យឹម សុវណ្ណ៖ ម្សិល​ម៉ិញ ថ្ងៃ​នេះ និង​ស្អែក «យុត្តិធម៌»​ត្រូវ​តែ​ឈ្នះ (vdo)

«អំពើអយុត្តិធម៌ មិនអាចឈ្នះអំពើយុត្តិធម៌ បានឡើយ។ ថ្ងៃម្សិលម៉ិញ ថ្ងៃនេះ និងស្អែក យុត្តិធម៌ត្រូវតែឈ្នះ។» នេះ​ជា​ការ​បញ្ជាក់ របស់​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ។
លោក យឹម សុវណ្ណ នៅខាងក្រៅសាលាដំបូងរាជធានី។ (រូបថត monoROOM.info/ S. Tith)

លោក យឹម សុវណ្ណ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់ លើ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​១១​នាក់​នោះ​ថា ជា​រឿង​«នយោបាយ»​សុទ្ធ​សាធ ដោយ​លោក​សំអាង​ថា «គ្មាន»​ភស្តុតាង ឬ​ការ​ដាក់​បន្ទុក​ណា​មួយ ដែល​យក​ជា​ការ​ឡើយ។

ស្របពេល ដែល​សវនាការ​កំពុង​តែ​ដំណើរការ ក្នុង​ថ្ងៃ​ទី២៥ ខែ​ធ្នូ​នេះ នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី លោក យឹម សុវណ្ណ បាន​ស្នើ​ដល់​តុលាការ ត្រូវ​ឈរ​លើ​ក្រប​ខណ្ឌ​ច្បាប់ ហើយ​បញ្ចប់​បញ្ហា​នៃ​ការ​ចោទ​ប្រកាន់ ទៅ​លើ​ក្រុម​សកម្ម​ជន​ក្នុង​បទ​ល្មើស​នេះ បទ​ល្មើស​នោះ​ទាំង​គ្មាន​ភស្តុតាង។ លោក​បាន​និយាយ​ថា៖ «កាត់​សេចក្តី​ឈរ​លើ​សតិ​សម្បជញ្ញៈ កាត់​សេចក្តី​ប្រកប​ដោយ​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ អ្នក​នយោ​បាយ​មាន​ទំនាស់​នឹង​គ្នា បែរ​ជា​តុលាការ​លំអៀង​ទៅ​រក​គណបក្ស​នេះ គណបក្ស​នោះ ធ្វើ​ឲ្យ​មាន​អំពើ​អយុត្តិធម៌ ធ្វើ​ឲ្យ​មាន​ជន​រង​គ្រោះ​ក្នុង​សង្គម​គ្មាន​ទី​បញ្ចប់។ ទី​បំផុត​មាន​តែ​បង្កើត​ឲ្យ​មាន​អស្ថេរភាព ទៅ​ដល់​សង្គម​ប៉ុណ្ណោះ។»

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះ បានបន្ថែមថា ក្នុងបរិយាកាសនយោបាយអំណោយផលនេះ យើង​អាចស្រុះស្រួលគ្នា ធ្វើការជាមួយគ្នា ដើម្បីជាតិយើង។ ហើយរឿងនយោបាយដែលនៅសេសសល់ គួតែត្រូវធ្វើ​ការដោះស្រាយដោយយុត្តិធម៌ជូនជនរងគ្រោះ។ លោកបានធ្វើការរំលឹកថា ក្រោមកិច្ចព្រមព្រៀងថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៤ ដែលគណបក្សទាំងពីរបានធ្វើការចចារគ្នា ក៏ជាការសន្យាបញ្ចប់បញ្ហានយោបាយទាំងអស់ រួមទាំងបាតុភាពនៃអំពើហិង្សា ដែលបានកើតឡើងមុនប្រាំថ្ងៃនៃកិច្ចព្រមព្រៀងនោះ។

តែកន្លងមក ខាងគណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បង្ហាញពីគោលជំហររបស់ខ្លួនថា ការចាប់ខ្លួននោះ ជានីតិវិធី​របស់តុលាការដែលធ្វើឡើងតាមច្បាប់ប៉ុណ្ណោះ។ ឯកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដានោះ ជាកិច្ចព្រម​ព្រៀង​ដោះស្រាយបញ្ហាជាប់គាំងនយោបាយ តែមិនមែនបញ្ចប់នូវបទល្មើស ដែលបុគ្គលណាម្នាក់ប្រព្រឹត្តិ​ល្មើសច្បាប់​នោះឡើយ។

លោក យឹម សុវណ្ណ បាននិយាយទៀតថា អ្នកដែលត្រូវបានធ្វើការចោទប្រកាន់ ក្នុងហេតុការណ៍ថ្ងៃទិ១៥ ខែ​កក្កដា ក៏ត្រូវបានដោះលែងអស់ហើយដែរ។ ចំណែកឯលោក មាជ សុវណ្ណារ៉ា ក៏មិនបានធ្វើអ្វីខុស ហើយ​ក្នុង​ក្របខណ្ឌច្បាប់ បើគ្មានភស្តុតាងទេ មិនអាចធ្វើការចោទប្រកាន់ ឬចាប់កំហុសបានឡើយ។

លោកថា បើនៅតែមានការសម្រេចដាក់ទោសនោះ ក៏វាគ្មានអ្វីក្រៅពីរឿងនយោបាយទេ។ លោកបន្ថែមទៀត​ថា៖ «តុលាការកាត់សេចក្តី យោងតាមតែយោបល់ ឬការណែនាំពីថ្នាក់លើមក នោះវាមិនមានយុត្តិធម៌​ចំពោះ​សង្គមទេ។ បើគ្មានយុត្តិធម៌សង្គមទេ ប្រជាពលរដ្ឋក៏មិនបានសុខដែរ ហើយគាត់ក៏គ្មានសន្តិភាពផ្លូវចិត្តដែរ។»

អ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយពន្យល់ទៀតថា រឿងនយោបាយជាច្រើនត្រូវបានដោះ​ស្រាយគ្នា​បាន រវាងគណបក្សទាំងពីរ ដូចករណីលោក ប្រធាន សម រង្ស៊ី ក្នុងឆ្នាំមុននេះ អាចធ្វើការដោះស្រាយបាន។ ដូច្នេះលោកសូមឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាដើមបណ្តឹងនោះ គួធ្វើការបញ្ចប់ទៅ ព្រោះការ​ស្រុះស្រួល​គ្នាដោះស្រាយបញ្ហា ឈានមកជិតចប់ហើយ។ លោក បានបញ្ជាក់ជាចុងក្រោយថា គួរចាប់ផ្តើមទំព័រ​នយោបាយ​ថ្មី និងការតស៊ូមតិ ដែលផ្អែកលើគោលការណ៍ច្បាប់ គោរពច្បាប់រដ្ឋធម្មនុញ រៀបចំការបោះឆ្នោត​ដោយសេរីនិងយុត្តិធម៌ ក្នុងការប្រណាំងប្រជែងគ្នា។ ឈ្នះនិងចាញ់ប្រកបដោយកិត្តិយស កុំយកបញ្ហា​ប៉ែង​ជើងគ្នា តាមរយៈអំណាច អាវុធ មកធ្វើបាបអ្នកលិទ្ធិប្រជាធិបតេយ្យ ឬអ្នកស្លូតត្រង់៕

សូមទស្សនាកិច្ចសម្ភាសលោក យឹម សុវណ្ណ ជាមួយអ្នកសារព័ត៌មានមុខសាលាដំបូងរាជថានីភ្នំពេញ ដូចខាង​ក្រោម៖

(វីដេអូមកដល់ ក្នុងពេលបន្ដិចទៀត)


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments