«កូន​ខ្ញុំ​មិន​ដល់​ថ្នាក់​ស្លាប់​ទេ បើ​ខ្ញុំ​នាំ​ទៅ​រៀន ប៉ុន្តែ​នាង​នឹង​ស្លាប់ បើ​គ្មាន​ចំណេះ​ដឹង»

បុរសជនជាតិឥណ្ឌាម្នាក់ បានរងនូវការចោទប្រកាន់ ពីអាជ្ញាធរ បន្ទាប់ពីលោក បានបង្ខំកូនស្រីឱ្យទៅរៀន ដោយចងផ្អោប នឹងកែបម៉ូតូ ដើម្បីដឹកទៅសាលា។

«កូនស្រីរបស់ខ្ញុំ ប្រហែលមិនដល់ថ្នាក់ស្លាប់ទេ ប្រសិនបើខ្ញុំនាំគេ ទៅសាលារៀន ប៉ុន្តែនាងនឹងស្លាប់ ប្រសិនបើមិនព្រម ទៅរៀន ឱ្យមានចំណេះដឹង» នេះជាការលើកឡើង របស់បុរសជាតិឥណ្ឌាម្នាក់ បន្ទាប់ពីលោក ត្រូវបាន​ធានាឱ្យនៅក្រៅ​ឃុំ ក្រោយពីធ្វើការឃុំខ្លួនមួយថ្ងៃ ដោយសារតែលោក បានចងកូនស្រីជាប់នៅលើម៉ូតូ នាំទៅសាលារៀន។

ហេតុការណ៍នៃការចាប់បង្ខំកូន ពីសំណាក់ឪពុក វ័យ៤០រូបនេះ បានកើតឡើង ស្របពេល ដែលលោកនាយករដ្ឋមន្ត្រី ឥណ្ឌាន រ៉េនត្រា ម៉ូឌី ជំរុញជាសាធារណៈ ឱ្យក្មេងស្រីបានទទួល ការសិក្សាអប់រំ ។

បណ្ដាញទូរទស្សន៍ BBC បានផ្សាយឱ្យដឹងថា បុរសខាងលើ ត្រូវបាននគរបាលឥណ្ឌាចាប់ខ្លួន ក្រោយពីកាសែតក្នុង​ស្រុក​ជាច្រើន នៅរដ្ឋឧត្តរប្រាដេស ផ្សព្វផ្សាយ ពីរឿងចងកូនស្រីជាប់ម៉ូតូ ដូចសត្វធាតុ។ រូបលោកត្រូវបានចោទប្រកាន់ ថាបានល្មើស លើសេចក្តីសុខរបស់កូន។

តែបុរសជាឪពុកខាងលើ ដែលមានអាជីពជាសន្តិសុខ នៅសាលារៀនឯកជន មួយរូបនោះ ត្រូវបានធានាឱ្យនៅក្រៅ​ឃុំវិញ។ តាមមន្រ្តីនគរបាលបានឱ្យដឹងថា បុរសជាឪពុក បានឆ្លើយថា គាត់បានព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីលួង​លោមកូនស្រី ឱ្យទៅសាលា រួមទាំងសន្យាថា នឹងឱ្យស្ករគ្រាប់ជារង្វាន់ ប៉ុន្តែត្រូវបាននាងបដិសេធ មិនព្រមទៅរៀន។ ដោយសារតែកូនស្រីរបស់គាត់ មិនព្រមចូលសាលា ហេតុនេះហើយ ទើបគាត់ខឹងយ៉ាងខ្លាំង ហើយយកខ្សែចងកូនស្រី ភ្ជាប់កែបម៉ូតូ ដើម្បីដឹកយកទៅសាលា។

បុរសវ័យកណ្ដាលរូបនេះ នៅតែបានអះអាងថា គាត់ធ្វើបែបនោះ ជារឿងត្រឹមត្រូវ ព្រោះគាត់ចង់ឱ្យកូនស្រី ទទួល​ចំណេះ​ដឹង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments