មហា​សង្ក្រាន្ត​ឆ្នាំ​មមែ ពុទ្ធ​សករាជ​២៥៥៩ គ្រិស្ត​សករាជ​២០១៥

សម្រាប់ប្រិយមិត្ត ដែលចង់ដឹង ពីមហាសង្ក្រាន្ត ឆ្នាំមមែ សប្ដស័ក ចុល្លសករាជ ១៣៧៧ មហាសករាជ ១៩៣៧ ពុទ្ធសករាជ ២៥៥៩ គ្រិស្តសករាជ ២០១៥ ទស្សនាវដ្ដីសូមដកស្រង់ ពីឯកសារមួយ រៀបរៀងដោយ ពុទ្ធសាសនបណ្ឌិត្យ នៃក្រសួងធម្មការ និងសាសនា មកជម្រាបជូន ដូចតទៅ។
  • ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ ៖ មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី ១១ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 12, 2015
  • ប្រធានបទ: ទំនៀមទម្លាប់
  • អាន និងបញ្ចេញយោបល់

សុភមស្តុ ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសន អតិក្កន្តាកន្លងទៅហើយ បាន២៥៥៨ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែ​ពិសាខ ឆ្នាំមមែ សប្ដស័ក តទៅ ចូលពុទ្ធសករាជ ២៥៥៩។ នឹងគណនាឆ្នាំមមែឥឡូវនេះ សង្ក្រាន្តចូលមក នៅថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០១៥ វេលាម៉ោង១៤ និង០២នាទី។

ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល មានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម រាគ្យសៈទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ លម្អ​នៅព្រះកាណ៌ ដោយសៀតផ្កាឈូក អាភរណៈទ្រង់ពាក់កែវ មនោរា ភក្សាហារទ្រង់សោយ លោហិត ព្រះហស្តស្ដាំទ្រង់ ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ ធ្នូ ទ្រង់គង់លើខ្នង អស្សតរ (សេះ) ជាពាហនៈ នាំអស់ទេវបុត្ត ទេពធីតា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលីនា ទីភ្នំកៃលាស ខេត្តហេមពាន្ត ជាទីតម្កល់ទុក នូវព្រះសិរសា កបិលមហាព្រហ្ម ដែល​តម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន៦០នាទី (២៤ម៉ោង)។

លុះដង្ហែគ្រប់តាមវេលាហើយ ក៏នាំយក ព្រះសិរសា កបិលមហាព្រហ្មនេះ ទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំ​ទេវបុត្ត ទេពធីតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរ ចេញពីបំពង់ថ្មកែវ ដែល​ជា​មាត់​គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅ សមាទានរក្សាសីល ដោយ​សោ​មនស្ស​រីករាយ គ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្តនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គល ឲ្យ​ជ្រះ​ស្រឡះហើយ ចម្រើននូវសិរីសួស្ដី ជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពី​ឆ្នាំ​ថ្មី​ចូល​មក​នេះ បាន​ទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។

ថ្ងៃចូលឆ្នាំថ្មី ឬថ្ងៃមហាសង្ក្រាន្ត

- ថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៥ វេលាម៉ោង ១៤ និង០២នាទី ជាថ្ងៃចូលឆ្នាំមមែ សប្ដស័ក ជាថ្ងៃ មហាសង្ក្រាន្ត។
- ថ្ងៃពុធ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០១៥ ជា វរៈវ័នបត។
- ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០១៥ នៅវេលាម៉ោង១៨ និង២១នាទី ៣៦វិនាទី ជា វរៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំមមែ សប្ដស័ក ចុល្លសករាជ១៣៧៧ និង​មហា​សករាជ១៩៣៧ តទៅ។

នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋ ប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុច​ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្ត ទេពធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិរ្ថិយ ជា​ចិត្ត​អប្រីយ៍ ជាប់ដោយគំនុំគុំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ ឲ្យស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំ ឲ្យបានជាប់ជានិច្ច នោះទេវតា និង​ឲ្យពរសព្វសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលទេវតា តាមទំនៀមទម្លាប់ ពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយ សម្រាប់​តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿង សក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹក​អប់មួយគូ (ទៀន៥ ធូប៥) លាជ៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ១១មុខ រៀប​ដាក់​ជើង​ពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

ស្រេចហើយ នៅវេលាម៉ោង ដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នាំគ្នានមស្សការ ព្រះ​រតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះ នូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិត ទៅ​លើ​ព្រះពុទ្ធ ព្រះ​ធម៌ ព្រះសង្ឃជាទីពឹងទីរំឭក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមនៅក្នុងព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀប​ត្រឹម​គ្រឿង​សក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើ សម្រាប់​ប្រជា​រាស្ត្រ គួររៀបឲ្យបានត្រឹម៣ ឬ៥មុខ ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួងពីលើ គ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ។

ទំនាយប្រចាំថ្ងៃ

កេណ្ឌព្រះពិរុណសាស្ត្រ ឆ្នាំនេះ ភពអាទិត្យ ជាអធិបតី ដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ៣ បង្អុរ​ទឹក​ភ្លៀង​៤០០មេ ដែលចែកចេញជា៖
- ចក្រវាឡ ១៦០មេ
- ព្រៃហេមពាន្យ ១២០មេ
- មហាសមុទ្រ ៨០មេ
- និងជម្ពូទ្វីបមនុស្សលោកយើង មានចំនួន៤០មេ បណ្ដាលឲ្យមានទឹកភ្លៀង នៅដើមឆ្នាំ កណ្ដាល និងចុងឆ្នាំភ្លៀងស្មើ​ល្អ។

- កេណ្ឌធារាទិគុណ ឆ្នាំនេះមានកេណ្ឌ ត្រូវត្រង់តេជោធាតុចុះ ទំនាយថា ភ្លើងកាចសាហាវជាងឆ្នាំកន្លងទៅ។
- ទំនាយទឹកទន្លេ ឆ្នាំនេះ ទំនាយអំពីទឹកទន្លេមានសំណល់៨ ទំនាយថាទឹកទន្លេមានជាមធ្យម មិនធំមិនតូច។
- កេណ្ឌធញ្ញាហារ ឆ្នាំនេះមានកេណ្ឌ (៣) មានឈ្មោះថា មជ្ឈិមា ទំនាយថា ស្រូវដំណាំស្រែចម្ការ នឹងបាន​ផល​ពាក់​កណ្ដាល ខូចខាតអស់ពាក់កណ្ដាលភោជនាហារបានផលជាមធ្យម។ ប្រជានុរាស្ត្រមានសេចក្ដីសុខខ្លះទុក្ខខ្លះស្មើគ្នា។
- ទំនាយការធ្វើស្រែ ទំនាយកេណ្ឌ ការធ្វើស្រែមានសេស២ ទំនាយថា ស្រែទំនាប និងស្រែដីទួល បានផលល្អ​ដូចគ្នា ទាំង​ពីរ​យ៉ាង។
- កេណ្ឌព្រឹក្សា ឆ្នាំនេះត្រូវចំសេស២ ត្រូវត្រង់ ដើមល្វា ជាស្ដេច មានទំនាយ មនុស្សផងទាំងឡាយ មានសេចក្ដី​សុខ​ក្សេម​ក្សាន្ត។
- កេណ្ឌព្រះអាទិត្យ ឆ្នាំនេះព្រះអាទិត្យធ្វើដំណើរដោយជិះដំរី ទំនាយថា ភ្លៀងកាចសាហាវ ស្រុកនាម នាគ​ធ្វើយុទ្ធ​សង្គ្រាម និងស្រុកនាមគ្រុឌ និងនាមកណ្ដុរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments