​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក៖ បារ៉ាក់ អូបាម៉ា ឬ ម៉ាត៍ រ៉ូមណី (LIVE)

ទំព័រផ្សាយបន្តផ្ទាល់នេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ នៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីទី ៤៣ នៃសហរដ្ឋអាមេរិក។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ឬចុចលើប៊ូតុង ធ្វើបច្ចុប្បន្នភាព (Actualiser la page / Page refresh) ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ដាក់ផ្សាយជូន ជុំវិញព្រឹត្តិការណ៍នេះ។

ទំព័រផ្សាយបន្តផ្ទាល់នេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ នៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីទី ៤៣ នៃសហរដ្ឋអាមេរិក។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ឬចុចលើប៊ូតុង ធ្វើបច្ចុប្បន្នភាព (Actualiser la page / Page refresh) ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ដាក់ផ្សាយជូន ជុំវិញព្រឹត្តិការណ៍នេះ។


ថ្ងៃនេះ ជាថ្ងៃរបស់ ម៉ាត៍ រ៉ូមណី ឬ បារ៉ាក់ អូបាម៉ា ?

  • ម៉ោង១០ម៉១០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

ថ្ងៃអង្គារ ទី០៦វិច្ឆិកា ឆ្នាំ២០១២ ជាថ្ងៃដ៏ធំមួយ សំរាប់ពលរដ្ឋអាមេរិកាំង ចំនួនប្រមាណជា ២១៥លាននាក់ ដែលមានសិទ្ធបោះឆ្នោត ក្នុងការជ្រើសរើសប្រធានាធិបតី របស់ប្រទេស សំរាប់អាណត្តិ៤ឆ្នាំទៅមុខ។ សូមអញ្ជើញតាមដានដោយផ្ទាល់ នូវព្រឹត្តិការណ៍នេះ ជាមួយនឹងទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។

សូមបញ្ជាក់ថា ម៉ោងផ្សាយរបស់ទស្សនាវដ្ដី ជាម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលត្រូវបូកបន្ថែម ៦ម៉ោង សំរាប់ម៉ោងនៅរាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងដកចេញ ៦ម៉ោង សំរាប់ម៉ោងនៅ​ទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។

ឧទាហរណ៍៖ ម៉ោង១០ម៉ ព្រឹកនៅប៉ារីស ត្រូវនឹង ម៉ោង០៤ម៉ រសៀលនៅភ្នំពេញ និងម៉ោង ០៤ព្រឹក នៅវ៉ាស៊ីនតោន ក្នុងថ្ងៃដដែល។

  • ម៉ោង១១ម៉១០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

ការិយាល័យបោះឆ្នោតទីមួយ នឹងបើកនៅម៉ោង០០ម៉០០នាទី០១វិនាទី កណ្ដាលអាធ្រាតុថ្ងៃទី០៥ចូលមកថ្ងៃទី០៦ព្រឹក នៅក្នុងភូមិតូចៗ នៅ Dixville Notch និងនៅ Hart's Location ស្ថិតនៅរដ្ឋ New Hampshire។ ការិយាល័យផ្សេងទៀត នឹងបើកនៅម៉ោង០៦ម៉០០។

  • ម៉ោង១១ម៉៣០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

លទ្ធផល នឹងផ្សាយអោយដឹង នៅក្រោយពាក់កណ្ដាលអាធ្រាត ម៉ោងនៅទីក្រុងប៉ារីស ត្រូវនឹងម៉ោង ០៦ល្ងាច ម៉ោងនៅវ៉ាស៊ីនតោន និង ម៉ោង ០៦ម៉ព្រឹកថ្ងៃទី០៧ ម៉ោងនៅទីក្រុងភ្នំពេញ។

  • ម៉ោង១១ម៉៥០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

ហេតុអ្វីក៏ប្រជាពលរដ្ឋអាមេរិក ចេញទៅបោះឆ្នោតនៅថ្ងៃអង្គារ? ហេតុអ្វីមិនមែនជាថ្ងៃព្រហស្បត្តិ៍ ឬជាថ្ងៃអាទិត្យ?

ចម្លើយ៖ ជាកំហុសរបស់ច្បាប់ឆ្នាំ១៨៤៥ ដែលបានចែងមកយ៉ាងដូច្នេះ។ ច្បាប់នោះចែងជាអាថ៌ថា ពលរដ្ឋអាមេរិកាំង បោះឆ្នោត ក្នុងពេល៤ឆ្នាំម្ដង នៅថ្ងៃមួយយ៉ាងច្បាស់លាស់។ ថ្ងៃនោះគឺថ្ងៃអង្គារ នៃសប្ដាហ៍ទីមួយរាប់ពីថ្ងៃច័ន្ទមក នៃខែវិច្ឆិកា។

  • ម៉ោង១២ម៉០០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

ការិយាល័យបោះឆ្នោត ជាទូទៅបានបើកទ្វា ហើយអ្នកទៅបោះឆ្នោត ក៏បានចាប់ផ្ដើមទៅតម្រង់ជួរលើកដំបូង ដើម្បីបំពេញភារកិច្ចជា ពលរដ្ឋរបស់សហរដ្ឋអាមេរិក។

  • ម៉ោង១២ម៉៤០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

ហ្គូហ្គើល (Google) បោះឆ្នោតអោយ បារ៉ាក់ អូបាម៉ា?

មិនអញ្ចឹងទេ! តែលទ្ធផលឬទិន្នន័យរុករក របស់ហ្គូហ្គើល បានផ្អៀងខ្លាំងទៅរក បារ៉ាក់ អូបាម៉ា រហូតដល់ទៅ៨០ភាគរយ ហើយប្រៀបធៀបទៅនឹង លោកម៉ាត៍ រ៉ូមណី បេក្ខជនប្រជែង ពីគណបក្សសាធារណរដ្ឋ។ នៅពេលគេសួរថា តើបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានហ្គូហ្គើលពេញចិត្តជាង បេក្ខជនរបស់គណបក្សសាធារណរដ្ឋ? គេហទំព័ររុករកដ៏ធំជាងគេមួយនេះ បានឆ្លើយថា វាបណ្ដាលមកពីការុករក តាមពាក្យគន្លឹ «អូបាម៉ា» របស់អ្នកប្រើប្រាស់សេវាកម្មរុករករបស់ខ្លួន មានចំនួនច្រើនជាងលោក ម៉ាត៍ រ៉ូមណី។

  • ម៉ោង១៤ម៉៤០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

តើបេក្ខជនទាំងពីរ មានគម្រោងទៅណាខ្លះ?

អូបាម៉ា ចង់បញ្ចប់ការឃោសនារបស់ខ្លួន នៅល្ងាចថ្ងៃច័ន្ទក្នុងរដ្ឋចំនួនបី Wisconsin​ Ohio និងIowa។ លោកបានបោះឆ្នោតរួចហើយ ជាលក្ខណៈទុកជាមុន។ នៅថ្ងៃអង្គារនេះ គ្មានគម្រោងការជាសាធារណៈណាមួយ ត្រូវបានលើកឡើងមកបញ្ជាក់ទេ។ តែក្រុមអ្នកចាត់ការ ការឃោសនាបោះឆ្នោត បាននិយាយថា លោកអូបាម៉ាលេងបាល់បាសស្កេត ដើម្បីមិនចង់អោយពេលវេលាកន្លងហួសដោយឥតប្រយោជន៍។ លោកប្រធានាធិបតីផុតតំណែង នឹងថ្លែងសុន្ទរកថាក្នុងពេលយប់នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅសាលប្រជុំដ៏ធំមួយ ជិតបឹងមីឈីគេន។

រីឯលោក រ៉ូមណី លោកឆ្លៀតឱកាសធ្វើការឃោសនា រហូតដល់នាទីចុងក្រោយ ជាមួយនឹងការធ្វើដំណើរទៅកាន់រដ្ឋអូហៃយ៉ូ និងផេនស៊ីវ៉ាន្នី ដោយចោទប្រកាន់ប្រធានាធិបតីផុតតំណែង ថាបាន«បរាជ័យ»។ លោកនឹងទៅបោះឆ្នោតនៅទីក្រុង បែលម៉ុង ទីកន្លែងដែលលោកស្នាក់នៅក្នុងរដ្ឋម៉ាស្សាឈូសេត។ ការជួបជុំនិយាយពីលទ្ធផលនៃការបោះឆ្នោត នឹងត្រូវរៀបចំធ្វើយប់នេះនៅរដ្ឋប៊ូស្ដុន។

  • ម៉ោង១៥ម៉៤០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

នេះជាខ្សែរវីដេអូខ្លីមួយ ដែលមានរយះពេល៥នាទី ដែលបង្ហាញពី រាល់មធ្យោបាយទាំងឡាយ ដែលតែងតែប្រើប្រាស់ដោយ បេក្ខជនប្រធានាធិបតីអាមេរិក តាំងពី៦០ឆ្នាំមកហើយ ដើម្បីវាយប្រហារទៅលើគូរប្រជែងរបស់ខ្លួន។ សូមអញ្ជើញទស្សនា៖

  • ម៉ោង១៦ម៉៤០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

លោក ម៉ាត៍ រ៉ូមណី ជាមួយនឹងភរិយារបស់លោក លោកស្រី អាន បានបោះឆ្នោតរួចហើយ ក្នុងទីក្រុងប៊ែលម៉ុង ដែលលោករស់នៅ ក្នុងរដ្ឋម៉ាស្សាឈូសេត។ លោកបានអះអាងពីក្ដីសង្ឃឹមរបស់លោក ថាលោកមានអារម្មណ៍ពីសំណាងដ៏ល្អរបស់លោក ក្នុងការដណ្ដើមជ័យជំនះ។ លោកនឹងត្រូវធ្វើដំណើរទៅរដ្ឋជាច្រើនផ្សេងទៀត ដើម្បីជួបជាមួយ ក្រុមអ្នកស្ម័ក្រចិត្ត ក្នុងយុទ្ធនាការឃោសនា មុននឹងទៅដល់ប៊ូស្ដុន ដែលជាទីក្រុងរបស់រដ្ឋម៉ាស្សាឈូសេត ហើយលោកធ្លាប់ជា អភិបាលនៅទីនោះ កាលពីឆ្នាំ២០០២។

  • ម៉ោង១៧ម៉០០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

សំរាប់ពលរដ្ឋអាមេរិកាំង ដែលធុញទ្រាន់នឹងថ្ងៃនេះ លោកប្រធានាធិបតីផុតតំណែង បារ៉ាក់ អូបាម៉ា បានលើកពីដំណោះស្រាយ ចំនួនប្រាំយ៉ាង ដែលត្រូវធ្វើ ដើម្បីជួយលោកអោយបានឈ្នះឆ្នោត។ នៅក្នុងឯកសារមួយ ដែលលោកប្រធានាធិបតីផុតតំណែងបានផ្សាយ លោកបានអំពាវនាវអោយពួកអ្នកបោះឆ្នោត នៃគណបក្សប្រជាធិបតេយ្យ អោយទៅបោះឆ្នោត ដោយនាំទៅមួយ យ៉ាងហោចណាស់ ពីមួយ ទៅប្រាំនាក់ ឬក៏និយាយហៅមិត្តភ័ក្ររបស់ខ្លួន តាមបណ្ដាញសង្គមហ្វេសប៊ុកជាដើម។

  • ម៉ោង១៧ម៉៥០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

លោក បារ៉ាក់ អូបាម៉ា បាននិយាយថា មានភាពជឿជាក់ខ្លាំង ក្នុងការទទួលយកនូវរាត្រីមួយ ដ៏ល្អប្រពៃនៅយប់ថ្ងៃអង្គារនេះ ហើយបានអបអរសាទរគូប្រជែងរបស់លោក ថាបានធ្វើការឃោសនា យ៉ាងរហ័សរហួន។ «ខ្ញុំចង់អបអរសាទរ លោកអភិបាល ម៉ាត៍ រ៉ូមណី សំរាប់យុទ្ធនាការឃោសនា ដ៏រហ័សរហួនរបស់លោក។ ខ្ញុំក៏ដឹងដែរថា អ្នកចូលរួមក្នុងយុទ្ធនាការរបស់លោក ក៏បានធ្វើការងារទាំងនេះយ៉ាងពិបាក និងដោយមានជំនក់ចិត្ត ខ្លាំងណាស់ដែរ។» លោកបានអះអាង ទៅពួកអ្នកគាំទ្រលោកថា «យើងមានទំនុកចិត្ត ក្នុងរឿងដែលថា យើងនឹងមានសម្លេងគ្រប់គ្រាន់ ដើម្បីឈ្នះ។»

  • ម៉ោង១៨ម៉៥០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

អាកាសយាន្ដដ្ឋាន នៃទីក្រុងក្លេវើលេន (Cleveland) ហៀហូរដោយ បេក្ខជននិងអ្នកគាំទ្រ សម្រាប់ចូលមកកាន់កាប់ សេតវិមាន។ អាកាសយាន្ដដ្ឋាននៃរដ្ឋអូហៃយ៉ូ មួយនេះ បានទទួលសឹងតែនៅក្នុងពេលតែមួយ លោក ម៉ាត៍ រ៉ូមណី រួចបន្ទាប់មក លោកជូ បៃដេន (Joe Biden) បេក្ខជនមួយរូប នៅក្នុងក្រុមរបស់លោកបារ៉ាក់អូបាម៉ា និងក្រោយមកទៀត លោកប៉ូល រ៉ៃអាន់ (Paul Ryan) បេក្ខជនមួយរូបទៀត នៅក្នុងក្រុមរបស់លោក ម៉ាត៍ រ៉ូមណី។

គួររំលឹកថា នេះជាលើកទីបីហើយ ដែលយន្ដហោះរបស់លោក ម៉ាត៍ រ៉ូមណី និងជូ បៃដេន ជួបគ្នា។

  • ម៉ោង១៩ម៉៥០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

សំនួរសម្រាប់ជនជាតិខ្មែរ៖ បើជារូបអ្នកវិញ តើអ្នកបោះឆ្នោតជ្រើសរើសយកមួយណា? បារ៉ាក់ អូបាម៉ា ឬ ម៉ាត៍ រ៉ូមណី? បើអ្នកមានគណនីហ្វេសប៊ុក សូមឆ្លើយនឹងសំនួរនេះ នៅក្នុងផ្នែក «យោបល់និងមតិ» ខាងក្រោមអត្ថបទផ្សាយផ្ទាល់នេះ។ តែបើអ្នកមិនចង់ចេញឈ្មោះ ហើយចង់បោះឆ្នោតជាលក្ខណៈសម្ងាត់ សូមផ្ដល់ចម្លើយរបស់អ្នក ដោយចុចនៅលើ «មិនចាំចាប់មានគណនី»។

  • ម៉ោង២០ម៉៥០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

ប្រើសិនបើបេក្ខជនទាំងពីរ មិនទទួលបាននូវសម្លេងគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតនៅថ្ងៃអង្គារនេះ តើនឹងមានរឿងអ្វីកើតឡើង? ក្រុមប្រឹក្សាធម្មនុញ្ញ នៃសហរដ្ឋអាមេរិក នឹងធ្វើការសំរេចចិត្ត ថាតើនឹងត្រូវធ្វើបែបណា។ នៅពេលនោះ គ្រប់មធ្យោបាយនឹងអាចប្រើប្រាស់ ដូចជាត្រូវរាប់សន្លឹកឆ្នោត ឬអាចធ្វើការបោះឆ្នោតឡើងវិញ នៅតាមបណ្ដារដ្ឋណា​ ដែលមានចំណោទជាដើម។ សូមបញ្ជាក់ថា បេក្ខជនទាំងអស់ត្រូវទទួលសម្លេងគាំទ្រ យ៉ាងហោចណាស់ ២៧០សម្លេង ដើម្បីយកជាការ នឹងក្លាយជាប្រធានាធិបតី។

  • ម៉ោង២១ម៉៥០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

ដោយសារតែលទ្ធផលមានភាពប្រកិតគ្នាខ្លាំងរវាង បេក្ខជនទាំងពីរ ដូច្នេះគេត្រូវរងចាំរហូតដល់ម៉ោង០៧ម៉០០យប់ ម៉ោងនៅវ៉ាស៊ីនតោន ត្រូវនឹងយប់ឆ្លងថ្ងៃទី០៦តុលា ចូលថ្ងៃទី០៧តុលា ម៉ោង០១ម៉០០អាធ្រាត ម៉ោងនៅប៉ារីស ត្រូវនឹងម៉ោង០៧ម៉០០ ព្រឹក ម៉ោងនៅភ្នំពេញ ដើម្បីដឹងពីលទ្ធផល ជាការប៉ាន់ប្រមាណលើកដំបូង នៃការបោះឆ្នោតនេះ។

  • ម៉ោង២២ម៉៥០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

បារ៉ាក់ អូបាម៉ា ក្នុងសភាពធូរស្រាល? អ្នកកាសែតដែលនៅជិត នឹងលោកប្រធានាធិបតីផុតតំណែង បាននិយាយថា បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យរូបនេះ ស្ថិតនៅក្នុងសភាពដ៏ធូរស្រាលមួយ៖ លោកកំពុងលេងបាល់បាសស្កែត !!!

  • ម៉ោង០០ម៉២០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

ការិយាល័យបោះឆ្នោត ចាប់ផ្ដើមបិទបណ្ដើរៗ មុនគេ នៅរដ្ឋអ៊ីនឌីយ៉ាណា (Indiana) និងកេនទួគី (Kentucky)វេលាម៉ោង០៦ម៉០០ ម៉ោងនៅនឹងទីកន្លែង។ ដោយសារសភាពធំធេងនៃទឹកដីប្រទេសអាមេរិក ការិយាល័យបោះឆ្នោតទាំងអស់ អាចនឹងបិទជាបន្ដបន្ទាប់ ដោយមានគម្លាតពេលគ្នា រហូតដល់ទៅ ០៤ម៉ោង ជាពិសេស បណ្ដារដ្ឋនៅផ្នែកខាងលិចបំផុតនៃប្រទេស។

  • ម៉ោង០០ម៉៤០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

លោកអូបាម៉ា មានប្រៀបយ៉ាងលើសលប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក!

មិនមានអ្វីគួរអោយភ្ញាក់ផ្អើលទេ តែលោកប្រធានាធិបតីផុតតំណែង មានប្រៀបយ៉ាងលើសលប់ ពីរាល់បណ្ដាកិច្ចសន្ទនា នានានៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមាននៅ ៤២លើ៥០រដ្ឋ។ នេះជាការបញ្ជាក់របស់ បណ្ចាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន។ តែគេមិនដឹងថា តើកិច្ចសន្ទនាទាំងនោះ និយាយល្អឬអាក្រក់ យ៉ាងណានោះទេ។

  • ម៉ោង០១ម៉១០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

តាមបណ្ដាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន បាននិយាយថា លោកម៉ាត៍ រ៉ូមណី បានឈ្នះនាំមុខ នៅរដ្ឋ កេនទួគី តែបានបង្ហើបអោយដឹងថា នៅរដ្ឋអូហៃយ៉ូ បានចាញ់ប្រៀបលោកអូបាម៉ា ៥ពិន្ទុ។

  • ម៉ោង០១ម៉២០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

ការិយាល័យបោះឆ្នោត នៅក្នុងរដ្ឋ Géorgie, Vermont, Kentucky, Virginie, Caroline ខាងត្បូង និង Virginie បានបិទទ្វាហើយ។

បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានបន្ថែមពីការស្ទង់លទ្ធផល លោកអូបាម៉ា នាំមុខ ក្នុងរដ្ឋ Vermont លោករ៉ូមណី ឈ្នះក្នុងរដ្ឋ Kentucky ហើយមានពិន្ទុស្មើគ្នា នៅរដ្ឋ Virginie។

  • ម៉ោង០១ម៉៤០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានបន្ថែមពីការស្ទង់លទ្ធផល៖ លោកអូបាម៉ានាំមុខ ក្នុងរដ្ឋ Floride លោករ៉ូមណី នាំមុខក្នុងរដ្ឋ Virginie ខាងលិច។ រីឯ រដ្ឋ Caroline ខាងជើង លទ្ធផលនៅប្រទាញប្រទង់គ្នានៅឡើយ។

  • ម៉ោង០២ម៉០០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

ការិយាល័យបោះឆ្នោត ពីក្នុងរដ្ឋចំនួន ១៧ផ្សេងទៀត បានបិទទ្វា។ ប៉ុន្ដែអ្នកដែលមកយឺត តែមកដល់មុនម៉ោង០៨ម៉ យប់នោះ គេនៅអនុញ្ញាតិអោយបោះនៅឡើយ។

បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានបន្ថែមពីការស្ទង់លទ្ធផល៖ លោកអូបាម៉ា ឈ្នះនៅជាច្រើនរដ្ឋ (Connecticut, Delaware, Washington DC, Illinois, Maryland, Massachussetts, Maine, Rhode Island) រីឯរ៉ូមណី បានឈ្នះ នៅរដ្ឋ Oklahoma។

សំលេងដែលទទួលបាន ពីការស្ទង់មតិ៖
អូបាម៉ា ៦៤ ទល់នឹង រ៉ូមណី ៤០ ប៉ុន្ដែ បេក្ខជនទាំងអស់ត្រូវទទួលសម្លេងគាំទ្រ យ៉ាងហោចណាស់ ២៧០សម្លេង ដើម្បីយកជាការ នឹងក្លាយជាប្រធានាធិបតី។

  • ម៉ោង០២ម៉៤០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

បើលោកអ្នក ចង់មើលរូបថតភ្លាមៗពីការបោះឆ្នោត និងព្រឹត្តិការណ៍នៅនឹងកន្លែងប្រជុំនានា សូមអញ្ជើញទៅកាន់គេហទំព័រនេះ៖
http://statigr.am/tag/usa2012/

  • ម៉ោង០៣ម៉០០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

ការបូកសរុបឡើងវិញ ពីរដ្ឋដែលបេក្ខជននីមួយៗ បានឈ្នះនាំមុខ៖
លោកអូបាម៉ា៖ Connecticut, Washington DC, Delaware, Illinois, Massachussetts, Maryland, Maine, New Jersey, Rhode Island, Vermont.

លោករ៉ូមណី៖ Alabama, Arkansas, Georgia, Indiana, Kentucky, Mississippi, Oklahoma, Caroline ខាងត្បូង, Tennessee, Virginie ខាងលិច។

គេនៅរងចាំបន្តិចទៀត ជាពិសេសលទ្ធផលពីរដ្ឋសំខាន់ៗ ដែលកំពុងស្ថិតក្នុងការប្រទាញប្រទង់គ្នានៅឡើយ ក្នុងនោះមានរដ្ឋអូហៃយ៉ូ និងផ្លរីដ ដែលអាចទាញ អោយបេក្ខជនណាម្នាក់ ធ្លាក់ ឬជាប់បានគ្រប់ពេល។ ក្នុងនាទីនេះ រដ្ឋទាំងពីរ កំពុងតែត្រូវបាននាំមុខដោយ លោកប្រធានាធិបតីផុតតំណែង។

ការស្ទង់លទ្ធផល របស់បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន៖
អូបាម៉ា ១២៣ ទល់នឹង រ៉ូមណី ១៥២។

  • ម៉ោង០៣ម៉៣០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

នៅរដ្ឋផ្លរីដ សម្លេងដែលខុសគ្នាមានចំនួន ប្រមាណតែ ៥០០ប៉ុណ្ណោះ ហើយអាចអោយជ័យជំនះទៅអោយលោក អូបាម៉ា។ តើគេត្រូវរាប់សន្លឹកឆ្នោតនៅរដ្ឋនេះឡើងវិញទេ? អាចដែរ។ តែលោកអូបាម៉ា អាចនឹងឈ្នះជាប្រធានាធិបតិម្ដងទៀត ដោយមិនចាប់បាច់មានសន្លឹកឆ្នោតពីរដ្ឋនេះ។

ការស្ទង់លទ្ធផល របស់បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន៖
អូបាម៉ា ១៥៣ ទល់នឹង រ៉ូមណី ១៥២។

  • ម៉ោង០៤ម៉០០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

រដ្ឋមួយចំនួនទៀត នៅតំបន់ខាងកើតឈៀងខាងជើង នៃសហរដ្ឋអាមេរិក (Wisconsin, Pennsylvanie និង New Hampshire) កំពុងតែផ្អៀងសម្លេងឆ្នោតទៅរក លោកអូបាម៉ា។ បើគ្នានរដ្ឋទាំងប៉ុន្មាននេះទេ លោករ៉ូមណី ពិបាកនឹងធ្វើដំណើរឆ្អោះទៅកាន់សេតវិមានណាស់។

សូមបញ្ជាក់ថា លោកប្រធានាធិបតី ផុតតំណែង នឹងថ្លែងសុន្ទរកថា នៅក្នុងសាលជួបជុំដ៏ធំមួយ ក្នុងទីក្រុងឈីកាហ្គោ ទៅកាន់មនុស្សជាច្រើននៅទីនោះ។

  • ម៉ោង០៤ម៉៥០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

លោករ៉ូមណី ពិបាកក្នុងការរកពិន្ទូ អោយឡើងខ្ពស់ជាងអូបាម៉ា

នៅរដ្ឋផ្លរីដ និងអូហៃយ៉ូ ការស្ទង់ទៅលើសន្លឹកឆ្នោតដែលរាប់ហើយ បានបង្ហាញថា លោករ៉ូមណី កំពុងតែចាញ់លោកអូបាម៉ា។ ហើយបើ លោករ៉ូមណី ចាញ់នៅក្នុងរដ្ឋទាំងពីរនេះ លោកអូបាម៉ា នឹងឈ្នះជាប្រធានាធិបតីជាស្វ័យប្រវត្តិ។ នៅរដ្ឋផ្សេងទៀត ដូចជា ញ៉ូ មេកស្សិក និងកូឡូរ៉ាដូ លោករ៉ូមណី ក៏កំពុងតែចាញ់ដែរ។ នេះជាលទ្ធផលមួយទៀត សំរាប់ជាមេរៀន ទៅដល់បេក្ខជនរបស់គណបក្សសាធារណរដ្ឋ ដែលតែងតែបែខ្នងដាក់ ពលរដ្ឋអាមេរិកាំង ដើមកំណើតមកពីឡាទីន។ រដ្ឋមីនីសូតា ក៏កំពុងតែផ្អៀងទៅរកលោកអូបាម៉ាដែរ។

ការស្ទង់លទ្ធផល របស់បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន៖
អូបាម៉ា ២៣៨ ទល់នឹង រ៉ូមណី ២០១។

  • ម៉ោង០៥ម៉២០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

អ្នកមានសមានចិត្តជាមួយនឹងលោកអូបាម៉ា និងគណបក្សប្រជាធិបតេយ្យ បានប្រកាសជ័យជំនះរបស់លោកប្រធានាធិបតីផុតតំណែង ថាបានជាប់បន្តតំណែងសំរាប់អាណត្តិ៤ឆ្នាំទៅមុខទៀត។

ការស្ទង់លទ្ធផល របស់បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន នានាទីនេះ៖
អូបាម៉ា ២៧៤ ទល់នឹង រ៉ូមណី ២០១។

  • ម៉ោង០៥ម៉៥០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

ចំណែកខាងអ្នកមានសមាណចិត្តជាមួយ គណបក្សសាធារណរដ្ឋ បានសំដែងនូវការខកចិត្ត ចំពោះបរាជ័យ របស់បេក្ខជនរបស់ខ្លួន។ គេនៅរងចាំបន្តិចទៀត ដើម្បីលោកប្រធានាធិបតី ដែលនឹងបន្តតំណែង សំរាប់បួនឆ្នាំខាងមុខទៀត ឡើងមកថ្លែង ទៅកាន់អ្នកមកអបអរសាទរលោក នៅសាលជួបជុំក្នុងទីក្រុងឈីកាហ្គោ។

នៅលើទំព័រទ្វីធើររបស់លោកអូបាម៉ា លោកបានសរសេរថា «បួនឆ្នាំទៅមុខទៀត។ រឿងនេះកើតមានបាន ដោយសារតែអ្នកទាំងអស់គ្នា។ អរគុណ។»

ការស្ទង់លទ្ធផល របស់បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន នានាទីនេះ៖
អូបាម៉ា ២៩០ ទល់នឹង រ៉ូមណី ២០១។

  • ម៉ោង០៦ម៉៥៥ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

លោក ម៉ាត៍ រ៉ូមណី ចេញមកថ្លែងទទូលស្គាល់ បរាជ័យរបស់លោក។ លោកបានអបអរសាទរ នូវជ័យជំនះរបស់លោកអូបាម៉ា និងជូនពរក្នុងដំណើរដឹកនាំសហរដ្ឋអាមេរិក សំរាប់បួនឆ្នាំទៅមុខ។ ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណ អ្នកចូលរួមក្នុងការឃោសនាបោះឆ្នោត អ្នកគាំទ្រ និងអ្នកមានសមាណចិត្តទាំងឡាយ ដែលបានបោះឆ្នោតជូនលោក។

  • ម៉ោង០៧ម៉១០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

ក្រុមតារាល្បីៗ នៅអាមេរិក បានចូលរួមអបអរសាទរ នូវជ័យជំនះរបស់លោកបារ៉ាក់ អូបាម៉ានេះដែរ។ នៅក្នុងរូបថត គេឃើញ Lady gaga កំពុងតែសប្បាយរីករាយជាមួយនឹង មិត្តភ័ក្ររបស់នាង។

នៅសាលជួបជុំក្នុងទីក្រុងឈីកាហ្គោ បណ្ដាជនកំពុងតែចាំលោកបារ៉ាក់ អូបាម៉ា ដែលទំនងកំពុងតែធ្វើដំណើរមកដល់ហើយ។

ការស្ទង់លទ្ធផល របស់បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន នៅនាទីនេះ៖
អូបាម៉ា ៣០៣ ទល់នឹង រ៉ូមណី ២០៦។

  • ម៉ោង០៧ម៉៣៥ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៧វិច្ឆិកា ឆ្នាំ២០១២៖

លោកបារ៉ាក់អូបាម៉ា បានដើរចូលមកក្នុងឆាក ជាមួយនឹងភរិយា និងកូនស្រី២នាក់របស់លោក។ លោកបានចាប់ផ្ដើមធ្វើសុន្ទរកថា ដែលមានជាអាថ៌ ការបង្រួបបង្រួមជាតិ ការដើរបន្តកសាងជាតិទាំងអស់គ្នា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ។

លោកបានលើកសសើរពីភរិយារបស់លោក ថាលោកមិនដែលមានចិត្តរំភើប នៅក្នុងជីវិតដូចនៅថ្ងៃនេះទេ។ លោកបានថ្លែងអំណរគុណ ដល់ក្រុមការងាររបស់លោក ហើយចាត់ទុកទោះបីក្នុងកាលទេសៈណាក៏ដោយ ក៏ក្រុមការងារនេះ បានតស៊ូក្នុងការឃោសនាបោះឆ្នោតដ៏សែនលំបាកនេះ រហូតមានថ្ងៃនេះ។ លោកចង់អោយ សហរដ្ឋអាមរិក ជាប្រទេសមួយ ដែលបើកចំហរ មានឥទ្ធិពល ប្រកបដោយការគោរព ពីសំណាក់ប្រទេសផ្សេងទៀតក្នុងពិភពលោក ដោយសំលឹងទៅរកអនាគតមួយវែងឆ្ងាយ។ ជាក្ដីសង្ឃឹមថ្មីមួយ របស់ប្រទេសអាមេរិកទាំងមូល ដែលលោកបានក្លាយជាប្រធានាធិបតី សំរាប់កាន់ចង្កូត ក្នុងរយះពេល៤ឆ្នាំខាងមុខ។

ការផ្សាយបន្ដផ្ទាល់ ពីព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក របស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមបញ្ចប់តែត្រឹមនេះ។ សូមអរគុណ ក្នុងការតាមដានតាំងពីដំបូង រហូតមក៕

---------------------------------------------------
ដោយ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មនោរម្យព័ងអាំងហ្វូ។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments