នាយិការ Action Aid៖ ភ្នំពេញ​ដ៏​ស្រស់​ស្អាត គ្មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី

ដោយមើលឃើញថាទីក្រុងភ្នំពេញ សព្វថ្ងៃនេះ មិនអាចធានាបាន នូវសុវត្តិភាពសម្រាប់ស្រ្តី នាយិការអង្គការ Action Aid និងនារីទាំងឡាយ នៅថ្ងៃទី៨ ខែមិនា ឆ្ នាំ២០១៥នេះ ដែលជាទិវានារីអន្តរជាតិ បានសើ្នរឱ្យរដ្ឋាភិបាល ធ្វើឱ្យរាជធានីភ្នំពេញ មានសុវត្តិសម្រាប់ស្រី្ត តាមរយៈការបំភ្លឺតាមទីសាធារណៈ ដែលងងឹតឱ្យភ្លឺច្បាស់ និងការពារសន្តិសុខ។

«ទីក្រុងភ្នំពេញ គឺជាទីក្រុងសម្រាប់យើងទាំងអស់គ្នា ហើយវាជាទីក្រុង ដ៏ស្រស់ស្អាត ក៏ប៉ុន្តែមនុស្សមួយចំនួន មិនបាន​រស់នៅដោយសប្បាយចិត្ត នៅក្នុងទីក្រុងភ្នំពេញទេ ដោយសារតែ ពួកយើងមានការភ័យខ្លាច ក្នុងការធ្វើដំណើរនៅ​ពេល​យប់» នេះ ជាការលើកឡើងរបស់អ្នកស្រី ខារ៉ូរ៉ាយ នាយិការអង្គការ Action Aid។

ថ្លែងក្នុងកម្មវិធីយុទ្ធនារាំ ម៉ាឌីស្សូន នៅទីលានប្រជាធិបតេយ្យ នាល្ងាចថ្ងៃទី៨ ខែមិនានេះ អ្នកស្រីបានរៀបរាប់ថា រាជធានី​ភ្នំពេញ ត្រូវបានរកឃើញ និងបង្កើតឡើង ដោយស្រ្តីដែលមានឈ្មោះថា យាយពេញ។ ប៉ុន្តែរាជធានី ដែល​បង្កើត​ឡើងដោយស្រ្តីនេះ ហាក់មិនអាចផ្តល់សុវត្តិភាព ដល់ស្រ្តីឡើយ ជារឿយៗ ពួកគេតែងតែជួបប្រទះនូវបញ្ហា ជា​ពិសេសការបៀតបៀនពីបុរស។

អ្នកស្រីបន្តថា កាលពីឆ្នាំទៅ អង្គការ Action Aid បានធ្វើការសិក្សាស្រាវជ្រាវមួយ ដោយធ្វើការសម្ភាស ទៅលើស្រ្តី​ដែល​​រស់នៅទីក្រុងភ្នំពេញ ថាតើពួកគេមានគិតថាមានសុវត្តិភាពនៅពេលធ្វើដំណើរនៅពេលយប់ដែលឬទេ? ជាការ​តបពីអ្នកដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថាស្រ្តី៤នាក់ ក្នុងចំណោម៥នាក់បានឆ្លើយថា គាត់មិន​មាន​សុវត្តិភាពក្នុងការធ្វើដំណើរ ក្នុងពេលយប់នោះទេ។ ហើយក៏មានស្រី្តជាច្រើននាក់ បាននិយាយថា ពួកគាត់ត្រូវ​រងនូវ​ការបៀតបៀន ក្នុងពេលដែលពួកគាត់ ធ្វើដំណើរពេលយប់ផងដែរ។

ស្រី្តដែលរងគ្រោះទាំងនោះ ភាគច្រើនជាកម្មការិនីរោងចក្រ ស្រ្តីដែលរកស៊ីផ្លូវភេទ អ្នកផ្សព្វផ្សាយស្រាបៀរ និងនិស្សិត​ដែល​សិក្សា នៅពេលយប់។

អ្នកស្រីបន្ថែមថា៖ «អញ្ចឹងហើយ យើងឃើញថាស្រ្តីភាគច្រើន មិនត្រឹមតែជួបប្រទះ នូវការបៀតបៀន នៅតាម​ទី​សាធារណៈ និងនៅកន្លែងធ្វើការទេ សូម្បីតែគាត់នៅក្នុងផ្ទះរបស់គាត់ ក៏គាត់ប្រឈមមុខ នឹងការបៀតបៀនផងដែរ។ នៅ​ឆ្នាំ​២០១២ ចំនួនករណីនៃការរំលោភ បានកើតឡើងចំនួន៦៦៥ករណី ហើយក្នុងចំណោមនោះ ចំនួនពាក់​កណ្តាល​តែប៉ុណ្ណោះ ដែលត្រូវបានចោទប្រកាន់ នៅក្នុងប្រព័ន្ធតុលាការ។ ហើយនៅក្នុងករណីមួយចំនួនទៀត នៅពេល​ដែល​ស្រ្តី ដែលជួបប្រទះបញ្ហាទាំងនោះ គាត់បានធ្វើសេចក្តីរាយការណ៍ ពីស្ថានការណ៍ ឬក៏ព្រឹត្តិការណ៍នេះ ទៅសមត្ថកិច្ច ប៉ុន្តែ​ពួកគាត់តែងតែថា ទទួលបាននូវការស្តីបន្ទោសមកវិញថា ពួកគាត់ហ្នឹង មិនបានស្លៀកពាក់មិនបានសមរម្យ និង​ជា​ពិសេស មិនគួរធ្វើដំណើរនៅពេលយប់។»

រីចំពោះគ្រួសារវិញ ត្រូវបានគេហាមឃាត់ មិនឱ្យស្រ្តីធ្វើដំណើរនៅពេលយប់ ដើម្បីរក្សានូវសុវត្តិភាព។ អ្នកស្រី​បានឱ្យ​ដឹងបន្ថែមថា ពួកគេមិនត្រូវធ្វើដូច្នេះទេ ស្រ្តីគួរតែមិនត្រូវបានស្តីបន្ទោស ពីសមត្ថកិច្ច ឬក៏ការហាមឃាត់ ពីក្រុម​គ្រួសារ​នោះឡើយ។ ពួកគេគួរតែរកដំណោះស្រាយ ដ៏សមស្របមួយសម្រាប់ស្រ្តី។ អ្នកស្រីថា នៅក្នុងឆ្នាំ២០១៥នេះ ស្រ្តី​ទាំង​អស់គ្នា នឹងទាមទារឱ្យរាជធានីភ្នំពេញ មានសុវត្តិភាពសម្រាប់ទាំងអស់គ្នា ជាពិសេសគឺស្រី្ត ដើម្បី​ជៀសផុតពី​ការ​ភ័យ​ខ្លាច។

នាយិការរូបនេះ បានពន្យល់ទៀតថា៖ «អញ្ចឹងហើយ នៅថ្ងៃទិវានារីអន្តរជាតិ គឺយើងឈរនៅទីនេះទាំងអស់គ្នា ដើម្បី​ទាមទារឱ្យមានការបញ្ឈប់ និងលុបបំបាត់ នូវវប្បធម៌ទុកស្រ្តីមិនស្មើនឹងបុរស។ យើងទាមទារឱ្យរដ្ឋាភិបាល និង​អ្នក​ជំនួញ ស្ថាប័នគ្រប់ទាំងអស់ យកចិត្តទុកដាក់ដោះស្រាយបញ្ហាស្រ្តី។ យើងស្នើរឱ្យសាលារាជធានីភ្នំពេញ គាត់ផ្តល់ និង​គិតគូរសេវាសាធារណៈដល់ស្រ្តី ហើយអ្វីដែលយើងស្នើរសុំនេះ មិនមែនជារឿងដែលពិបាកធ្វើទេ គឺជារឿងដែល​ងាយ​ធ្វើជាទីបំផុត។ ជាក់ស្តែង ដូចជាការដាក់អំពូលភ្លើង តាមផ្លូវសាធារណៈ។ ការដាក់អំពូលភ្លើងបំភ្លឺ នៅទីសាធារណៈ​នេះ វាអាចកាត់បន្ថយឱ្យស្រ្តី មិនខ្លាចនូវការបៀតបៀននៅពេលងងឹត។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments