អ្នក​​សារព័ត៌មាន​បារម្ភ ចំពោះ​ការ​«បិទ​បាំង​ព័ត៌មាន»​នៅ​កម្ពុជា

ធ្វើដូចម្ដេច ដើម្បីព័ត៌មានពិត រសើប និងពិសេសៗ បានទៅដល់ពលរដ្ឋកម្ពុជា គ្រប់ស្រទាប់? ចម្លើយ​មិន​ត្រូវ​បាន​រក​ឃើញ​ទេ។ តែគេបែរជារកឃើញនូវឧបសគ្គជាច្រើន នៅក្នុងវិស័យព័ត៌មានក្នុងប្រទេសកម្ពុជា ជាពិសេស​គឺ​ការ​លាក់​បាំង​ព័ត៌មាន​នេះ​តែ​ម្ដង។

អ្នក​សារព័ត៌មាន​អាជីព​មួយ​ចំនួន បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​បារម្មណ៍​របស់​ពួក​គេ ពី​ការ​យក​ព័ត៌មាន​សង្គម​ជាតិ​មក​​ធ្វើ​អាជិវកម្ម និង​ការ​បិទ​បាំង​ព័ត៌មាន សម្រាប់​ផល​ប្រយោជន៍​របស់​ស្ថាប័ន​ខ្លួន​មួយ។ ពួក​លោក​ចង់​បាន​ការ​ពង្រើក នូវ​ព័ត៌មាន​ពិសេសៗ របស់​សង្គម​ទាំង​មូល ដោយ​តុល្យភាព និង​ធ្វើការ​ផ្សព្វ​ផ្សាយ​ជា​បណ្តាញ​ព័ត៌មាន​«ពិត»​មួយ តាម​គ្រប់​មធ្យោបាយ ដើម្បី​បាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​បាន​ដឹង នៅ​ទូទាំង​ប្រទេស។

លោក សាយ មុន្នី អ្នក​សារព័ត៌មាន​មក​ពី​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក វីអូអេ បាន​ថ្លែង​ឡើង​ថា សព្វ​ថ្ងៃ​នេះ មាន​ព័ត៌មាន​ជា​ច្រើន​ត្រូវ​បាន​បិទ​បាំង ដោយ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទាំង​អាជីព និង​មិន​មែន​អាជីព។ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា​នេះ ក្នុង​ជំនួប​អ្នក​សារព័ត៌មាន​វ័យ​ក្មេង​ក្នុង​ស្រុក លោក សាយ មុន្នី បាន​លើក​ឡើង​ថា មួយ​ចំនួន​ធំ​នៃ​ទូរទស្សន៍ និង​វិទ្យុ​ជា​ដើម មិន​ត្រូវ​បាន​បើក​ទូលាយ ឬ​ផ្សាយ​នូវ​ព័ត៌មាន​ដែល​សំខាន់ ឬ​មិន​ហ៊ាន​និយាយ​ព័ត៌មាន​ណា ដែល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋ​ធំៗ ឬ​ប្រធាន​ស្ថាប័ន​របស់​ខ្លួន​ឡើយ។

លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្នកការសែតអាជីពមួយចំនួន ចង់ធ្វើការតាមបែបផ្តាច់មុខ។ ហើយព្យាយាម​លាក់មិនចង់ឲ្យស្ថាប័នដូចគ្នាផ្សេងទៀត មានរឿងដូចដែលខ្លួនមាននោះទេ។ (...) យើងចង់ធ្វើអ្វី ដែលអ្នក​សារព័ត៌មានដទៃទៀតមិនមាន មិនចង់ធ្វើ ឬមិនហ៊ានធ្វើជាដើម។ (...) យើងចង់បានរឿងធំៗ និងធ្វើការ​ផ្សព្វ​ផ្សាយតាមបណ្តាញមួយ... ជាបញ្ហាមួយដែលយើងយល់ថាសំខាន់មែនទែន រហូតអាចដល់កម្រិតជាតិ (បាន​ជ្រាបដល់ពលរដ្ឋទូទៅ) តាមការដែលអាចធ្វើបាន។»

អ្នកសារព័ត៌មានមកពីខេមបូឌាដេលី លោក នូ វណ្ណារិទ្ធិ បានគាំទ្រចំពោះការលើកឡើងខាងលើ។ លោកចង់​ឃើញអ្នកសារព័ត៌មានអាជីពទាំងអស់ បញ្ជៀសខ្លួនពីការលាក់បាំងនូវព័ត៌មានពិតៗ ព័ត៌មានពិសេសៗរបស់​សង្គម និងជាពិសេសព័ត៌មានទាក់ទងអំពើពុករលួយ។ លោកថារាល់ការផ្តល់ ឬទទួលដំណឹង ត្រូវតែចូលរួម​ទប់ស្កាត់អំពើពុលរលួយ។ យ៉ាងណា លោកចង់បានការធ្វើព័ត៌មានពិសេសមួយចំនួន តាមរយៈការធ្វើជុំគ្នា។ ហើយប្រយោជន៍នៃការផ្តល់ព័ត៌មានទាំងនោះ នឹងបានជាប្រយោជន៍ ទៅដល់ប្រទេសជាតិ និងសង្គមវិញ។ លោកបានបន្ត ថាអ្វីដែលលោកចង់បានធ្វើយ៉ាងណា ឲ្យអ្នកសារព័ត៌មានទាំងនោះមានសិទ្ធិ និងអំណាចក្នុង​ការទទួល និងផ្តល់ព័ត៌មាន។ លោកបញ្ជាក់ថា «ប្រព័ន្ធច្បាប់ធំៗទាំងបី (នីតិបញ្ញត្តិ នីតិប្តិបត្តិ និងតុលាការ) របស់ប្រទេសកម្ពុជា នៅមិនទាន់មានភាពឯករាជ្យ តុល្យភាព និងការផ្តាច់អំណាចចេញពីគ្នានៅឡើយ។»

អ្នកសារព័ត៌មានអាជីព ធ្វើការផ្តល់ព័ត៌មានត្រូវឈរលើគោលការណ៍អព្យាក្រិត្យ មានតុល្យភាព និងមិន​លំអៀង។ នេះជាការលើកឡើងរបស់លោក ព្រាព កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ដោយបាន​បញ្ជាក់ទៀតថា អំណាចនៃអ្នកសារព័ត៌មាន ជាសសរ«ស្តុកទីបួន» បន្ទាប់ពីអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ បានស្នើរឲ្យមានការចូលរួមជាពិសេស ពីបណ្តាអ្នក​សារព័ត៌មាន ទោះអាជីពក្តី មិនអាជីពក្តី ក្នុងការទប់ស្កាត់ ឬប្រឆាំងនូវអំពើពុករលួយ។ លោកបានធ្វើការ​វាយតម្លៃថា អ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួនធំ នៅមិនទាន់មានភាពឯករាជ្យនៅឡើយ។ លោកពន្យល់​ថា៖ «មានអ្នកសារព័ត៌មានខ្លះ មានភាពលំអៀងបន្តិចបន្តួច ខ្លះទៀតលំអៀងខ្លាំង និងខ្លះទៀតបានទទួល​រងនូវឥទ្ធិពល ពីបុគ្គលអ្នកមានអំណាច ឬពីអាជ្ញាធរ។»

ប្រធានអង្គការតម្លាភាព បានលើកយកឧទាហរណ៍មួយពាក់ព័ន្ធនឹងអំពើពុករលួយថា មានទូរទស្សមួយ​ចំនួនធំនៅកម្ពុជា មិនហ៊ានធ្វើបទសម្ភាសន៍ពីលោកឡើយ ព្រោះថាថ្នាក់លើរបស់ពួកគេ មិនអាចធ្វើការ​ចាក់​ផ្សាយ នូវអ្វីដែលលោកត្រូវលើកឡើង ពាក់ព័ន្ធបញ្ហាពុករលួយនៅកម្ពុជា ពាក់ព័ន្ធនឹងមន្រ្តីធំៗ ឬស្ថាប័ន​សំខាន់ៗរបស់ជាតិជាដើម។

យ៉ាងណាក៏ដោយ ក្រៅពីលោក សាយ មុន្នី មកពីវីអូអេ លោក មៃ ទិត្យថារ៉ា មកពីភ្នំពេញប៉ុស្តិ៍ លោក ស៊ុន ណារិន មកពីវីអូឌី និងលោក ណៅ វណ្ណារិន មកពីខេមបូឌាដេលី នៅមានអ្នកសារព័ត៌មានមួយចំនួនធំទៀត ដែលបានចូលរួមផ្តល់ជាគំនិតថា សារព័ត៌មានជាអំណាចមួយ ដែលអាចជួយជម្រុញឲ្យប្រជាពលរដ្ឋ មាន​«អំណាច»ពិតប្រាកដ ក្នុងការសម្រេចចិត្ត។ ប៉ុន្ដែសួរថា តើសព្វថ្ងៃនេះប្រជាជនគ្រប់ជាន់ថ្នាក់ ទទួលបាន​ព័ត៌មានពិតជាក់ស្ដែងគ្រប់គ្នាឬទេ? ពោល អំណាចនៃការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ នៅមិនទាន់បាន​ទូលំទូលាយ ព្រោះការទទួលព័ត៌មាន នៅមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ ក្រៅពីអ្នកដែលនៅទីក្រុង ឬទីប្រជុំជននោះ។ ហើយជាពិសេសទៅទៀត ពលរដ្ឋដែលរស់នៅតាមតំបន់ធំៗទាំងនោះ ទទួលព័ត៌មាន​បាន​តាមរយៈតែអ៊ីនធើណេត អ៊ីម៉ែល ឬពីបណ្តាញសង្គមប៉ុណ្ណោះ។ តែសម្រាប់ពលរដ្ឋរស់នៅតាមទីជនបទ ស្រែចំការ ពិបាកណាស់ ក្នុងការទទួលបានព័ត៌មាន«ពិត»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments