ហ៊ុន សែន៖ ត្រូវ​មាន​បទ​បញ្ញត្តិ ស្ដី​ពី​គណបក្ស​«មិន​ចូល​ប្រជុំ​សភា​ដំបូង»

ដើម្បីបញ្ជៀស នូវភាពជាប់គាំង នៃការបើកសម័យប្រជុំ សម្រាប់និតិកាលថ្មី នៃរដ្ឋសភា លោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា តាំង​ពី​ជាង​៣០ឆ្នាំ​កន្លងមក បានរកឃើញ យុទ្ធសាស្ត្រថ្មី នោះគឺការដាក់បញ្ញត្តិ កំហិតលើគណបក្សណា ដែល​មិន​ចូល​ប្រជុំ ទៅ​ក្នុង​ច្បាប់«គ​.ជ.ប ថ្មី»។

ត្រូវតែធ្វើនូវបទបញ្ញត្តិថ្មី ពីអំពី ការមិនចូលប្រជុំសភាដំបូង របស់គណបក្សណា ដែលមានសម្លេងឆ្នោតក្នុងរដ្ឋសភា។ នេះ​ជាការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុង​«ទិវា​យុទ្ធនាការ​អក្ខរកម្មជាតិ» នាព្រឹកថ្ងៃទី០២ ខែមីនា បន្ទាប់ពីសេចក្ដីព្រាង វិសោធនកម្មច្បាប់បោះឆ្នោត«ថ្មី» ត្រូវបាន​គណបក្ស​ទាំងពីរ ឯកភាពលើចំណុច ដែលនៅសេសសល់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលម៉ិញនេះ។

ក្រោយការបោះឆ្នោត២០១៣ កន្លងថ្មីៗនេះ គណបក្សសង្គ្រោះជាតិ ដែលបានជាប់ឆ្នោត បានធ្វើពហិការ មិនចូលសភា ដែលនាំឲ្យកូរ៉ុមតំណាងរាស្រ្តនៃរដ្ឋសភា មានចំនួនមិនគ្រប់១២៣នាក់។ ចំនួនមិនគ្រប់នេះ តាមរយៈការបើកសភាដំបូង មិនគ្រប់ចំនួនតាមច្បាប់រដ្ឋធម្មនុញ្ញ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលចូលប្រជុំសភាដំបូងតែឯង រងនូវការវាយ​ប្រហារ​យ៉ាងខ្លាំង ពីសំណាក់គណបក្សប្រឆាំង សាធារណៈមតិជាតិ និងអន្តរជាតិមួយចំនួន។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «បញ្ហានៅសល់ថ្ងៃនេះ សម្អាត ហើយដាក់បញ្ចូល បញ្ញត្តិស្ដីអំពីបញ្ហា ដែលគេហៅ​ថា កុំឲ្យជាប់គាំង អ្នកដែលមិនចូលស្បថ យកសុពលភាព និងអ្នកដែលចូលប្រជុំ ស្អីៗហ្នឹង ។ (…) អញ្ជឹងវាទៅស្រួល​ហើយ។»

នៅក្នុងជំនួបកំពូលមួយ រវាងប្រធានក្រុមតំណាងរាស្រ្តមតិភាគតិច លោក សម រង្ស៊ី និងប្រធានក្រុមតំណាងរាស្រ្ត​មតិ​ភាគ​ច្រើន ក្នុងរដ្ឋសភា លោក ស ខេង កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈកន្លងមក បានបន្សល់ទុកនូវបញ្ហា ចំនួនជាង១០​ចំណុច ក្រោយពីបានដោះស្រាយ នូវចំណុចធំៗមួយចំនួន ដែលបានបង្ហាញ នូវការដោះដូរគ្នាមួយចំនួន រវាងបក្សទាំងពីរ ដើម្បី​ឲ្យ​មាន​ភាពត្រូវគ្នានោះ។ តែភាពត្រូវគ្នានេះ ក៏បានកើតឡើង ក្រោយការព្រមាន ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។ លោក​នាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈថា បើជំនួបនៃក្រុមការងារគណបក្សទាំងពីរនេះ នៅតែបង្ហាញ​ជំហរ​មិន​ត្រូវ​គ្នាទេ នោះលោកនឹងសម្រេច រក្សាអនុវត្តច្បាប់ចាស់ ដែលមានស្រាប់។

ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីនេះ ជាលទ្ធផល នៃការព្យាយាមបិទបាំង របស់លោក ស ខេង និងលោក សម រង្ស៊ី នៅ​ក្នុងជំនួបកំពូលនោះ។ មិនត្រឹមតែប៉ុណ្ណឹង លោក ប៊ិន ឈិន ប្រធានក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា ក៏ទើបនឹង​បានបង្ហើបឲ្យដឹង នាថ្ងៃទី២ ខែមីនានេះ ក្នុងពិធីបើកសន្និបាត បូកសរុបការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែរថា គណបក្សទាំងពីរបានឯកភាពគ្នាលើចំណុច យល់ព្រមឲ្យមន្រ្តីរាជការសាធារណៈ ដូចជា មន្រ្តី​តុលាការ (ចៅក្រម ព្រះរាជអាជ្ញា) នគរបាល យោធា… អាចចូលរួមឃោសនាបោះឆ្នោត ក្នុងក្រមខ័ណ្ឌ ជាប្រជាពលរដ្ឋ​ធម្មតា គ្មានប្រើអាវុធ អំណាច និងបុណ្យស័ក្តឡើយ។

លោក ប៊ិន ឈិន បានបន្ថែមទៀតថា ក្រុមការងារមកពីគណបក្សទាំងពីរ បានឯកភាពបន្ថែមចំនួនអាសនៈពីរទៀត ពី​១២៣ ទៅ ១២៥អាសនៈ សម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ឆ្នាំ២០១៨។ និងបានឯកភាព លើការទម្លាក់ចំនួនថ្ងៃ នៃ​ការឃោសនាបោះឆ្នោត ពី៣០ថ្ងៃ មកត្រឹម ២៥ថ្ងៃ ដែលក្នុងនោះ ៤ថ្ងៃជាថ្ងៃហែរក្បួនឃោសនា និង២១ថ្ងៃជាថ្ងៃឃោសនា នៅនឹងកន្លៃង ខណៈមន្រ្តីសង្គមស៊ីវិល មិនអាចចូលរួម ក្នុងការឃោសនាបោះឆ្នោត ឲ្យគណបក្ស​នយោបាយណាមួយ​បាន​ឡើយ។

យ៉ាងណាក៏ដោយ ច្បាប់នានាពាក់ព័ន្ធនឹង គ.ជ.ប ទាំងនេះ បានរងនូវការរិះគន់យ៉ាងខ្លាំងក្លា ពីសម្ព័ន្ធកំណែ​ទម្រង់​ការ​បោះឆ្នោត ហៅកាត់ជាភាសាអង់គ្លេស ថា ERA ដោយបានហៅច្បាប់ថ្មីនោះថា នៅតែ«គ្មាន»ភាពឯករាជ្យ ដរាបណា​ស្ថាប័ន​មួយនេះ ស្ថិតក្រោមការគ្រប់គ្រងដោយ គណបក្សនយោបាយ។ លោក ព្រាប កុល នាយកប្រតិបត្តិ នៃអង្គការ​តម្លាភាពកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាពេលថ្មីៗនេះ ថា គ.ជ.ប ថ្មី នៅតែមានចំណុចលាក់លៀម ពី​«បក្ស»​ទាំងពីរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments