បារាំង​ធ្វើ​សង្គ្រាម​​មួយ​​ចំអិន​​កំពិស​ ប្រឆាំង​ភេវរកម្ម

ពីរនាក់បងប្អូន ដែលត្រូវបានសង្ស័យថា ជាខ្មាន់កាំភ្លើងក្នុងអំពើភេវរកម្ម បាញសម្លាប់បុគ្គលិកនៃទស្សនាវដ្ដីឆារលីអេបដូ (Charlie Hebdo) កណ្ដាលទីក្រុងប៉ារីស ត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងពិសេសបង្ក្រាបភេវរកម្ម របស់​ប្រទេស​បារាំង។ ជនសង្ស័យម្នាក់ទៀត ឈ្មោះ អាមេឌី គូលីបាលី (Amedy Coulibaly) ដែលបានបាញ់សម្លាប់នគរបាល នៅ​មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​ភេវរកម្ម ក៏ត្រូវបានសម្លាប់ក្នុងពេលតែមួយនោះដែរ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី០៩ មករា ២០១៥
  • កែប្រែចុងក្រោយ: January 10, 2015
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេស​បារាំង​បាន​ឆ្លង​កាត់​ថ្ងៃ​ដ៏​ងងឹត​ បន្ទាប់​ពី​មិន​ដែល​ជួប​ហេតុការណ៍​បែប​នេះ តាំង​ពី​ជាង​៥០​ឆ្នាំ​កន្លង​មក។ ក្រោយ​ពី​បាន​រង​គ្រោះ​នឹង​អំពើ​ភេវរកម្ម បាញ់​សម្លាប់​បុគ្គលិក អ្នកគូរគំនូរ និង​អ្នក​សារព័ត៌មាន នៃ​ទស្សនាវដ្ដី ឆារលីអេបដូ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​មករា​ឆ្នាំ​២០១៥​នេះ​រួច ព្រឹត្តិការណ៍​ដ៏​រន្ធត់​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ស្អែក​ឡើង ស្ត្រី​ជា​នគរបាល​ម្នាក់ បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង បាញ់​ដោយ​ជន​ខ្មាន់​កាំភ្លើង​ម្នាក់ ដែល​បាន​គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពី​ហេតុការណ៍​នេះ​រួច។ បន្ទាប់​មក​នៅ​ពេញ​មួយ​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ ប្រទេស​បា​រាំង​បាន​ធ្លាក់​ខ្លួន ទៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​ទៀត។

នោះគឺ​ការ​ចាប់​ចំណាប់​ខ្មាំង​ពីរ​កន្លែង ដែល​ចំណាប់​ខ្មាំង​ទី​មួយ បាន​ប្រព្រឹត្តិ​ឡើង​ដោយ​ជន​សង្ស័យ​ពីរ​នាក់​បង​ប្អូន គូអាឈី (Kouachi) ជា​ភេវរជន​បាញ់​សម្លាប់ ក្រុម​បុគ្គលិក​ទស្សនាវដ្ដី ឆារលីអេបដូ នៅ​ក្រុង ដាម៉ាតាំង (Dammartin) ក្នុង​តំបន់​ជាយ​រដ្ឋធានី​ប៉ារីស និង​ចំណាប់​ខ្មាំង​មួយ​ទៀត ដែល​កើត​ឡើង​ក្នុង​រដ្ឋធានី​ប៉ារីស​តែ​ម្ដង បង្ក​ឡើង​ដោយ​ជន​ស្បែក​ខ្មៅ​ម្នាក់។ ជន​នេះ ដែល​គេ​ស្គាល់​ឈ្មោះ អាមេឌី គូលីបាលី ត្រូវ​បាន​អាជ្ញាធរ​សង្ស័យ​ថា​បាន​បាញ់​សម្លាប់​នគបាល​ស្រី កាល​ពី​ថ្ងៃ​ពុធ។ បើ​តាម​សំណុំ​រឿង​ដែល​ក្រុម​អាជ្ញាធរ​មាន​នៅ​ក្នុង​ដៃ ជន​ទាំង​បី​ជា​សមាជិក​សកម្ម នៅ​ក្នុង​បណ្ដាញ ជីហាដ (Djihad ក្រុម​ស្ម័គ្រ​ប្រយុទ្ធ របស់​ក្រុម​អ៊ីស្លាម​និយម​តឹង)។

ជនរងគ្រោះមានចំនួន១៧នាក់

បើគិតពីថ្ងៃពុធទី៧ ខែមករា មកទល់នឹងព្រឹកថ្ងៃសៅរ៍ទី១០ ខែមករានេះ ជនរងគ្រោះមានចំនួនកើនឡើង​ដល់​១៧នាក់៖ ជនស៊ីវិល១៤នាក់ និងមន្ត្រីនគរបាល៣នាក់ - មនុស្ស១២នាក់ស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃពុធ ស្ត្រី​នគរបាលម្នាក់ស្លាប់នៅថ្ងៃព្រហស្បត្តិ៍ និង៤នាក់ទៀត បានស្លាប់នៅថ្ងៃសុក្រ។ ជនរងគ្រោះបួននាក់នៅ​ថ្ងៃ​សុក្រ សុទ្ធសឹងជាចំណាប់ខ្មាំង ដែលត្រូវបានបាញ់សម្លាប់ដោយជនសង្ស័យ អាមេឌី គូលីបាលី ក្នុង​ហេតុ​ការណ៍​ចាប់ធ្វើចំណាប់ នៅហាងទំនិញមួយភាគខាងកើតនៃរដ្ឋធានីប៉ារីស។ នេះគេនៅមិនទាន់និយាយពីអ្នក​របួស ដែលមានចំនួនច្រើនជាង២០នាក់ បើគិតរួមទាំងបីថ្ងៃមកនេះ។

ហេតុការណ៍ដែលកើតឡើង

ពីនាក់បងប្អូន សាអ៊ិដ គូអាឈី (Saïd Kouachi) អាយុ៣២ឆ្នាំ និងឆេរីហ្វ៍ គូអាឈី (Chérif Kouachi) អាយុ​៣៤​ឆ្នាំ ត្រូវបានកងកម្លាំងអាជ្ញាធរដេញប្រមាញ់ តាំងពីយប់ថ្ងៃពុធទី៧ខែមករា បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត​បារាំង បាន​រកឃើញថា ពួកគេបានជាប់ទាក់ទងនឹងហេតុការណ៍ភេវរកម្ម ទៅលើទស្សនាវដ្ដី ឆារលីអេបដូ។ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទំនងជាអស់កន្លែងដែលអាចរត់លាក់ខ្លួនតទៅទៀត ជនទាំងពីរបានចូលទៅក្នុងសហគ្រាស​បោះ​ពុម្ភ​មួយ ស្ដិតក្នុងក្រុង ដាម៉ាតាំង ភាគខាងកើតជាយរដ្ឋធានីប៉ារីស។ ពួកគេបានចាប់យកបុគ្គលិកមួយរូប នៃ​សហគ្រាស​នោះ ធ្វើជាចំណាប់ខ្មាំង ប៉ុន្តែបុគ្គលិករូបនោះបានគេចខ្លួន ហើយចូលទៅពួនក្នុងកេស​ក្រដាស​មួយ។ បុគ្គលិករូបនោះ បានទាក់ទងមកកងកម្លាំងពិសេសបារាំង តាមទូរស័ព្ទ ពីអ្វីៗគ្រប់យ៉ាងដែល​បាន​កើត​ឡើងនៅក្នុងសហគ្រាស ជាពិសេសពីសកម្មភាពរបស់ជនសង្ស័យទាំងពីរនាក់។

បន្តិចក្រោយមក អាមេឌី គូឡាប៊ីលី ដែលត្រូវបានអាជ្ញាធរសង្ស័យ ជាជនខ្មាន់កាំភ្លើងនៅក្នុងការ​បាញ់​សម្លាប់​ស្ត្រីនគរបាល កាលពីថ្ងៃព្រហស្បត្តិ៍ បានចូលក្នុងហាងលក់ទំនិញមួយ ស្ថិតនៅខាងកើតរដ្ឋធានីប៉ារីស ហើយ​បានចាប់ចាប់មនុស្សជាច្រើន នៅក្នុងហាងនេះធ្វើជាចំណាប់ខ្មាំង។ នេះបើតាមរដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំរដ្ឋធានីប៉ារីស លោក ហ្វ្រង់ស័រ ម៉ូឡាំង (François Molins)។ ចំណាប់ខ្មាំងបួននាក់ទំនងជាត្រូវបាន​បាញ់​សម្លាប់ នៅពេល អាមេឌី គូលីបាលី ផ្ដើមសកម្មភាពដំបូងរបស់ខ្លួន។ អាមេឌី គូឡាប៊ីលី បានព្រមានថា ខ្លួនគេ​នឹងបាញ់សម្លាប់ចំណាប់ខ្មាំង ក្នុងហាងនេះទាំងអស់ទៀត ប្រសិនណាជាកងកម្លាំងពិសេស បើកការវាយ​ប្រហារទៅលើបងប្អូនទាំងពីរនាក់ ដែលកំពុងស្ថិតក្នុងសហគ្រាសបោះពុម្ភ។

ប្រតិបត្តិការក្នុងពេលតែមួយ

ដោយស្ថិតក្នុងការចរចាជាច្រើនម៉ោងមិនទទួលបានជោគជ័យ កងកម្លាំងនគរបាលពិសេសបារាំង ដែលមាន​ជំនាញខាងការបង្ក្រាបឧក្រិដ្ឋកម្មកម្រិតធ្ងន់ បានបើកប្រតិបត្តិការផ្ទុះអាវុធ នៅវេលាម៉ោងប្រមាណជា៤ និង​៥៧នាទីរសៀល ក្នុងថ្ងៃសុក្រដដែល ដោយបានសម្លាប់បងប្អូន គូអាឈី ទាំងពីរនាក់ និង អាមេឌី គូលីបាលី នៅនឹងកន្លែង ដែលពួកគេបានចាប់មនុស្សធ្វើចំណាប់ខ្មាំង។ បើតាមលោករដ្ឋអាជ្ញា ហ្វ្រង់ស័រ ម៉ូឡាំង ដដែល​បានឲ្យដឹងថា ជនសង្ស័យទាំងពីរ គូអាឈី បានបាញ់តដៃជាមួយកងកម្លាំងរបស់អាជ្ញាធរ ដែលជំរុញឲ្យ​ពួក​គេត្រូវបានបាញ់សម្លាប់ភ្លាមៗ។ បងប្អូនទាំងពីរនាក់ មានអាវុធនៅនឹងដៃ ធុនពាក់កណ្ដាលស្វ័យប្រវត្តិ និង​អាវុធបាញ់រ៉ុក្កែត។

មកដល់ពេលនេះ អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួន ស្ត្រីម្នាក់ទៀត ដែលជាភរិយារបស់ អាមេឌី គូលីបាលី (Amedy Coulibaly) ដែលមានឈ្មោះ ហាយ៉ាត ប៊ូម៉េឌីយ៉េន (Hayat Boumeddiene)។ បើតាមអាជ្ញាធរ បាន​បញ្ជាក់ថា ស្ត្រីវ័យ២៦ឆ្នាំម្នាក់នេះ ជាសមាជិកយ៉ាងសកម្ម នៅក្នុងបណ្ដាញជីហាដ នៃក្រុមអ៊ីស្លាមនិយមតឹង។ អាជ្ញាធរបានសង្ស័យថា ស្ត្រីម្នាក់នេះជាគ្រោះថ្នាក់សម្រាប់សង្គមបារាំង និងបានចូលរួម​រៀបចំឲ្យ​មាន​ភេវរកម្ម​ទាំងនេះខាងលើ ខណៈការស្វែងរកចាប់ខ្លួន ហាយ៉ាត ប៊ូម៉េឌីយ៉េន ក៏មានបំណងដើម្បី​ស្រាវជ្រាវរកសមាជិក​ផ្សេងៗទៀត ដែលស្ថិតក្នុងបណ្ដាញអ៊ីស្លាមនិយម​តឹងនេះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...