ប៉ែន សុវណ្ណ គ្រោង​ប្តឹង​វៀតណាម និង​អ្នក​ពាក់​ព័ន្ធ​ទៅ ICC រឿង​បំភ្លៃ​ថ្ងៃ ៧​មករា

ស្របពេលថ្ងៃខួបលើកទី៣៦ នៃថ្ងៃរំដោះប្រទេសកម្ពុជា ចេញពីរបបខ្មែរក្រហម ៧ មករា ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន បានបំភ្លៃប្រវត្តិសាស្រ្ត រួមទាំងបាន«បិទបាំង»អ្នកដែលបង្កើតនូវមាន រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាពិតប្រាកដ ហើយបែរជាតាំងខ្លួន ជាអ្នកដឹកនាំនៃការសង្គ្រោះកម្ពុជា ក្នុងថ្ងៃ៧ មករា ១៩៧៩ ទៅវិញ។ នេះបើតាមលោក ប៉ែន សុវណ្ណ។
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មករា ២០១៥
  • កែប្រែចុងក្រោយ: January 07, 2015
  • ប្រធានបទ: រំលឹកខួប
  • អាន និងបញ្ចេញយោបល់

ថ្ងៃ ៧ មករា ពិត​ជា​ថ្ងៃ​ដែល​នាំ​ឲ្យ​ខ្មែរ​គ្រប់​រូប ចាក​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត។ នេះ​ជា​ការ​លើក​ឡើង​ខ្លី​ដំបូង របស់​អតីត​នាយក​រដ្ឋមន្រ្តី ឆ្នាំ១៩៧៩ លោក ប៉ែន សុវណ្ណ នៅ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ក្នុង​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥​នេះ។ លោក ប៉ែន សុវណ្ណ បាន​ថ្លែង​​ថា ការ​គេច​ផុត​ពី​របប​ខ្មែរ​ក្រហម​នេះ ជា​ស្នាដៃ​របស់​រូប​លោក ដែល​បាន​ផ្តួច​ផ្តើម និង​បង្កើត​ឲ្យ​មាន​ឡើង នូវ​អង្គការ​នយោបាយ ២ធ្នូ ឆ្នាំ​១៩៧៨។ ហើយ​ខ្មែរ​ក្រហម ដែល​ត្រូវ​បាន​ផ្ដួល​រលំ​ក្នុង​ថ្ងៃ៧ មករា ១៩៧៩នោះ ជា​មោទនភាព​មួយ​របស់​លោក ដែល​បាន​ជួយ​ប្រជាជន​កម្ពុជា។

ប៉ុន្តែ​ស្នាដៃ​នេះ មិន​មែន​ជា​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ​ឡើយ។ អតីត​នាយក​ដ្ឋមន្រ្តី ស្ថិត​ក្នុង​វ័យ ៧៨ឆ្នាំ បាន​បញ្ជាក់​ថា ពួក​គេ​ទាំង​នេះ​បាន​បិទ​បាំង​នូវ​ការ​ពិតនៃ​អ្នក​បង្កើត និង​រំដោះ​ប្រជា​ជាតិ​កម្ពុជា ចេញ​ពី​របប​ខ្មែរ​ក្រហម។ ហើយ​ជា​ពិសេស មនុស្ស​ទាំង​នេះ​ទៀត​សោធ សុទ្ធ​តែ​ត្រូវ​បាន​លោក​តែង​តាំង ឲ្យ​មាន​ថានៈ​ក្នុង​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​១៩៧៩​។

ប្ដឹងឡើង ICC

បច្ចុប្បន្នជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ មកពីគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ បានបញ្ជាក់​ថា លោកនឹងសើរើឡើងវិញ នូវអ្វីដែលជារបស់លោក ក្រោយការដួលរលំនៃរបបខ្មែរក្រហមនោះ។ លោកនឹង​ធ្វើ​ពាក្យបណ្តឹងមួយ ទៅតុលាការអន្តរជាតិ ហៅកាត់ថា ICC ក្រោមការជួយជ្រោមជ្រែងទាំងផ្លូវច្បាប់ និងថវិកា​ពី​ប្រទេសអូស្ត្រាលី និងមេធាវីខ្មែរមួយចំនួនផងដែរ។

លោក ប៉ែន សុវណ្ណ បានថ្លែងថា៖ «៣៦ឆ្នាំហើយ រឿងបំបិទឈ្មោះខ្ញុំ រឿងបំបិទប្រវត្តិសាស្រ្តខ្ញុំ។ (...) ៧ មករា ខ្ញុំជាអ្នកបង្កើត ខ្ញុំនឹងស្វែងរកប្រវត្តិសាស្រ្តពិតរបស់ខ្ញុំឡើងវិញ។»

លោកបានបង្ហាញជំហរថា ជាជំហានដំបូងលោកនឹងប្តឹងប្រទេសវៀតណាម ដែលបានបំភ្លែការពិត នៃការ​រំដោះកម្ពុជាពីរបបខ្មែរក្រហម ព្រោះមិនស្ថិតក្រោមការស្ម័គ្រចិត្ត ឬជួយកម្ពុជាដោយសុច្ចរិតនោះឡើយ។ លោក​បន្តថា ការជួយកម្ពុជាក្នុងការលៈទេសៈនោះ ព្រោះវៀតណាមចង់បានលាភសក្ការៈ ទឹកដីកម្ពុជា និងការ​បញ្ជូល​ជនជាតិរបស់គេ មកនៅតាមខេត្តក្នុងស្រុកខ្មែរប៉ុណ្ណោះ។ ហើយ ជំហានបន្តមកទៀត លោកនឹងប្តឹងប្រទេស​វៀតណាម ដែលបានចាប់លោកដាក់គុកនាពេលនោះ ក្រោយការរំដោះ ៧ មករា។

លោកបានចាត់ទុកថា ការចាប់ដាក់គុកពីសំណាក់អាជ្ញាធរកុម្មុយនីសវៀតណាម មកលើថ្នាក់ដឹកនាំកំពូល ដែលបានបង្កើតនូវការរំដោះកម្ពុជានេះ ជាអំពើខុសនឹងច្បាប់អន្តរជាតិ។ លោកបន្តថា ក្រោមមូលហេតុ​មួយ​ទៀត ដែលវៀតណាមចាប់លោកនោះ ព្រោះតែលោកមិនព្រមតាមបំណងរបស់ប្រទេសវៀតណាម ដែល​មានចេតនាក្នុងការលេចយកទឹកដីខ្មែរ។

មិនមែនចូលមកដោយចិត្តឯង...

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការ​បក​ស្រាយ​ភ្លាមៗ ពីការលើកឡើងរបស់លោក ប៉ែន សុវណ្ណ នេះបាននៅឡើយ។ ប៉ុន្តែនៅក្នុងអង្គមេទ្ទិញ​ខួប​លើក​ទី៣៦ នៃថ្ងៃ៧ មករា ១៩៧៩-២០១៥នេះ លោក ហេងសំរិន ប្រធានកិត្តិយសគណបក្សប្រចាជនកម្ពុជា និង​ជាប្រធានរដ្ឋសភា បានលើកឡើងថា ការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម ក្រោមការជួយជ្រោមជ្រែង​របស់​ប្រទេសវៀតណាម និងតាមងារអំពាវនាវរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនមែនជាការដែលចូល​មកដោយឯកឯង និងចង់បានប្រយោជន៍ពីកម្ពុជានោះឡើយ។

លោក ហេង សំរិន បានថ្លែងឡើងថា៖ «យើងប្រារព្ធពិធីបុណ្យរំឮក ដល់ទិវាជ័យជំនះជាប្រវត្តិសាស្ត្រនេះ ក្នុង​ស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និង​វីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត ដើម្បី​រំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments