គីម ជុងអ៊ុន ចង់​បាន​ស្ត្រី ដែល​«ស្អាតៗ​បំផុត» មក​នៅ​ក្បែរ​ខ្លួន

អគ្គមគ្គទេសក៍«ផ្ដាច់ការ» របស់ប្រទេសកូរ៉េខាងជើង ទើបនឹងបើកឲ្យមាន នូវទម្លាប់មួយ ដែលបង្កើតឡើង ដោយជីតារបស់លោក ស្ដីពីការប្រមូល ស្ត្រីដែលស្អាតៗ ជាងគេ ពីគ្រប់ទិសទីទាំងអស់ នៅក្នុងប្រទេស មកធ្វើជាក្រុមសិល្បៈមួយ។
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 04, 2015
  • ប្រធានបទ: សិល្បៈ
  • អាន និងបញ្ចេញយោបល់

ទម្លាប់ជា«ប្រពៃណី» របស់អគ្គមគ្គទេសក៍ជាន់ខ្ពស់ របស់ប្រទេសកុម្មុយនីស កូរ៉េខាងជើង ដែលត្រូវបានបញ្ឈប់ លែង​ឲ្យ​ប្រារព្ធ នៅខែធ្នូឆ្នាំ២០១១ បន្ទាប់ពីមរណភាព របស់«កូនបីតាជាតិ» លោក គីម ជុងអ៊ីល (Kim Jong-il) នោះមក ទើប​តែ​ត្រូវបានបើក ឲ្យមានឡើងវិញ ដោយ«ចៅបីតាជាតិ»ដ៏មហិមា លោក គីម ជុងអ៊ុន (Kim Jong-un) នៅពេលនេះ។ អគ្គមគ្គទេសក៍​​វ័យក្មេង ទើបនឹងបញ្ជាឲ្យបង្កើតឡើងវិញ នូវ«ក្រុមកំសាន្ដ» ដាក់ក្បែរខ្លួនលោក ដោយប្រមូល ជ្រើស​យក​ស្ត្រីៗ មកពីគ្រប់ទិសទីទាំងអស ក្នុងប្រទេស មកដាក់ចូលជាសមាជិក។ នេះបើតាម សារព័ត៌មាន​អង់គ្លេស «The Telegraph» ដែលបានស្រង់ប្រភពព័ត៌មាន ពី​ប្រទេស​កូរ៉េ​ខាងត្បូង បានធ្វើរបាយការណ៍លំអិត ពីអាថ៌កំបាំងដ៏រសើប។

«ក្រុមកំសាន្ដ» ដែលមានសមាសភាព ពោរពេញដោយ ស្ត្រីក្មេងៗស្អាតៗ រាប់បញ្ចូលទាំងអ្នកចំរៀង អ្នកភ្លេង ទាំងអ្នក​របាំនោះ ត្រូវទទួលបន្ទុក កំដរនូវការហត់នឿយ ទាំងឡាយ របស់មេដឹកនាំជាន់ខ្ពស់ របស់ប្រទេសកុម្មុយនីស ដែល​បិទ​ទ្វាជិតឈឹង មិនសូវមានអ្នករាប់រក។

តាំងពីបានឡើងស្នងតំណែង ជាមេដឹកនាំ«ដ៏ភ្លឺស្វាង» របស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមរណភាពរបស់ឪពុកខ្លួនរួច លោក គីម ជុងអ៊ុន មិនបានត្រឡប់មកនឹកឃើញ ទម្លាប់នេះដែលបានបង្កើតឡើង ដោយជីតារបស់លោក ឈ្មោះ គីម អ៊ីលស៊ុង (Kim Il-sung) ដែលជា«បីតាជាតិ» និងជាស្ថាបនិក នៃរបបកុម្មុយនីសមួយនេះឡើយ។ ប៉ុន្តែប្រសិនបើលោក មិនបាន​នឹក​ឃើញនេះ មិនមែនគ្មានមូលហេតុនោះទេ។ មូលហេតុ បណ្ដាលមកពីភាព«មិនទុកចិត្ត» ទៅលើកម្មវិធីនេះ។

លោកសាស្ត្រាចារ្យជាតិជប៉ុន តូស្សីមីស៊ូ ស្សីជឺមូរ៉ា (Toshimitsu Shigemura) ជំនាញខាងកិច្ចការប្រទេសកូរ៉េខាងជើង នៅ​សកលវិទ្យាល័យ វ៉ាសេដា (Waseda) នៃរាជធានី តូក្យូ បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសថា៖ «នៅពេលបានឡើង មក​ដឹកនាំប្រទេស គីម ជុងអ៊ុន មិនបានទុកចិត្តនរណា សូម្បីតែម្នាក់ ហើយថែមទាំង បានដឹកនាំឲ្យធ្វើការអង្កេត ទៅលើ​នរណាក៏ដោយ ដែលនៅជុំវិញខ្លួន ជាពិសេសមនុស្ស ដែលមានអំណាចខ្លាំងៗ នៃគណបក្សកុម្មុយនីស»។

ស្ត្រីស្អាតៗ នៅក្នុង«ក្រុមកំសាន្ដ» កាលពីពេលនោះ ជាអ្នកជិតដិត របស់មនុស្សកាន់តំណែងធំៗ ដែលនៅក្បែរ នឹងមេ​ដឹកនាំផ្ដាច់ការរួបនេះ។ ហេតុដូច្នេះហើយ ទើបមេដឹកនាំវ័យក្មេង ដែលទើបនឹងបានតំណែង ស្នងពីឪពុក សុខចិត្ត​ប្រយ័ត្ន​ប្រយ៉ែង និងស្ទាបស្ទង់ស្ថានការណ៍ជាមុនសិន មុននឹងបើកឲ្យក្រុមសិល្បៈនេះ មានរូបរាងឡើងវិញ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments