អាឡិច ជន​បរទេស​ទី​១ ដែល​កម្ពុជា​ឲ្យ​ទៅ​សុំ​ទិដ្ឋាការ​ពី​ក្រៅ​ប្រទេស​មក​វិញ

បើទោះជាប្រតិកម្ម បានកើនសីតុណ្ហភាព ក្នុងរយៈពេលចុងក្រោយនេះ ដើម្បីឲ្យបន្ត​ទិដ្ឋាការជូនលោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធាន​ចលនា​មាតា​ធម្មជាតិក៏ដោយ តែក្រសួង​មហាផ្ទៃ​ នៅតែបានរក្សាជំហរដដែល ក្នុងបណ្ដេញសកម្មជនបរិស្ថាន ជាតិអេស្ប៉ាញរូបនេះ ឲ្យចេញពីកម្ពុជា។ អាជ្ញាធរបានប្រើភាសាមួយថា៖ «សុំ​ឲ្យ​គាត់​ទៅ​ម្តង​សិន​ទៅ។ (...) ពេល​គាត់​ចង់​មក​វិញ គាត់​អាច​ដាក់ពាក្យ​សុំ​ទិដ្ឋា​ការមកកម្ពុ​ជាវិញ​បាន។»

មួយថ្ងៃបន្ទាប់ពីមានការស្នើសុំរបស់លោក សម រង្ស៊ី ប្រធាន​ក្រុមសម្លេងភាគតិច ក្នុងរដ្ឋសភា និងជាប្រធាន​គណបក្ស​​ប្រឆាំង ដែល​បានសរសេរលិខិត ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យបន្ត​ទិដ្ឋាការ​ជូន​លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ជា​ជនជាតិ​អេស្ប៉ាញ ដើម្បី​មាន​សិទ្ធិ​ស្នាក់នៅ​ប្រទេស​កម្ពុជា​បន្ត​ទៀតនោះ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រសួង​មហាផ្ទៃតាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានបដិសេធការស្នើសុំនោះ។ តែក្រសួងមហាផ្ទៃ បានផ្លាស់ប្ដូរ​ជំហរ​បន្តិច ដោយតម្រូវឲ្យលោក អេឡិចហ្សង់ដ្រូ ទៅសុំទិដ្ឋការចូលកម្ពុជា ពីស្ថានទូតកម្ពុជានៅក្រៅប្រទេសមកវិញ ដែលជាករណីដំបូងមួយ សម្រាប់ជនបរទេសរាប់សិបម៉ឺននាក់ ក្នុងប្រទេសកម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រកាសពីការផ្លាស់ប្ដូរជំហរនោះ នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ ប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ថា ក្រសួង​មហាផ្ទៃបាន​លុប​ឈ្មោះ​លោក អេឡិចហ្សង់ដ្រូ ចេញ​ពី​បញ្ជី​ខ្មៅ និង​មិន​ប្រើ​ពាក្យ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ត្រូវ​ចាកចេញ​មួយ​រយៈ​សិន នៅ​ពេល​ទិដ្ឋាការ​អស់​សុពលភាព។ លោកបានពន្យល់ថា លោក​អាឡិចបាន​មក​រស់​នៅ​កម្ពុជា​ ជាង​១០​ឆ្នាំមក​ហើយ ហើយមិន​ដែល​បានចាក​ចេញ ​ពី​កម្ពុជា​ម្តង​ណាឡើយ ដោយ​លោកអាឡិច​បានបន្ត​​ទិដ្ឋាការ​ ជាបន្តបន្ទាប់​រហូត ។

លោក ខៀវ សុភ័គ បានបញ្ជាក់​ថា «អស់​ម្តង​សុំបន្តៗជា​ច្រើន​ដង​ហើយ ដូច្នេះ​ដើម្បី​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា ព្រោះ​ធម្មតា​ជន​បរទេស​គេ​​មិនឲ្យ​សុំ​លើស​ពី​ពីរ​ដងទេ។ (...) អញ្ចឹង​សុំ​ឲ្យ​គាត់​ទៅ​ម្តង​សិន​ទៅ។ គាត់​ចេញ​មួយ​រយៈ​សិនទៅ។ ពេល​គាត់​ចង់​មក​វិញ គាត់​អាច​ដាក់ពាក្យ​សុំ​ទិដ្ឋា​ការមកកម្ពុ​ជាវិញ​បាន។ មិន​ដូច​លើក​មុន​ថា​ គាត់​ទៅ​ហើយមិនអាច​មក​វិញ​បាន មិន​អញ្ចឹង​ទេ អាហ្នឹង​មាន​ការ​ប្រែ​ប្រួល​ត្រង់​ហ្នឹង​បន្តិច។»

កាលពីថ្ងៃទី១៦ ខែកុម្ភៈនេះ លោក សម រង្ស៊ី បានសរសេរលិខិតស្នើទៅកាន់ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមមតិភាគច្រើននៅរដ្ឋសភា ឱ្យអន្តរាគមន៍ ទៅនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្នុងការបន្តទិដ្ឋាការឱ្យលោក អាឡិចហ្សង់ដ្រូ ដើម្បីទទួលបានសិទ្ធិស្នាក់នៅ ក្នុងប្រទេស​កម្ពុជា​បន្តទៀត។ លោក សម រង្ស៊ី បានសរសេរនៅក្នុងលិខិតនោះថា៖ «រូបខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើន យល់ឃើញថា លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន មិនមែនឧក្រិដ្ឋជនទេ ឬក៏មិនប្រព្រឹត្ត​បទ​ល្មើស​អ្វីធ្ងន់ធ្ងរ ដែលតម្រូវឱ្យបណ្តេញចេញ ពីប្រទេសកម្ពុជា»។

លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន គ្រាន់តែជាសកម្មជនម្នាក់ ក្នុងមជ្ឈដ្ឋានសង្គមស៊ីវិល ដែល​បាន​ជួយឱ្យសាធារណៈមតិ មានការចាប់អារម្មណ៍ចំពោះបញ្ហាបរិស្ថាន ព្រមទាំងជួយឱ្យប្រជាពលរដ្ឋ មានការ​យល់​ដឹង​អំពីសិទ្ធិរបស់ខ្លួន កាន់តែច្បាស់។ លោក អាឡិកហ្សង់ដ្រូ ជាមនុស្សស្រលាញ់និងគោរពវប្បធម៌ខ្មែរ ហើយ​ចេះ​និយាយខ្មែរបានល្អប្រសើរ គ្រាន់បើជាងជនបរទេសដទៃជាច្រើន ដែលកំពុងរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃ។ នេះបើតាមការអះអាង នៅក្នុងលិខិតដដែល របស់ប្រមុខគណបក្សប្រឆាំង។

ការមិនបន្តទិដ្ឋាការ ឱ្យលោក អាឡិចហ្សង់ដ្រូ ជនជាតិអេស្ប៉ាញ ដែលចេញមុខចេញមាត់ការពារបរិស្ថាន នៅ​តំបន់​អារ៉ែង នៅតែជាប្រធានក្តៅ ដែលគេកំពុងធ្វើការជជែកគ្នា ក្នុងពេលបច្ចុប្បន្ននេះ។ យុវជនមួយចំនួន បាន​ធ្វើសកម្មភាព ដើម្បីកុំឱ្យមានការបណ្តេញជនបរទេសរូបនេះ ចេញពីប្រទេសកម្ពុជា។ ចំណែកឯអង្គការ​សង្គម​ស៊ីវិលមួយចំនួន ក៏បង្ហាញការសោកស្តាយផងដែរ ចំពោះការសម្រេចមិនបន្តទិដ្ឋការ ឱ្យសកម្មជនការពារ​ធនធាន​ធម្មជាតិរូបនេះ បន្តរស់នៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ ចំពោះការលើកឡើងរបស់លោក ខៀវ សុភ័គ ក្នុងការសុំឲ្យលោក អាឡិចហ្សង់ដ្រូ ដែលបន្ត​ទិដ្ឋាការនៅកម្ពុជាយូរឆ្នាំ ត្រូវចាកចេញពីកម្ពុជាជាមុនសិន ទើបអាចសុំម្តងទៀតនោះ មិនមានចែង នៅក្នុង​ច្បាប់​កម្ពុជាណាមួយឡើយ។ ហើយចំណាត់ការបែបនេះ ក៏មិនដែលត្រូវបានរដ្ឋាភិបាលកម្ពុជា លើកឡើងដាក់កំហិត ទៅលើជនបរទេសរាប់ពាន់ម៉ឺននាក់ផ្សេងទៀត ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ពីមុនមកនោះដែរ។ មន្ត្រី​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ​បានថ្លែងប្រតិកម្ម តាមរយៈវិទ្យុសម្លេង​ប្រជា​ធិប​តេយ្យ​ដដែល ទៅនឹងការលើកឡើងនេះថា៖ «​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អ​មើល​ កុំ​ឲ្យ​អាក្រក់​មើល​ពេក។ កាល​ណា​បណ្តេញ​ចេញ​ វា​អាក្រក់​មើល តែ​កាល​ណា​បើសិន​ ជា​ឲ្យ​អាឡិច​ចាក​ចេញ​ទៅ​ ហើយ​សុំ​វីសា (ទិដ្ឋាការ)ចូល​ជា​ថ្មី គេ​មិន​ផ្តល់​វីសា​ឲ្យ​ចូល​ ចូល​អត់​បាន​ដូច​​គ្នា»។

មករស់នៅលើទឹកដីកម្ពុជាអស់ពេលជាង១២ឆ្នាំ លោក អាឡិចហ្សង់ដ្រូ ជាស្ថានិកនៃអង្គការចលនាមាតាធម្មជាតិ ដែលបង្កើតឡើងដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ជាពិសេសតំបន់អារ៉ែង ក្នុងខេត្តកោះកុង ដែលគេចាតទុកថា ជាព្រៃឈើចុងក្រោយរបស់កម្ពុជា មិនទាន់រងនូវការកាប់បំផ្លាញ។ ជារឿយៗ លោកតែងតែ​ធ្វើការតវ៉ាជាមួយអាជ្ញាធរ និងក្រុមហ៊ុន ដើម្បីកុំឱ្យមានការសាងសង់ទំនប់វារីអគ្គសនី ក្នុងស្ទឹងឆាយអារ៉ែង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments