ចង់​រួមរ័ក​ជា​មួយ​ស្រី​សក់​មាស ស្អែក​ឡើង​បាត់​«ប្លោក​មួយ​គូ»

តារាសម្ដែងល្ខោន ជាតិរូស្សីមួយរូប បានភ្ញាក់ដឹងខ្លួនឡើងវិញ ពោរពេញទៅដល់ឈាមដាបខោ នៅក្នុងចំណតរថយន្ដក្រុងមួយកន្លែង បន្ទាប់ពីត្រូវបានសណ្ដំស្នេហ៍... ដោយស្រីរូបស្អាតមួយរូប។ នៅពេលដែលត្រូវបានបញ្ជូនខ្លួន ឆ្ពោះទៅកាន់មន្ទីរពេទ្យ តារាសម្ដែងកាន់តែភ្ញាក់ដឹងខ្លួនទៀត ថា«ប្លោកទាំងគូរ»របស់ខ្លួន បានបាត់ទៅហើយ។

តើគ្រាប់ស្វាយចន្ទីមួយគូនេះ ត្រឡប់មកផ្ទះវិញមិនទាន់ ឬយ៉ាងណា? មិនអញ្ចឹងទេ។ តែវាត្រូវបានគេបេះយកទៅបាត់ យ៉ាងអាណោចអាធម។

តារាសម្ដែងល្ខោន លោក ឌមៀទ្រី នីកូឡៅ (Dmitry Nikolaev) ក្នុងវ័យ៣០ឆ្នាំ បានចូលទៅផឹកស៊ី នៅក្នុងអាហារដ្ឋាន​មួយ​កន្លែង បន្ទាប់ពីបានសម្ដែង នៅក្នុងរោងល្ខោនតូចមួយ នារដ្ឋធានីមូស្គូ។ នៅកន្លែងផឹកស៊ីនោះ តារា​សម្ដែង​បាន​ជួប​ជា​មួយ​នារីវ័យក្មេង សក់មាសមួយរូប ប្រកបដោយរូបឆោម លោមពណ៌ល្អឥតបី និងបានផឹកជជែកគ្នា អស់មួយស្របក់។ នេះ​បើ​តាម​របាយការណ៍របស់ សារព័ត៌មានអង់គ្លេស Daily Mail។

ទំនងជាលង់ស្នេហ៍ ជាមួយនារីរូបស្អាតនេះ លោក ឌមៀទ្រី ដែលរៀបការរួចហើយ បានសម្រេចចិត្តទៅតាមការបបួល របស់នារីវ័យក្មេង ចូលទៅសប្បាយ ពេលយប់ជាបន្ត នៅក្នុងបន្ទប់ចំហាយមួយ។ តែជាការសម្រេចចិត្ត ដែលធ្វើឲ្យលោក សោកស្ដាយអស់មួយជីវិត ព្រោះនៅទីនោះ តារាសម្ដែង ឌមៀទ្រី បានផឹកស្រាបៀររបស់នារីរូបស្រស់ មួយកែវជា​លើក​ចុង​ក្រោយ មុននឹងលោកលែងដឹងខ្លួន រហូតមកមកទល់ថ្ងៃស្អែកឡើង។

លោក ឌមៀទ្រី បានថ្លែងរៀបរាប់ថា៖ «ខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង នៅក្នុងចំណតរថយន្ដក្រុងមួយកន្លែង ជាមួយនឹងខោ ដែល​ប្រលាក់ដាបទៅដោយឈាម ជាពិសេសខ្ញុំមានអារម្មណ៍ថា បានឈឺចុកចាប់យ៉ាងខ្លាំង នៅចន្លោះជើងទាំងពីរ»។ លោកនៅចាំបាន ត្រឹមតែថា នារីរូបស្អាតនោះ បានបបោសអង្អែលលោក យ៉ាងត្រេកត្រអាល មុននឹងឲ្យលោក ក្រេប​ស្រាបៀរ​ក្នុងកែវ រហូតទាល់តែអស់។

បន្ទាប់ពីបានដឹងខ្លួនឡើងវិញ លោកត្រូវបានដឹកបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែអ្វីៗ បានហួសផុតអស់​ទៅ​ហើយ ដោយហេតុថា «ប្លោកទាំងគូ»របស់លោក ត្រូវបានកាត់ផ្ដាច់ យកទៅបាត់។ គ្រូពេទ្យដែលទទួលខុសត្រូវ ក្នុងការ​ព្យាបាល​តារាសម្ដែង បានបង្ហាញការជឿជាក់ថា៖ «ការកាត់ផ្ដាច់នេះ ប្រាកដជាត្រូវបានធ្វើ ដោយអ្នកជំនាញ ឬដោយ​នរណាម្នាក់ ដែលទទួលការហ្វឹកហាត់ផ្នែកវេជ្ជសាស្ត្រ ព្រោះវាជាការវះកាត់ តាមក្បួនខ្នាតត្រឹមត្រូវ។ អ្វីដែលបានបន្សល់​ទុកឲ្យ​ឃើញ ដូចជាស្នាមកាត់ជាដើម មានសភាពស្អាតបាតណាស់។»

នគរបាលនៃរដ្ឋធានីមូស្គូ បានថ្លែងអះអាងដែរថា ស្រាបៀរដែលលោក ឌមៀទ្រី បានផឹក ទំនងជាមានថ្នាំសណ្ដំ​យ៉ាង​ខ្លាំង​មួយ ដែលធ្វើតារាសម្ដែង បានបង់ស្មារតីយ៉ាងនេះ។ នគរបាល បានសង្ស័យទៀតថា នេះអាចជាករណី រត់ពន្ធគ្រឿង​ក្នុង​មនុស្ស ដោយក្រុមម៉ាហ្វីយ៉ា (Mafia) រ៉ូស្សី។ ប្រភពមួយពីនគរបាល បានបញ្ជាក់ប្រាប់សារព័ត៌មានអង់គ្លេសថា៖​ «ប្លោក​របស់តារាសម្ដែង ច្បាស់ជាត្រូវបានកាត់ផ្ដាច់ ដើម្បីយកទៅលក់ នៅលើទីផ្សារងងឹត»។

រឿងដែលសំខាន់សម្រាប់លោក ឌមៀទ្រី នីកូឡៅ នៅពេលនេះ គឺត្រូវពន្យល់ករណីដ៏អាណោចអាធម ប្រាប់ទៅភរិយា​របស់​​លោក... ភរិយាជាទីស្រឡាញ់ ដែល​តារាសម្ដែងគិតថា នឹងអភ័យទោសឲ្យលោក ពីករណី«ផិតក្បត់»ដ៏អាក្រក់​មួយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments