បញ្ចូល​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​បក្ស ជា​រឿង​«​ស្រប​ច្បាប់»

ការបញ្ចូលកម្លាំងប្រដាប់អាវុធ ក្នុងគណបក្សនយោបាយ មិនមែនជាករណីខុសច្បាប់ឡើយ។ ព្រោះកងកម្លាំងទាំងនោះ ក៏ជាពលរដ្ឋ និងក៏មានសិទ្ធិគ្រប់គ្រាន់ ក្នុងការចូលរួមគ្រប់និន្នាការ នៃគណបក្សណាដែលខ្លួនពេញចិត្ត ក្រៅពីការចាប់បង្ខំ។

ប្រធានក្រុមការងារកំណែទម្រង់ ការបោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានបង្ហាញប្រាប់អ្នកសារព័ត៌មានថា ការបញ្ចូលកងប្រដាប់អាវុធ ទៅក្នុងគណបក្សជាសមាជិកថ្មី នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើងដោយស្របច្បាប់ និងគាំពារដោយមាត្រា១៥ នៃច្បាប់គណបក្សនយោបាយ។

ការថ្លែងរបស់ប្រធានក្រុមការងារ មកពីគណបក្សកាន់អំណាចនេះ បានធ្វើឡើងបន្ទាប់ពីមានការសម្រេច បញ្ចូលសមាជិកថ្មី៣០៦រូប ជាសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា នៅក្នុងមហាសន្និបាតវិសាមញ្ញ របស់គណបក្សកាលពីពេលថ្មីៗនេះ។ ក្នុងការបញ្ចូលនោះ យ៉ាងហោចណាស់ ៨០រូប ជាកងប្រដាប់អាវុធរួមមានលោក ជួន សុវណ្ណ, លោក រ័ត្ន ស្រ៊ាង, លោក ហ៊ីង ប៊ុនហៀង, លោក ម៉ក់ ជីតូ, លោក គៀត ច័ន្ទថារិទ្ធ, លោក ទា វិញ, លោក ឈុំ សុជាតិ, លោក ស្រី ឌឹក, ហ៊ុយ ពិសិដ្ឋ ជាដើម។

លោក ប៊ិន ឈិន បានថ្លែងទៀតថា៖ «កុំឲ្យរៀបចំសាខាបក្ស នៅអង្គភាពកងកំលាំងប្រដាប់អាវុធ។ ប៉ុន្តែនេះមិនបានរៀបចំសាខាបក្ស នៅក្នុងអង្គភាពទេ។ (…) ការបញ្ចូលថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងជួរកងទ័ពអត់រៀបចំទេ មានតែសាខាបក្សប៉ុណ្ណោះ ។ (…) ច្បាប់ស្តីពីគណបក្សនយោបាយមាត្រា១៥ គ្រាន់តែហាមមិនឲ្យកងប្រដាប់អាវុធ យោធា នគរបាលធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយប៉ុណ្នោះ។ កងកម្លាំងប្រដាប់អាវុធទាំងនោះ ក៏ជាពលរដ្ឋដែរ ពួកគាត់ត្រូវតែមានសិទ្ធិ។»

ប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោត មកពីគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មិនបាននិយាយអ្វីច្រើនទេ ពីបញ្ហានេះ។ ដោយលោកគ្រាន់តែលើកឡើងខ្លី ទំនងជាទទួលស្គាល់ ការលើកឡើងរបស់លោក ប៊ិន ឈិន ទើបលោកបញ្ជាក់យ៉ាងដូច្នេះថា កងប្រដាប់អាវុធ អាចចូលជាសមាជិករបស់គណបក្សនយោបាយ និងបោះឆ្នោតឲ្យគណបក្សដែលខ្លួនគាំទ្របាន។ លោកបន្តថា តែកងប្រដាប់អាវុធទាំងនោះ មិនអាចចេញមកឃោសនា គាំទ្រ ឬប្រឆាំងគណបក្សនយោបាយ ណាមួយផ្សេងទៀត បានឡើយ។

យោងតាមមាត្រា១៥ នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា៖ «រាប់ទាំងបុព្វជិត រាប់ទាំងព្រះសង្ឃ និងមន្ត្រីនគរបាលមន្ត្រីកងកំលាំងប្រដាប់អាវុធ មន្ត្រីតុលាការ ពេលកំពុងស្ថិតនៅក្នុងពេលការងាររដ្ឋបាល ត្រូវតែអព្យាក្រិត្យ។»

សម្រាប់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក កងកម្លាំងប្រដាប់អាវុធទាំងអស់ ពួកគាត់ជាប្រជាពលរដ្ឋធម្មតា ត្រូវតែមានសិទ្ធិ ចូលរួមគាំទ្រគណបក្សនយោបាយណាមួយ ដែលខ្លួនពេញចិត្ត។ លោក ប៊ិន ឈិន បានបញ្ជាក់ជាចុងក្រោយទៀតថា៖ «ដោយគ្មានអី ផ្ទុយនឹងច្បាប់ទេ។ បើគណបក្សប្រឆាំងទាមទារដល់ហ្នឹងទៀត គឺបិទសិទ្ធិប្រជាពលរដ្ឋហើយ។ (…) សុំមើលច្បាប់ឡើងវិញ។»។

សម្រាប់សង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោយ បានយល់ឃើញថា គួទុកឲ្យពួកគេនៅជាឯករាជ្យ ដើម្បីបំរើប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ជៀសវាងយកប្រយោជន៍បក្សជាធំ។ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាយកអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វ្រិច លោក ហង្ស ពុទ្ធា បានបង្ហាញពីការព្រួយបារម្មណ៍របស់ខ្លួនថា៖ «ប្រសិនជាកងកម្លាំងប្រដាប់អាវុធ សុទ្ធតែជាសមាជិកបក្សកាន់អំណាច ហើយថ្ងៃណាមួយ អ្នកនយោបាយប្រើកម្លាំងបង្ក្រាប លើបញ្ហាទាមទាផ្សេងៗរបស់ពលរដ្ឋ ឬតាមរយៈនីតិវិធីតុលាការជាដើម។ នោះឯណាយុត្តិធម៌សង្គម សម្រាប់ប្រជាពលរដ្ឋ? (…) វាធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើអនុវត្ត និងការប្រើប្រាស់កងកម្លាំង មិនស្របតាមច្បាប់ នោះការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគ្មានទេ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments