ក្ដោង​សំពៅ​នៅ​វត្ត​សំរោង​សែន មាន​ចំណាស់​ពាន់​ឆ្នាំ?

ក្តោងសំពៅដែលលិចនៅក្នុងទន្លេ តាំងពីសម័យបុរាណ ត្រូវបានប្រជាពលរដ្ឋឃុំសំរោងសែន ស្រង់​យក​មក​ទុក​ដាក់​នៅ​ក្នុង​វត្ត​សំរោង​សែន ដើម្បីធ្វើជាទីសការៈបូជា របស់ពល់រដ្ឋនៅតំបន់នោះ ក្នុងការបន់ស្រន់សុំសេចក្តីសុខ។

ស្ថានីយ៍បូរេប្រវត្តិ សំរោង​សែន ពិត​ជា​មាន​រឿង​ជា​ច្រើន ដែល​បាន​បង្ហាញ​ទាក់​ទង​ពី​ប្រវត្តិ​ប្រទេស​កម្ពុជា ដ៏​ចំណាស់ និង​ពោរ​ពេញ​ដោយ​អរិយៈធម៌​ដ៏​រុង​រឿង​មួយ។​ យើង​សូម​លើក​យក​ករណី​មួយ​មក​ជម្រាប ទាក់​ទង​នឹង​កំណាត់​ឈើ​មួយ​ដើម ប្រវែង​ជាង ៣០ម៉ែត្រ ដែល​ត្រូវ​បាន​ពលរដ្ឋ​ឃុំ​សំរោង​សែន ស្គាល់​ថា​វា​ជា​ក្តោង​សំពៅ បន្សល់​ទុក​តាំ​ង​ពី​សម័យ​កាល ដែល​កសាង​ប្រាសាទ​អង្គរ​វត្ត​មក​ម្លេះ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងជើងទន្លេសាប (ឃុំ​សំរោង​សែន ស្ថិត​នៅ​ជាប់​ព្រំ​ប្រទល់​រវាង​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​កំពង់​ធំ) នោះ បាន​និយាយ​តៗ​គ្នា​មក​ថា កាល​ពី​សម័យ​បុរាណ រាល់​សំពៅ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​កំពង់​ផែ​សំរោង ត្រូវ​ចុះ​ចត​មក​សែន​សុំ​សេចក្តី​សុខ​សិន ទើប​អាច​បន្ត​ដំណើរ​បាន​ទៅ​មុខ​ទៀត បើ​មិន​ដូច្នេះ​ទេ សំពៅ​នោះ​ប្រាកដ​ជា​មាន​បញ្ហា។ រីឯ​ក្តោង​សំពៅ ដែល​គេ​ស្រង់​មក​ទុក​នៅ​វត្ត​សំរោង​នោះ ទំនង​ជា​ម្ចាស់​សំពៅ​នៅ​ពេល​នោះ មិន​បាន​ចុះ​ចត​មក​សែន​បន់​ស្រន់​សុំ​ក្តី​សុខ ទើប​បណ្ដល​ឲ្យ​លិច​សំពៅ​ដូច្នេះ។

ត្រង់នេះហើយ ទើបប្រជាពលរដ្ឋហ៊ានសន្និដ្ឋានថា កំណាត់ឈើដែលមានប្រវែង​ជាង៣០ម៉ែត្រនោះ ជាក្តោង​សំពៅ ហើយនៅពេលដែលគេស្រង់យកវាមក ក៍គេឃើញមានជាប់នៅឆ្អឹងមនុស្សធំៗ ដែលគេអាចជឿថា ជា​មនុស្សដែលស្ថិតនៅក្នុងសម័យអង្គរ និងជាអ្នកដំណើរនៅក្នុងសំពៅនោះឯង។

នៅពេលដែលគេស្រង់វាយកមក គេមិនដឹងថា វាជាឈើប្រភេទអ្វីឲ្យពិតប្រាកដនោះទេ ដោយសារតែវាពុក​ស្រួយ​អស់ទៅហើយ អ្នកខ្លះនិយាយថា វាជាដើមគគី ហើយអ្នកខ្លះទៀតថាជាដើមថ្កុលមាស។ បើនិយាយថា ព្រឹត្តិការណ៍លិចសំពៅនេះ បានកើតឡើងនៅសម័យអង្គរ ដូច្នេះកំណាត់ឈើនេះ មានអាយុកាលមិនតិច​ជាង​ពាន់ឆ្នាំឡើយ។

ក្រោយពីគេស្រង់ក្តោងសំពៅនេះ មកទុកដាក់នៅក្នុងវត្តសំរោងសែន ស្ថិតក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនោះមក វាបានផ្តល់នូវភាពត្រជាក់ត្រជុំ ដល់ប្រជាពលរដ្ឋនៅតំបន់នោះណាស់។ ដូចជានៅ​ពេល​ដែលប្រជាពលរដ្ឋរកត្រីមិនបាន ឫមានជំងឺអ្វីមួយ ពលរដ្ឋតែងតែទៅបន់ស្រន់ សុំក្តីសុខពីក្តោងទូកនោះ ហើយក៏សម្រេចដូចសេចក្ដីប្រាថ្នានោះមែន។

មានការលេចលឺដែរថា ទទឹមនឹងការមានជំនឿទៅលើដើមគគីនេះ ក៍ធ្លាប់មានអ្នកលួចក្តោងសំពៅនេះ យក​ទៅ​ធ្វើជារបស់ផ្ទាល់ខ្លួនដែរ ប៉ុន្តែយកទៅធ្វើឲ្យគេរស់នៅមិនបានសុខ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនទាន់បានទាក់ទងសាកសួរ ពីបូរាណវិទូណាមួយ ដើម្បីអះអាងបន្ថែមទាក់​ទង នឹងប្រវត្តិរបស់កំណាត់ឈើនេះនៅឡើយ។

តែយោងតាមសម្តីរបស់ប្រជាពលរដ្ឋម្នាក់ និយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ក្តោងសំពៅនោះ ត្រូវបានប្រជាពលរដ្ឋស្រង់យកមកគោរពបូជាជាង ១០ ឆ្នាំមកហើយ ហើយគេបានសាងសង់កន្លែងទុកដាក់វា បានយ៉ាងត្រឹមត្រូវជាមួយនឹងឆ្អឹងសាកសព ដែលជាប់មកជាមួយ​ក្តោងនោះផងដែរ។ ពលរដ្ឋរូបនោះ បានបន្ថែមថា លោកបានយកម៉ែត្រ ទៅវាស់ក្តោងនោះ ដោយផ្ទាល់ដៃ​របស់លោក ឃើញថាវាមានប្រវែង ៣០.៤ម៉ែត្រ ហើយវាមានសភាពដូចជាឆ្អឹងហ្វូសស៊ីលអញ្ចឹងដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments