ក្រសួង​អប់រំ​​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី នៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់

នៅថ្ងៃទី១៤ កុម្ភៈខាងមុខ ដែលជាថ្ងៃបុណ្យ នៃសេចក្តីស្រលាញ់ ឬមនុស្សគ្រប់គ្នា ហៅថាបុណ្យសង្សារនោះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃសេចក្តីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា។

សេចក្តី​ណែនាំ​ដែល​ចុះ​ហត្ថលេខា ដោយ​រដ្ឋមន្រ្តី​ក្រសួង​អប់​រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​ឱ្យ​ដឹង​ថា ដើម្បី​ពង្រឹង​ការ​អនុវត្ដ​បទ​បញ្ជា​ផ្ទៃ​ក្នុង សម្រាប់​គ្រឹះ​សា្ថន​សាធារណៈ ក្រសួង​បាន​ណែនាំ ស្ដី​ពី​វិធានការ​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​នៅ​ចំណុច​មួយ​ចំនួន។

វិធានការនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងអប់រំយុវជន និងកីឡាបានសង្កេតឃើញថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែ​កុម្ភៈ ដែលជាទិវាបុណ្យនៃសេចក្តីស្រលាញ់ ជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួន យល់ច្រលំថា បុណ្យ​នេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។

សេចក្តីណែនាំដដែលបានស្នើរឱ្យគ្រឹះស្ថានអប់រំទាំងអស់ ត្រូវៈ

១. ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យាបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ កុំ​ឱ្យ​មានការយល់ខុស អំពីអត្ដន័យនៃទិវាបុណ្យនៃក្ដីស្រឡាញ់ (Valentine’s Day)។
២. ត្រូវពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈ ឱ្យបានម៉ឹងម៉ាត់ ជាពិសេសលើ​ការ​គ្រប់​គ្រង​សីលធម៌ និងវិន័យ ដោយតាមដានអវត្ដមាន របស់សិស្សានុសិស្សជាប្រចាំ។
៣. ត្រូវជម្រុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្ត​សកម្មភាព​«មិត្ត​អប់រំ​មិត្ត»។
៤. ត្រូវធ្វើទំនាក់ទំនងជិតស្និត ជាមួយមាតាបិតា អ្នកអាណាព្យបាលសិស្ស សហគមន៍ ដើម្បីផ្តល់ និងទទួល​ព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្សបានទាន់ពេលវេលា។

លោក យឹម ប៉េងឈុង នាយកសាលា អាស៊ានស៊ីធីអន្តរជាតិ ដែលជាសាលាឯកជនបណ្តុះបណ្តាល ទាំងកុមារ និង​យុវវ័យ បានប្រាប់ឱ្យដឹងថា លោកនឹងធ្វើការអប់រំ ទៅកាន់សិស្សឱ្យយល់ដឹងពីថ្ងៃបុណ្យ​នៃសេចក្តីស្រលាញ់​នេះ ជាពិសេសបំផុសទៅកាន់គ្រូៗទាំងអស់ ឱ្យណែនាំទៅកូនសិស្សរបស់ពួកគាត់ កុំឱ្យប្រព្រឹត្តិនូវ​សកម្មភាព​មិន​ប្រក្រតី ដែលវាជាការខុសឆ្គងទៅនឹងប្រពៃណី។ លោកបន្តថា ចំពោះការស្រង់អវត្តមាន សាលានឹងពង្រឹង​ដូចថ្ងៃ​ធម្មតា។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បុណ្យនៃសេចក្តីស្រលាញ់ ទទួលបានការពេញនិយមយ៉ាងខ្លាំង ពីយុវជនខ្មែរ។ នៅ​ថ្ងៃនោះយុវវ័យមួយចំនួន បានទិញកាដូ ជាពិសេសផ្កាកុលាប ទៅដល់មនុស្សជាទីស្រលាញ់។ សម្រាប់មហាជន​មួយចំនួន ជាពិសេសឪពុកម្តាយតែងតែព្រួយបារម្ភ ពីកូនចៅរបស់ខ្លួន ក្រែងធ្វើអ្វីដែលខុសប្រពៃណី នៅក្នុងថ្ងៃ​បុណ្យនៃសេចក្តីស្រលាញ់នេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments