សត្វ​មិន​ដែល​ត្រូវ​គ្នា តែ​មក​ចាប់​ដៃ​គ្នា​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ

ដើម្បីបុព្វហេតុ នៃការផ្សាយពាណិជ្ជកម្មមួយ សត្វជាច្រើនដែលមានប្រវត្តិមិនដែលត្រូវគ្នា បែរបានចាប់ដៃគ្នា ដើម្បីចែករំលែកនូវអ្វី ដែលគេបានធ្វើរួមគ្នាទៅវិញ។
សត្វដំរី និងឆ្កែ នៅជាមួយគ្នា។ (រូបថតផ្តិតពីវីដេអូ)

តើ​យក​សត្វ ដែល​មាន​ប្រវត្តិ​មិន​ដែល​ត្រូវ​គ្នា មក​ដើរ​តួ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម ពិត​ជា​បង្ក​ការ​ទាក់​ទាញ​មែន​ឬ? មែន​ឬ​មិន​មែន​ក៏​ដោយ តែ​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម របស់​អេនដ្រ័យ (Android) មួយ​នេះ បាន​​ប្រមូល​យក​រូបភាព​ជា​ច្រើន ដែល​បង្ហាញ​ពី​សត្វ​គួរ​ឲ្យ​ស្រឡាញ់​ជា​ច្រើន និង​មាន​ប្រវត្តិ​មិន​ដែល​ត្រូវ​គ្នា ឬ​ឃើញ​គ្នា​មិន​បាន យក​មក​ដើរ​តួ​ដើម្បី​ឲ្យ​អ្នក​ផង​ចាប់​អារម្មណ៍។ សត្វ​ទាំង​នោះ មាន​ដូច​ជា កូន​ឆ្មា​និង​កូន​មាន់ ឆ្កែ​និង​ស្វា កូន​តោ​និង​ឆ្កែ ដំរី​និង​ចៀម ខ្លា​និង​ខ្លា​ឃ្មុំ... ហើយ​ពួក​គេ​បាន​ចូល​ខ្លួន​មក​ចាប់​ដៃ​គ្នា ឬ​បបោស​អង្អែល​គ្នា ដើម្បី​បង្ហាញ​មក​ទស្សនិក​ជន​ទាំង​ឡាយ ឲ្យ​ស្គាល់​ពី​ការ​ស្រឡាញ់​រាប់​អាន​គ្នា ថា​តើ​វា​មាន​អត្ថន័យ​យ៉ាង​ណា។

វីដេអូផ្សាយពាណិជ្ជកម្មនេះ មានចំណងជើងថា «មិត្តភាពជានិច្ចនិរន្ត (Friends Forever)»។ តែសំនួរប្រាកដ​ជា​សួរ​ថា ហេតុអ្វីបានបង្កើតប្រធានបទបែបនេះ ដើម្បីផ្សាយពាណិជ្ជកម្មឲ្យប្រព័ន្ធមេ អេដ្រ័យ របស់ហ្គូហ្គ័ល (Google) អញ្ចឹង?

មិនពិបាកស្វែងយល់ ពីចម្លើយទេ។ ព្រោះហ្គូហ្គ័ល និងអ័បផល (Apple) តែងតែមើលមុខគ្នាមិនចំ ទាក់ទងនឹង​ប្រព័ន្ធមេរបស់ខ្លួន ដែលដាក់ទៅឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់។ ហ្គូហ្គ័ល មាន អេនដ្រ័យ រីឯ អ័បផល មាន អាយអូអេស (iOS)។ ហើយភាពខុសគ្នារវាងប្រព័ន្ធមេទាំងពីរនេះ គឺនរណាៗក៏អាចបង្កើតម៉ាស៊ីន ដែលមាន​យី​ហោ​តែរៀងខ្លួន និងមានកម្មវិធីជាច្រើនសិប ដែលគេអាចយកមកប្រើ ដោយបើកទូលាយ ជាមួយនឹងប្រព័ន្ធមេ អេនដ្រ័យ ដែលខុសឆ្ងាយពី អាយអូអេស របស់ អ័បផល ដែលការបង្កើតកម្មវិធីទាំងនោះ មានគោលបំណង ដើម្បីយកទៅប្រើប្រាស់ តែនៅលើម៉ាស៊ីនដែលមានយីហោរបស់ខ្លួនប៉ុណ្ណោះ។

ដូចពាក្យស្លោក ដែលពន្លេចខ្លួន នៅលើវីដេអូ ដូច្នេះថា៖ «រួមគ្នាទាំងអស់ជាមួយនឹងភាពសម្បូរបែប តែមិន​មែន​ដដែលៗទេ (Be together, not the same)»។

តែបើទោះជាមានវីដេអូនេះ ចេញផ្សាយមកសណ្ដុំចិត្តអ្នកប្រើប្រាស់ទាំងឡាយ នៅជុំវិញពិភពលោកក៏ដោយ ក៏​មិន​ប្រាកដថា ប្រព័ន្ធមេ អេនដ្រ័យ របស់ ហ្គូហ្គ័ល អាចនឹងធ្វើឲ្យផ្លាស់ប្ដូរអ្វីបានដែរ។ បើយោងតាមទិន្នន័យ​នៃ​ទីផ្សារ​ក្នុងត្រីមាសចុងក្រោយនេះ បង្ហាញថា តួលេខនៃការប្រើប្រាស់ប្រព័ន្ធ អេនដ្រ័យ មានការថយចុះ បើ​ប្រៀប​ធៀបនឹងតួលេខកើនឡើងរបស់ អាយអូអេស៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments