ពេជ្រ ព្រហ្មមុន្នី ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ

ជនជាប់ចោទ ពេជ្រ ព្រហ្មមុន្នី ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ បញ្ជូនទៅកាន់ពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី ២០ ខែកុម្ភ: នេះតាមដីការសម្រេចឃុំខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ឡុង កេសរភារម្យ។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 20, 2015
  • ប្រធានបទ: យុត្តិធម៌
  • អាន និងបញ្ចេញយោបល់

ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ឡុង កេសរភារម្យ បានចេញដីការឃុំខ្លួន លោកឧត្តម​សេនីយ៍ ពេជ្រ ព្រហ្មមុន្នី នៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន បន្ទាប់ពីលោកព្រះរាជអាជ្ញារង លី សុផាណា ចោទ​ប្រកាន់តាមមាត្រា ៦០៩ និង មាត្រា ៦១៩ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ព័ត៌មានជាបឋម ស្តីពីការចោទប្រកាន់លើលោក ពេជ្រ ព្រហ្មមុន្នី មានចំនួនពីរបទល្មើស។ ក្រៅពីបទល្មើស​ទាំង​ពីរ បើតុលាការស៊ើបអង្កេតទៅអាចរកឃើញថា មានបទល្មើសពុករលួយ លោកនឹងត្រូវចោទប្រកាន់ ពីបទស៊ី​សំណូក (ពុករលួយ)។ នេះបើតាមប្រភព ពីមន្ត្រីនៃសាលាដំបូងរាជធានីភ្នំពេញ និងតាមមន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា លោក ផែង វណ្ណៈ ដែលផ្សាយដំណឹងនេះ តាមបណ្តាញសង្គមរបស់លោក។

បទល្មើសទីមួយ គឺការជ្រៀតជ្រែកដោយ«ខុសច្បាប់» ទៅក្នុងការបំពេញមុខងារសាធារណ។ បទល្មើសនេះ ត្រូវ​បានផ្ដន្ទាទោសតាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី១ ឆ្នាំ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ មាត្រានោះសរសេរថា៖ «អំពើជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការ​អនុវត្ត​មុខងារ​សាធារណ:ណាមួយ ដោយបំពេញកិច្ចការណាមួយ ក្នុងចំណោមកិច្ចការទាំងឡាយ ដែលសម្រាប់​តែ​អ្នក​មាន​សិទ្ធិក្នុងមុខងារនេះ»។

បទល្មើសទីពីរ៖ ជាបទប្រើប្រាស់ដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាត នូវយានយន្តដែលមានសញ្ញាសំគាល់ ប្រើ​ប្រាស់ដោយនគរបាល ឬ យោធា។ ករណីនេះត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និង ពិន័យ​ជា​ប្រាក់ពី ១សែន ទៅ ២លានរៀល ស្រមតាមមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ។

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ម៉ោងប្រមាណ១២ថ្ងៃត្រង់ នាសាលាដំបូងរាជធានីភ្នំពេញ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា កាលពីម្សិលម៉ិញនេះ ក្រុមការងារលោក បានទៅ​ស្តាប់ចម្លើយម្តាយឧកញ៉ា ថោង សារ៉ាត់ នៅពន្ធនាគារព្រៃសរដែរ កាលពីថ្ងៃទី១៩ ខែកុម្ភៈមិ្សលមិញនេះ។ ហើយ​ថ្ងៃនេះ លោក យ៉ិនទៀង បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ ក្នុងករណីសាកសួរលោក ពេជ្រ ព្រហ្មមុន្នី ជំនិតរបស់អតីតប្រធានសាលាដំបូង រាជធានីភ្នំពេញ លោក អាំង មាលតី ពាក់ព័ន្ធករណីស៊ីសំណូក សូក​ប៉ាន់ជាដើម។ ទោះយ៉ាងនេះក្តី ករណីជំនួបទាំងពីរខាងលើ មិនត្រូវបានបង្ហើបចេញឲ្យលំអិត ដោយប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយនេះឡើយ។

លោកឧត្តមសេនីយ ពេជ្រ ព្រហ្មមុន្នី ជាជនជំនិតទីមួយ របស់អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ដែលទើបនឹងដកតំណែង កាលពីពេលថ្មីៗនេះ។ នាយរងសេនាធិការ នៃអគ្គ​បញ្ជាការ​កងទ័ព​ជើង​គោក ក្រសួងការពារជាតិ និងជាជំនួយការផ្ទាល់ របស់លោក អាំង មាលតី រូបនេះ បានរត់គេចខ្លួន កាលពីថ្ងៃ​ទី​១៨ ខែកុម្ភៈ បន្ទាប់ពីឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមបានសម្រេច ដកតួនាទីចៅហ្វាយនាយរបស់ខ្លួន (អាំង មាលតី)។

ការឈានទៅដល់ការចាប់ និងចោទប្រកាន់លោក ពេជ្រ ព្រហ្មមុន្នី នេះ ដោយសារក្រុមអធិការ​កិច្ចនៃ​ក្រសួង​យុត្តិធម៌ បានរកឃើញនូវវត្ថុតាងពាក់ព័ន្ធមួយចំនួន ដូចជារថយន្ត Hummer ម៉ូតូជាដើម ដែលត្រូវបានលោក ពេជ្រ ព្រហ្មមុន្នី យកទៅប្រើប្រាស់ផ្ទាល់ខ្លួន។ តាមប្រភពដដែលបង្ហាញថា នៅមានរថយន្តជាច្រើនគ្រឿងទៀត ដែលមិនត្រូវបានយកមកប្រគល់ ឲ្យតុលាការវិញនៅឡើយទេ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments