អ្នក​ច្បាប់​ថា បក្ស​ប្រជាជន​ខ្លាច​ការ​ផ្ដល់​សិទ្ធិ និង​សេរីភាព​ឲ្យ​ពលរដ្ឋ

អំណាចភាគច្រើនរបស់ CPP បានមកពីការប្រគល់អំណាចក្រោយការបោះឆ្នោត តាមរយៈមាត្រា៥៣ (ថ្មី) នៃ​ច្បាប់​បោះ​ឆ្នោត ដែលគណបក្សមួយនេះ មិនអនុញ្ញាតិឲ្យមានប្រតិភូកម្មអំណាច ទៅដល់មន្រ្តីមូលដ្ឋាន។ នេះជាការលើកឡើង របស់​សាស្រ្តាចារ្យ​ច្បាប់មួយរូប ក្នុងប្រទេសកម្ពុជា។

«ច្បាប់​ថ្មី»​សម្រាប់​ស្ថាប័ន គ.ជ.ប ដែល​ក្រុម​ការងារ​បច្ចេក​ទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជួប​ជជែក​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​នោះ ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់ និង​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។ លោក ព្រហ្ម វិជ្ជា សាស្រ្តាចារ្យ​ច្បាប់ និង​មគ្គុ​ទេស​ក្នុង​ការ​បង្ហាត់​បង្ហាញ​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​នានា​ដែល​ពាក់​ព័ន្ធ​នឹង គ.ជ.ប ទៅ​ដល់​មន្រ្តី​និង​យុវជន នៃ​ស្ថាប័ន គ.ជ.ប នេះ បាន​ថ្លែង​ថា នោះ​ដោយ​សារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ ខា្លច​ការ​ផ្តល់​សិទ្ធិ និង​សេរីភាព​ទៅ​ឲ្យ​ពលរដ្ឋ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក ព្រហ្ម វិជ្ជា បាន​រៀប​រាប់​ថា កន្លង​មក​គណបក្ស​ទាំង​ពីរ​តែង​តែ​ទើស​ទាល់ ក្នុង​ការ​សម្រេច​​ក្នុង​ជំនួប​នៃមន្រ្តី​បច្ចេក​ទេស ហើយ​កិច្ចការ​មួយ​ចំនួន ត្រូវ​បាន​ក្រុម​ការងារ​របស់​គណបក្ស​ទាំង​ពីរ​លើក​ឡើង​ថា រង់ចាំ​មាន​ជំនួប​ថ្នាក់​ដឹកនាំ​កំពូល ជា​អ្នក​សម្រេច។ ករណី​មួយ​ចំនួន​ដែល​ឆ្លង​កាត់​ជំនួប​ជា​ច្រើន​លើក​នោះ តែ​មិន​អាច​មាន​ការ​ឯកភាព​គ្នា​ដូច​ជា បញ្ហា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​«បង្រួម»​សិទ្ធិ នៃ​ការ​ធ្វើការ​ឃោសនា និងការចូលរួមឃោសនាការបោះឆ្នោតរបស់ពលរដ្ឋ ចែងក្នុងច្បាប់​បោះ​ឆ្នោត​ថ្មី - បញ្ហា«អត្តសញ្ញាណ» នៃអ្នកត្រូវទៅបោះឆ្នោត - បញ្ហាបញ្ចូលឈ្មោះអ្នក​បោះ​ឆ្នោត តាម​ប្រព័ន្ធ​អេឡិចត្រូនិក - បញ្ហាការបង្កើត«ប័ណ្ឌ» សម្រាប់អ្នកបោះឆ្នោតប្រើប្រាស់នៅពេលបោះឆ្នោត និង​បញ្ហា​«សញ្ជាតិ​ខ្មែរ»​តែ​មួយ​ជា​ដើម។ ករណីខាងលើនេះ ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងអះ​អាង​​ថា​មិន​អាច​ម្រេច​បាន និង​ទុក​ឲ្យ​ថ្នាក់​ដឹកនាំ​កំពូលជាអ្នកសម្រេច។

តែផ្ទុយទៅវិញ សម្រាប់មាត្រា៥៣(ថ្មី) នៃសេចក្តីព្រាងច្បាប់ស្តី ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវ​បានគណបក្សកាន់អំណាចថែរក្សាទុក ព្រោះវាបានផ្តល់នូវផលវិជ្ជមានច្រើន សម្រាប់គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង ជៀសជាងប្រយោជន៍ជាតិ និងប្រជាជន។ លោកសាស្ត្រាចរណ៍ បានលើកយត្រង់ចំណុច «ប្រតិភូកម្ម​អំណាចទៅឲ្យមន្រ្តីថ្នាក់ក្រោម ឬមូលដ្ឋាន» ដែលចែងនៅក្នុងមាត្រា និងត្រូវបានរក្សាទុកនោះ មក​និយាយថា ព្រោះសកម្មជនដែលជាអ្នក«ចុះ»ឈ្មោះឬ«លុប»ឈ្មោះ ជាមន្រ្តីមកពីគណបក្ស​ប្រជាជន​កម្ពុជា ហើយ​មន្រ្តី​ទាំង​នោះ នឹងមានឱកាសច្រើនក្នុងការ«លុប» ឬ«បន្ថែម»សកម្មជនណា ដែលមិនមែនឬជា​សមាជិក​​បក្ស​របស់​ខ្លួន។ កែ ឬកោសលុបឈ្មោះអ្នកគាំទ្របក្សដទៃ ឲ្យមានលក្ខណៈខុស ដែលមិនអាច​បោះ​ឆ្នោតបាន។ បន្ទាប់​មក​ឲ្យ​មេ​ឃុំ​មកពីបក្សកាន់អំណាច អាចផ្តល់សិទ្ធិ«ថ្មី»ទៅឲ្យជនផ្សេងទៀត ដែលអាច​ទៅ​បោះ​ឆ្នោត​ជំនួស​លើ​ឈ្មោះ ដែល​បាន​កែខុសពីធាតុដើមនោះ។

លោកបន្តថា ក្រៅពីនេះ នៅមានការប្រើយុទ្ធសាស្រ្តមួយចំនួនទៀត ដូចជាការគម្រាមកំហែង​លើផ្នែកចិត្ត​សាស្រ្ត តាមរយៈការចុះផ្ទៀងឈ្មោះបោះឆ្នោត។ ការ«ប្រែ»មន្រ្តីរាជការស៊ីវិល ទៅជាសកម្មជននយោបាយ​របស់បក្សកាន់អំណាច ការផ្តល់ឱកាសឲ្យជនអន្តោប្រវេសន៍វៀតណាមមានសិទ្ធិ ក្នុងការចូលរួម​ការបោះ​ឆ្នោត​នៅកម្ពុជាជាដើម។

លោកសាស្រ្តាចារ្យបានថ្លែងទៀតថា ការមិន«ព្រម»កែប្រែមាត្រា៥៣(ថ្មី) របស់គណបក្សប្រជាជនកម្ពុជានេះ ជាការរួមចំណែកមួយក្នុងការបង្កើតឲ្យមាន«ផលវិបាក» ច្រើនសម្រាប់ការបោះឆ្នោត។ គណបក្ស​ប្រជាជន​កម្ពុជា កំពុងបន្តឲ្យមាននូវភាពអសន្តិសុខសង្គម តាមរយៈការគ្រប់គ្រងប្រព័ន្ធ«យុត្តិធម៌» ដោយប្រយោល ក្នុង​ការបំបិទសិទ្ធិ និងសេរីភាព ផ្ទុយពីគោលការណ៍ច្បាប់ដែលមានចែង ប៉ុន្តែបានដាក់ចេញ នូវគោលការណ៍​«អំណាចបែបផ្តាច់ការ» តាមរយៈការបញ្ជាដោយ«ផ្ទាល់មាត់» ជាជំនួស។

«ស.ជ.ណ»

លោកបានបន្តលើកឡើងថា ជាក់ស្ដែងណាស់ ប្រទេសកម្ពុជាកំពុង«ក្រឡាប់ចាក់» ដោយប្រទេសនេះយក ស.ជ.ណ មកគ្របលើ«ច្បាប់» ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។ លោកបាន​ពន្យល់​ថា ស.ជ.ណ ដែលធំជាងច្បាប់នេះបានសម្រេចនូវអ្វីៗ ស្រេចតែនឹងអំណាចនៃអ្នកដឹកនាំ ឬរៀបចំ ដូច​ករណីទំនិញចង់ឡើងថ្លៃ ឬចុះថោកនោះ គ្មានយន្តការច្បាស់លាស់ឡើយ ធ្វើឡើងតាមតែចិត្តនឹកឃើញ និង​ដើម្បីតែអំណាច ឬប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន ឬបក្សពួកប៉ុណ្ណោះ។ រីឯករណីដីធ្លីក៏ដូចគ្នាដែរ គ្មាន​អនុវត្ត​យន្តការច្បាប់ឡើយ ដោយយកតែយន្តការបក្ស អំណាចនិងសាច់ញាតិមកអនុវត្តប៉ុណ្ណោះ។

ការដឹកនាំដែលមិនយកច្បាប់ជាមូលដ្ឋាន បង្កឲ្យមានវិបត្កដីធ្លី រិតតែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយបន្ទាប់​មក ដោយមិនអាច​ទប់ទល់បាន រដ្ឋាភិបាលក៏សម្រេចបង្កើត «កម្លាំងក្នុងកម្លាំង» ក្រោមលេស«ភូមិឃុំ​មាន​សុវត្តិភាព» នូវក្រុម​ដែលគេចាត់ទុកថា ជាក្រុម«បាតដៃទីបី» ឬ«កម្លាំងទីបី» ដែលគេហៅថា «បញ្ជា​ការពារ​ភូមិ» មកបង្ក្រាប បាតុកម្ម កូដកម្ម ស្របច្បាប់ ក្រោមការបញ្ជារបស់អាជ្ញាធរ តែគ្មានអ្នកទទួលខុសត្រូវ លើ​ទង្វើរបស់ក្រុម​ទាំង​នោះឡើយ។ ក្រោយពី«បរាជ័យ»ក្នុងរឿងជម្លោះផ្ទះសម្បែង ដីស្រែចម្កា ប្រជាពលរដ្ឋ​ភាគ​ច្រើនបាន​សម្រេច​ចិត្ត ចាកចេញពីភូមិកំណើតរបស់ខ្លួន ទៅកាន់ទីដទៃ រហូតមានការលបលួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ទៅ​ប្រទេស​ក្រៅជាដើម៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments