ហ្វេសប៊ុក ហ៊ុន សែន ថា​កម្មវិធី​ស៊ិច​ស៊ី KAZANTIP ត្រូវ​បាន​ផ្អាក

ការប្រគំដន្រ្តី និងការកម្សាន្តបែបបរទេស ដែលលាយឡំជាមួយ នឹងអ្នកចូលរួមអាក្រាតកាយ និងការរួមរ័ក ត្រូវបាន«ផ្អាក» ជាស្ថាពរហើយ។ នេះបើយោងតាមទំព័រហ្វេសប៊ុក ដែលគេស្គាល់ថា ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

តាមទំព័រហ្វេសប៊ុក «Samdech Hun Sen, Cambodian Prime Minister» ដែលគេស្គាល់ថា ជារបស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា៖ «គម្រោងការប្រគុំតន្រ្តី KAZANTIP Asia (កាហ្សានទីប អេសៀ) នៅលើឆ្នេរកោះពស់ខេត្តព្រះសីហនុ (១៨-២៨ ខែកុម្ភៈ ឆ្នាំ២០១៥) ត្រូវបានផ្អាក។»

ការសរសេរនេះ ដូចបានធ្លាក់មកយឺតពេលបន្តិច បន្ទាប់ពីមានការរិះគន់យ៉ាងច្រើន ពីសំណាក់ពលរដ្ឋ​កម្ពុជា​ជាទូទៅ ទៅលើការប្រគុំតន្រ្តីបែបបរទេសនេះ ដែលបើតាមគម្រោងពីមុនមក នឹងត្រូវរៀបចំធ្វើក្នុងប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។ ក្រុមអ្នករិះគន់ បានយល់ឃើញថា កម្មវិធីនេះ នឹងបំផ្លាញនូវវប្បធម៌ដ៏ល្អប្រពៃ របស់កម្ពុជា និង​ការនាំមកវិញ នូវភាពអវិជ្ជមានច្រើន។

ទំព័រហ្វេសប៊ុក«សម្ដេច ហ៊ុន សែន» បានសរសេរសង្ឃឹមទៀតថា ទៅថ្ងៃអនាគត រាល់កម្មវិធីកំសាន្ត ទាក់​ទាញ​ទេសចរណ៍នានា នៅក្នុងប្រទេស គឺត្រូវមានកិច្ចសហការ ជាមួយអាជ្ញាធរអោយបានល្អ ហើយ​មាន​ការ​ធានា​ចំពោះសន្តិសុខ សុវត្ថិភាព បរិស្ថានធម្មជាតិ និង ធានាថាមិនប៉ះពាល់ដល់វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​​ខ្មែរ​ឡើយ។

ប៉ុន្តែការសរសេរនេះ មានលក្ខណៈប្រទាំងប្រទើសបន្តិច ពីការលើកឡើងថា «ត្រូវមានកិច្ច​សហការ»​ជាមួយ​អាជ្ញាធរឲ្យបានល្អ ដោយហេតុថា គឺអភិបាលខេត្តព្រះសីហនុស្តីទី លោកអភិបាលរង សំ សំអាត ទៅវិញទេ ជាអ្នកចុះហត្ថលេខាព្រមព្រៀង ឲ្យមានការប្រគុំតន្រ្តីកាហ្សានទីប នេះឡើង។ តែក្រោយមក នៅពេលដែល​ពិនិត្យឃើញ ពីសកម្មភាពនៃការប្រគុំតន្ត្រីនេះ តាមរយៈគេហទំព័រនានារួច អភិបាលខេត្ត លោក ឈិត សុខុន បានលុបចោលលិខិតអនុញ្ញាតនោះ នៅថ្ងៃទី២ ខែកុម្ភៈកន្លងមក ដោយចាត់ទុកថា កម្មវិធីនេះ មានលក្ខណៈ​អាសអាភាស និងមានកាយវិការរួមភេទ ដែលលោកយល់ថា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និង​កិត្តិយសរបស់កម្ពុជា។

យ៉ាងណាក៏ដោយ ការលើកឡើង ពីរាល់កិច្ចអភិវឌ្ឍន៍ និងការបង្កើតឲ្យមានការទាក់ទាញ ផ្នែកទេសចរណ៍ របស់រដ្ឋាភិបាល មិនសូវជាមានពិន្ទុល្អ សម្រាប់ក្រុមអ្នកប្រើប្រាស់ បណ្ដាញសង្គមប៉ុន្មានទេ។ ម្ចាស់គណនី​ម្នាក់ លោក គីម ចាន់តិក បានបញ្ចេញនូវទស្សនៈថា កិច្ចអភិវឌ្ឍន៍មួយចំនួនរបស់កម្ពុជា ដែលកើតឡើង នា​ពេលកន្លងមកភាគច្រើន មិនបានផ្តោតការយកចិត្តទុកដាក់ លើប្រយោជន៍ជាតិ និងពលរដ្ឋជាធំទេ។ គិតតែ​ពីប្រយោជន៍បុគ្គលផ្ទាល់ខ្លួន និងបក្សពួកនិយមប៉ុណ្ណោះ។ រីឯលោក អែម ស៊ីនតូ បានបង្ហាញនូវហេតុផល​មួយ​ចំនួន ដែលកំពុងកើតមានថា៖ «នៅក្រុងមានបា ខារ៉ាអូខេ។ (...) នៅឆ្នេរកំសាន្តមានរាំស្រាត រួមរ័កសេរី នៅ​កន្លែងល្បី (អង្គរ) ទេសចរណ៍ថតស្រាត។ល។ ពិតជាព្រះរាជាណាចក្រ អច្ឆរិយៈមែន។»

ដោយបង្ហាញពីការមិនគាំទ្ររបស់ខ្លួន ចំពោះកម្មវិធីតន្រ្តីរាំ បែបស៊ិចស៊ីនេះដែរ លោក ទិប ទាប នាយក​ប្រតិបត្តិ​នៃសហព័ន្ធនិស្សិត បញ្ញវ័ន្តកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «យុវជនអាច​ឈាន​ទៅរក​ភាពភ្លើតភ្លើន តាមរបត់សង្គម។ (…) នាំឲ្យប្រពៃណីដ៏ល្អរបស់កម្ពុជានឹងសាបរលាប។»

ប៉ុន្តែសម្រាប់ក្រុមហ៊ុន កាហ្សានធីប (Kazantip) វិញ បានព្យាយាមអះអាងថា ការរៀបចំប្រគំតន្ត្រី និងសម្ដែង​សិល្បៈប្រចាំឆ្នាំរបស់ខ្លួន នៅលើកោះពស់ នៃខេត្តព្រះសីហនុនោះ នឹងមិនប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់ របស់ប្រទេសកម្ពុជាទេ។ តំណាងក្រុមហ៊ុន លោក អាធីម ហាឆឹនកូ (Artem Harchenko) បាន​ថ្លែងថា ការប្រគំតន្ត្រីរបស់ក្រុមហ៊ុនលោក នឹងមានការទាក់ទាញភ្ញៀវទេសចណ៍ ឲ្យចូលមកកម្ពុជាកាន់តែ​ច្រើន​ឡើង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments