ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ នឹង​ត្រូវ​ដក​ហូត​ពី​តំណែង?

លោក អាំង មាលតី ប្រធានតុលាការសាលាដំបូងរាជធានី នឹងត្រូវដកចេញពីតំណែង ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ។ លោក តាំង ស៊ុនឡាយ ដែលជាប្រធានស្តីទីសព្វថ្ងៃ នឹងអាចឡើងជំនួសតំណែង ជាប្រធានសាលាដំបូងវិញ។

បើទោះជា មិនទាន់មានការចេញលិខិត ដោះដូរតំណែងច្បាស់លាស់ក៍ដោយ ក៍ព័ត៌មានក្នុងស្រុកមួយចំនួន បានអះអាងយ៉ាងច្បាស់ថា លោក អាំង មាលតី នឹងត្រូវដកចេញពីតំណែង ប្រធានសាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យទៅនៅក្រសួងយុត្តិធម៌ និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ឧត្តមក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម។ រីឯលោក តាំង ស៊ុនឡាយ ប្រធានស្តីទី នឹងត្រូវឡើងមកកាន់តំណែង ជាប្រធាន​សាលាដំបូង​ជំនួស​លោក អាំង មាលតី វិញ។

ព័ត៌មាននៃការដោះដូរតំណែងនេះ ត្រូវបានផ្សាយចេញ បន្ទាប់ពីលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងស្នើរ​ដល់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ឲ្យធ្វើសវនកម្មអធិការកិច្ចជាបន្ទាន់ ក្នុងសំណុំរឿងឃាតកម្មដ៏កក្រើក ទៅ​លើលោកឧកញ៉ា អ៊ឹង ម៉េងជឺ និងករណីដោះលែងឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ដែលជា​ជន​សង្ស័យធំបំផុត ក្នុងសំនុំរឿងឃាតកម្មនេះ។ នេះបើតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រី ដែលបានថ្លែង​នៅ​ក្នុង​ពិធីចែកសញ្ញាប័ត្រ ឲ្យនិស្សិតនៅសាកលវិទ្យាល័យមួយ នៅក្នុងរាជធានីភ្នំពេញ។

ការជឿជាក់មួយទៀត ដែលអាចយកជាការបាន គឺនៅក្នុងគណនីសង្គមហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន មន្ត្រី​អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរសំដែងការអបអរសាទដែរ ពីការផ្លាស់ប្តូរតំណែង របស់​ប្រធានតុលាការរាជធានីនេះ។ ប៉ុន្តែលោកបានមិនបានបង្ហាញពីលិខិត ឫសេចក្តីប្រកាស ដែលមានការផ្លាស់​ប្តូរ​តំណែងនេះ ច្បាស់លាស់នៅឡើយទេ។

ពាក់ព័ន្ធនឹងការដោះដូរតំណែងនេះ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេស ឃ្លាំមើលការរំលោភ​សិទ្ធិ​មនុស្ស របស់អង្គការលីកាដូ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូឲ្យដឹងថា លោកបានទទួលព័ត៌មាន​ក្រៅផ្លូវការ ពីការព្យួរ ឫដោះដូរតំណែងរបស់ប្រធានតុលាការរាជធានីដូចគ្នា។ ហើយលោកបានសម្ដែង​ការគាំទ្រ ចំពោះចំណាត់ការរបស់លោក ហ៊ុន សែន ដែលស្នើឲ្យមានការពិនិត្យ ចំពោះករណីឃាតកម្មលើ​លោក ឧកញ៉ា អ៊ឹង មេងជឺ និងករណីដោះលែងឧពុកម្តាយរបស់លោក ថោង សារ៉ាត់ ឲ្យបានច្បាស់លាស់​បន្ថែម​ទៀត។ លោក សំអាត បានយល់ទៀតថា ការដែលដោះដូនេះ វាអាចទាក់ទងទៅនឹង កំណែរទម្រង់​ប្រព័ន្ធ​តុលាការ ដែលរដ្ឋាភិបាលបានធ្វើការសន្យា នាពេលកន្លងមក។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បានបន្ថែមថា លោកគាំទ្រឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់នេះ ព្រោះលោក​ចង់ឲ្យឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ធ្វើការពិនិត្យលើករណីផ្សេងទៀត ដែលលោកយល់ថា មានភាព​មិន​ប្រក្រតី ដូចការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ ដែរ។ លោក អំ សំអាត បានសម្ដែងក្ដីសង្ឃឹមថា តុលាការ​នឹងធ្វើការកែសម្រួលប្រព័ន្ធតុលាការ ឲ្យមានប្រសិទ្ធិភាព និងក្លាយជាតុលាការគំរូ នៃឯករាជភាព​ក្នុង​ប្រព័ន្ធតុលាការផងដែរ បន្ទាប់ពីមានការដោះដូរតំណែងលើកនេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments