចយកទៅកាប់ នៅឆ្ងាយពីផ្ទះម្ចាស់គោ។ គោដែលបានស្លាប់យ៉ាង​អាណោច​អធម​នេះ មានម្ចាស់ពីរនាក់ ម្នាក់ឈ្មោះលោក ទិត សុង អាយុ ៦០ ឆ្នាំជាកសិករ ម្នាក់ទៀតឈ្មោះលោក អេម ឈន មុខរបរ​កសិករ ហើយ​អ្នកទាំងពីរ ជាអ្នកភូមិទ្រា ដូចគ្នា។

កសិករ ម្ចាស់សត្វគោ ដែលត្រូវបានគេលួច យកទៅកាប់សាច់នោះ បានរៀបរាប់ថា លោកបានបាត់គោ ពីក្រោលតាំង ពីម៉ោង៦ល្ងាច ថ្ងៃទី២១ មកម្លេះ រហូតមកដល់ម៉ោង០២ រំលងអធ្រាត ថ្ងៃទី២២ ទើបប្រទះឃើញគោ របស់គាត់នៅ​កន្លែង​កើតហេតុ ដែលមានវត្ថុតាង មួយចំនួននៅជាមួយ ក្នុងនោះមាន កាំបិតចំនួន៦ និងពូថៅ១ ដែលនៅជាប់ជាមួយ កំណាត់​សាច់​គោ​ខ្លះ ដែលគេបានវះយក សាច់ភ្លៅជើងមុខ ជើងក្រោយអស់។

សមត្ថកិច្ចនៅទីនោះ បានឲ្យដឹងថា គោដែលត្រូវបានគេលួចនោះ ទាំងអស់បីក្បាល ញីពីរក្បាល ក្នុងនោះផើម០១ក្បាល និងឈ្មោលមួយក្បាល។ ករណីដ៏សាហាវនេះ ត្រូវបានសមត្ថកិច្ចនគរបាល នៅស្រុកស្អាង កំពុងធ្វើការស៊ើបអង្កេត ស្រាវ​ជ្រាវរកមុខជនដៃដល់ ដើម្បីចាត់វិធានការតាមច្បាប់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments