បារម្ភ​បាត់​បង់​ទម្រង់​​ល្ខោន​​ខោល ព្រោះ​ខ្វះចំណាប់​អារម្មណ៍ ពីយុវជន

លោក ហង្ស ភូមិរ៉ា នាយកក្រុមសិល្បៈខ្មែរ និងជាប្រធានអ្នកដឹកនាំសិល្បៈ ក្នុងកម្មវិធីតាំងពិព័រណ៍ «ស្នាដៃ និងអនាគត» បានសម្តែងការព្រួយបារម្ភ ចំពោះការបាត់បង់ នូវទម្រង់សិល្បៈមួយចំនួន ពីក្នុងចំណោមទម្រង់សិល្បៈ ទាំង២៤ ជាពិសេសល្ខោនខោល ខណៈយុវជនសម័យបច្ចុប្បន្ន មិនសូវចាប់អារម្មណ៍ និងគ្មានអ្នកចង់រៀន ដើម្បីបន្តវេន។

ទម្រង់សិល្បៈល្ខោនបុរាណ មានចំនួន២៤ទម្រង់ ក្នុងចំណោម២៤បួនទម្រង់នេះ ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ស្គាល់យ៉ាងច្រើនណាស់តែមួយ ទៅពីរទម្រង់តែប៉ុណ្ណោះ ហើយយុវជនខ្លះទៀត ស្ទើរតែមិនស្គាល់ នូវទម្រង់សិល្បៈ​ល្ខោន​នោះទេ ដែលបញ្ហានេះហើយ បានធ្វើល្ខោនខ្មែរ ប្រឈមនឹងការបាត់បង់។ ជាងនេះទៅទៀត ល្ខោនខោល ដែល​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបញ្ចូល ជាបេតិកភ័ណ្ឌពិភពលោក ក៏កំពុងតែប្រឈមមុខ នឹងការបាត់បង់ ដោយ​សារតែគ្មានការចាប់អារម្មណ៍ ពីយុវជនជំនាន់ក្រោយ។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៣ មីនានេះ លោក ហង្ស ភូមិរ៉ា ប្រធានដឹកនាំសិល្បៈ ក្នុងកម្មវិធីតាំងពិព័រណ៍​ស្នាដៃ និងអនាគត និងជាសមាជិក ក្រុមរីកសាយ បានលើកឡើងថា មូលហេតុដែលនាំឱ្យល្ខោនខោល ប្រឈមនឹងការ​បាត់បង់នេះ ដោយសារមិនមានការអើពើ អំពីទម្រង់នៃល្ខោន ហើយមិនមែន តែទម្រង់ល្ខោនខោលទេ ដែលបាត់បង់ សូម្បីតែទម្រង់ល្ខោនមួយចំនួនទៀត ក៏ប្រឈមនឹងការបាត់បង់ផងដែរ។ ទម្រង់ល្ខោន ដែលប្រឈមនឹងការបាត់បង់ និងសូវមានអ្នកស្គាល់ទាំងនោះ មានដូចជាល្ខោនប្រមោរទ័យ ល្ខោនបែបបទ ល្ខោនអាបេ ល្ខោនភ្លេងការ ល្ខោនចម្រុះ ល្ខោនចាប៉ីដងវែងជាដើម។

លោកបន្តថា៖ «អញ្ចឹង បានខ្ញុំនិយាយថា សិល្បៈយើង វាមានរហូតទៅដល់២៤ទម្រង់ អញ្ចឹងកូនខ្មែរយើង ២៤ទម្រង់​ហ្នឹង មិនដែលទាំងស្គាល់គ្រប់ផង ជួនណា មិនដែលស្គាល់ថា២៤ទម្រង់ហ្នឹង មានអីខ្លះផង អញ្ចឹង បានខ្ញុំចង់ថាបង្កើត មិនត្រឹមតែលេងល្ខោនខោលទេ បើសិនជាមានកម្មវិធីហ្នឹង វគ្គក្រោយទៀត ខ្ញុំនឹងបង្កើតស្នាដៃ ទម្រង់ផ្សេងៗទៀត។ រាល់ថ្ងៃនេះ យុវជនយើងស្គាល់ច្រើនជាងគេ តែទម្រង់ល្ខោនបាសាក់ទេ បើល្ខោនខោល ល្ខោនប្រមោរទ័យអីហ្នឹង គឺថា​យុវជនយើងអត់ស្គាល់ទេ។»

លោកបន្ថែមថា នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ មួយចំនួនទៀត ក៏មិនសូវលើកយកល្ខោនខោល មកសម្តែងដែរ ភាគ​ច្រើន​លើកយកល្ខោនស្បៃធំ និងរបាំបុរាណប៉ុណ្ណោះ មកធ្វើការសម្តែង។

ចំណែកលោក ព្រុំជិន វិចិត្រ អនុប្រធានក្រុមរីកសាយ បានលើកឡើងថា ដោយមើលឃើញថា ល្ខោនខោល ជាទម្រង់​ល្ខោនមួយបែប ក្នុងចំណោមទម្រង់ល្ខោន ទាំង២៤ កំពុងប្រឈម នឹងការបាត់បង់ដូច្នេះ នៅក្នុងពិព័រណ៍សិល្បៈ លើក​ទី៣នេះ និងផ្តោតសំខាន់ ទៅលើទម្រង់សិល្បៈខោល។

លោក វិចិត្រ បានបន្តថា៖ «បច្ចុប្បន្ននេះ ទម្រង់សិល្បៈល្ខោនខោល មិនសូវមានសិស្សរៀនទេ។ ជាក់ស្តែងនៅសាកល​វិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដែលជាសាកលវិទ្យាតែមួយគត់ បង្រៀនផ្នែកសិល្បៈ កម្រិតឧត្តម ក្នុងរយៈពេល​៧ឆ្នាំ​ចុង​ក្រោយនេះ មាននិស្សិតប្រឡងចប់បរិញ្ញាប័ត្រសិល្បៈ ជាប់ជាស្ថាពរសរុបទាំងអស់ មានតែចំនួន៣៩នាក់ប៉ុណ្ណោះ ក្នុង​នោះ​អ្នកចាប់យកជំនាញ ទម្រង់សិល្បៈល្ខោនខោល ក៏មិនមានច្រើនដែរ។ ពួកខ្ញុំជាក្រុមយុវជន មានការព្រួយបារម្ភ ចំពោះ​ទម្រង់​ល្ខោនខោល ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបញ្ចូល ជាបេតិកភ័ណ្ឌពិភពលោក។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments