អង្គរ័ក្ស ថោង សារ៉ាត់ ទាំង៤ អាច​នឹង​ត្រូវ​ដោះ​លែងទៀត?

ស្របពេលដែលឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានដោះលែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ដោយលោកចៅក្រមស៊ើបសួរ លី សុខឡេង នោះ អង្គរ័ក្សទាំងបួនរូបរបស់លោក ថោង សារ៉ាត់ ក៏ត្រូវបានហៅមកសាកសួរបន្ថែមក្នុងថ្ងៃទី៩ ខែកុម្ភៈនេះ។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៩ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 10, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អាន និងបញ្ចេញយោបល់

ជនជាប់ចោទដែលជាអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ សៀង វាសនា ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ ហៅមកសារសួរបន្ថែម កាលពីព្រឹកថ្ងៃចន្ទទី៩ ខែកុម្ភៈ ម្សិលម៉ិញ ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោក អ៊ឹង ម៉េងជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ត្បូងពេជ្រ​ និង​ជា​ប្រធាន​ក្រុមហ៊ុន Shimmex Group កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមក។ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី លោក លី សុខឡេង ​បាន​កោះ​ហៅ ជនជាប់ចោទ​រូបនេះមក​សាកសួរបន្ថែមទៀត បន្ទាប់ពីសមត្ថកិច្ច​សង្ស័យ​ថាជាជនដៃ​ដល់​ ក្នុងឃាតកម្មមួយដ៏​កក្រើកនេះ ដែលបានកើតនៅ​មុខ​ហាង​លក់​ផ្លែឈើ​ឡោតិចសេង ក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

បន្ទាប់ពីបញ្ចប់ការសាកសួររបស់ចៅក្រម ទៅលើជនជាប់ចោទរួច លោក គា អ៊ាវ មេធាវី​ការពារក្តីឲ្យ​ឈ្មោះ សៀង វាសនា បាន​ប្រាប់​ថា លោក​ចៅក្រម​ស៊ើបសួរ​បាន​សួរលោក សៀង វាសនា ឡើង​វិញ​ពី​ដើម​ដល់​ចប់ និង​បាន​សួរ​​ពី​ទីកន្លែង​ដែលជនរងគ្រោះបានទៅ នៅថ្ងៃកើតហេតុនោះ​។ លោក​មេធាវី​បន្ថែម​ថា​៖ «​កូនក្តី​ខ្ញុំ​បាន​ឆ្លើយ​ថា នៅ​​ព្រលប់​ថ្ងៃ​ទី​២២ វិច្ឆិកា​នោះ និង​នៅពេល​ដែល​ក្តី​ឃាតកម្ម កំពុង​កើតឡើង​គឺ​គាត់​ស្នាក់នៅ​ក្នុង ខេត្ត​កំពង់ឆ្នាំង ជាមួយ​នឹង​ក្រុម​គ្រួសារ​។ គាត់​ពុំ​មាន​វត្តមាន​នៅក្នុង​រាជធានី​ភ្នំពេញ​ទេ​។ គាត់​ក៏​បដិសេធ​ថា គាត់​មិន​ដែល​​សារភាព​​ម្តង​ណា​នោះ​ទេ​។»។

លោក​មេធាវី និយាយ​ដែរ​ថា​ យោងតាម​ចម្លើយ សៀង វាសនា គឺ​គាត់​មិន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ទេ តែ​ជា​ជនរងគ្រោះ​នៅក្នុង​រឿងក្តី​នេះ​។

ការស៊ើបសួរឡើងវិញខាងលើ របស់ចៅក្រមសាលាដំបូង ត្រូវបានក្រុមអ្នកតាមដានសំនុំរឿងមើលឃើញថា អាច​ជាច្រកទ្វាដ៏សំខាន់​មួយ ដើម្បីឈានទៅ​រក​ការ​ដោះលែងជនសង្ស័យទាំងអស់ (ក្នុងនោះ រួមទាំងលោក ថោង សារ៉ាត់ ផង) បន្ទាប់​ពី​ចៅក្រម​​ស៊ើបសួរលោក លី សុខឡេង ដដែលនេះ បានដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ ឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្នោះ កែវ សារី (ជាម្តាយ) ឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ ឲ្យនៅក្រៅឃុំ​បណ្តោះ​អាសន្ន កាលពីថ្ងៃទី០៦ ខែ​កុម្ភៈ ឆ្នាំ២០១៥ និងដោះលែងជាផ្លូវការនៅថ្ងៃបន្ទាប់។

ខុសបច្ចេកទេស...

លោក ឈីម ឃីម អតីតមន្រ្តីយោធាម្នាក់ មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឪពុកម្តាយលោក ថោង សារ៉ាត់ ដែលមានចេតនាលាក់កាំភ្លើងស្វ័យប្រវត្តិជាច្រើនដើម ត្រូវបានដោះលែងរួចទៅហើយ តើមានអ្វី​ដែល​មិនអាចដោះលែងបាន ចំពោះអង្គរក្សទាំងបួន ឬលោក ថោង សារ៉ាត់ ផ្ទាល់នោះ? លោកបានដាក់ការ​សង្ស័យ​​ថា ការដោះ​លែងនេះ ទំនងជាមិនចំណាយប្រាក់មិនតិច ហើយអាចមានអ្នកធំនៅជ្រោមជ្រែង​ពីក្រោយ​។ លោកបានយល់ឃើញទៀតថា៖ «បន្តិចទៀត តុលាការប្រើអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីដោះលែង​អ្នក​ទាំង​បួន ដោយមិនខ្វល់ពីអ្នកដែលចាប់ឡើយ។ ហើយសារជាថ្មី តុលាការអាចលើកឡើងថា មកពីបញ្ហា​ខុស​បច្ចេកទេស​ក៏បាន ទើបសម្រេចដោះលែងនោះ ព្រោះគ្មានច្បាប់សម្រាប់ដាក់ទោសលើមន្រ្តីតុលាការ ដែល​អនុវត្ត​ឆន្ទានុសិទ្ធិរបស់ខ្លួន ស្រេចតែនឹងចិត្ត។»

សម្រាប់លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បានលើកឡើងថា ក្នុង​បច្ចុប្បន្នភាពនេះ ពិបាកនឹងបន្ទោសចៅក្រម ឬព្រះរាជអាជ្ញានោះណាស់។ ព្រោះកម្ពុជា នៅមិនទាន់មានច្បាប់ សម្រាប់ការពារពួកគាត់នៅឡើយ។ បើពួកគាត់អនុវត្តតាមឆន្ទានុសិទ្ធិ ដែលជៀសពីអគតិទាំងបួននោះ ប្រាកដ​ជាប្រឈមមុខ និងការជះឥទ្ធិពលនានា ឬការគម្រាមកំហែងផ្សេងៗ ដែលធ្លាប់មានដូចពេលកន្លង​មកលើ​បុគ្គល ចៅក្រម ឬព្រះរាជអាជ្ញាទាំងនោះ។ លោក អំ សំអាត បានថ្លែងឡើងថា៖ «ចង់មិនចង់ ពួកគាត់ត្រូវតែ​ធ្វើ​តាម​សិន ព្រោះក្នុងតំណាក់កាលនេះ គាត់មិនមានសិទ្ធិក្នុងការសម្រេច ឬអាកាត់អ្វីទាំងអស់ ពិសេសក្នុងរឿង​នយោបាយ។ ករណីនេះ ព្រោះតែគ្មានច្បាប់ការពារពួកគាត់។ (…) ជាប់ៗទៅ ពេលចេញមកវិញ គ្មានអ្នកណា​ម្នាក់​ហ៊ានប្តឹង ឬហ៊ានធ្វើអ្វី បានជាធ្វើឲ្យចៅក្រម ឬព្រះរាជអាជ្ញាទាំងនោះជិះសេះលែងដៃ។»

ក្រៅពីជនជាប់ចោទឈ្មោះ សៀង វាសនា អាយុ៤៤ឆ្នាំ ជាប់សង្ស័យជាខ្មាន់កាំភ្លើង នៅមានសហការីចំនួន​បីរូប​ផ្សេងទៀត រួមមាន ឈ្មោះ លី សៅ អាយុ ៤៣ឆ្នាំ ជាប់សង្ស័យជាអ្នកបើកម៉ូតូឌុបឃាតករ ត្រូវបានតុលាការ​សម្រេចចោទប្រកាន់ ពីបទ​«ឃាតកម្មគិតទុកជាមុន» តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ ឯឈ្មោះ មាស សម្បត្តិ អាយុ២៧ឆ្នាំ ដែល​ជាប់សង្ស័យថា ជាអ្នកបើកម៉ូតូបិទគូថ , ឈ្មោះ កូយ ចាន់ថុល អាយុ២៩ឆ្នាំ ជាប់​សង្ស័យជាអ្នកជិះម៉ូតូពីក្រោយ ត្រូវបានតុលាការចោទប្រកាន់ជា «អ្នកសមគំនិតក្នុងអំពើឃាតកម្ម​គិតទុក​ជា​មុន» តាមមាត្រា ២៩ នៃក្រម​ព្រហ្មទណ្ឌ។

ដោយឡែកអតីតឧត្តម​​​សេនីយ៍​​​ទោ លោក ថោង សារ៉ាត់ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «ផ្តើម​គំនិត ក្នុងអំពើគិតទុកជាមុន» តាមមាត្រា ២៨ និង ២០០ នៃក្រមព្រហ្មទណ្ឌ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments