វ៉ន ពៅ៖ រឿង​ខ្ញុំ​ជា​​មេរៀន​ ធៀប​ទៅ​នឹង​រឿង​អ្នក​ទាំង​១១​នាក់

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថា រាល់​ការ​ចាប់​ខ្លួន និងសវនាការរបស់តុលាការកម្ពុជាវា មិនមានអ្វីចម្លែកនោះទេ បើក្នុងរឿង«អយុត្តិធម៌» ឬ«ជនរងគ្រោះ»ក្លាយជា «ជន​ល្មើស»​នោះ។
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត monoROOM.info/ S. Tith)

ស្រប​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ សកម្ម​ជន​គណបក្ស​ប្រឆាំង​ចំនួន​១១នាក់ ដោយ​ចោទ​ពី​បទ​ដឹកនាំ​កុបកម្ម និង​ចូល​រួម​ក្នុង​ចលនា​កុបកម្ម ប្រព្រឹត្ដ​ទៅ​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ​២០១៤ អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​សាលា​ដំបូង​វិញ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ជា​ពិសេស​លោក វ៉ន ពៅ បាន​ថ្លែង​ពី​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​របស់​ខ្លួន ជា​មួយ​នឹង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ថា​មាន​លក្ខណៈ​មិន​ខុស​គ្នា ពី​ករណី​របស់​សកម្ម​ជន​ទាំង​១១​នាក់​នេះ​ឡើយ។

ថ្លែងទៅ​​កាន់​អ្នក​សារព័ត៌មាន នៅ​មុខ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក វ៉ន ពៅ បាន​បង្ហាញ​នូវ​ករណី​នៃ​ការ​ចាប់​រូប​លោក​ផ្ទាល់ កាល​ពី​ដើម​ឆ្នាំ​២០១៤​នេះថា ក្នុង​នាម​លោក​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចូល​ខ្លួន​ទៅ​ឃាត់​មិន​ឲ្យ​មាន​អំពើ​ហិង្សា តែ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ មក​លើ​រូប​លោក​ទៅ​វិញ។

លោកបន្តថា ទាំងលោក ទាំងមហាជនទូទៅបាន​ឃើញថា អ្នកដែលត្រូវបានតុលាការកំពុង​ធ្វើការចោទប្រកាន់​ទាំងនោះ សុទ្ធតែជាមនុស្សដែលគោរពច្បាប់ ជាមនុស្សល្អ តវ៉ាដើម្បីសិទ្ធិ និងសេរីភាពរបស់ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេសតែប៉ុណ្ណោះ។

លោក វ៉ន ពៅ បានចាត់ទុកការ«ចោទប្រកាន់»របស់តុលាការ ស្ថិតក្រោមការមិនទទួលខុសត្រូវ និងមិន​បំពេញ​ការងារទៅតាមកាតព្វកិច្ច និងវិជ្ជាជីវៈរបស់ខ្លួន។ ព្រោះការចោទប្រកាន់នេះ ដោយសំអាងលើ​ការ​បាយការណ៍​ខុស ដែលចេញដោយមន្រ្តីពាក់ព័ន្ធនោះប៉ុណ្ណោះ។ តុលាការហាក់ដូចជាមិនបាន​ធ្វើការអង្កេត​លើភស្តុតាង ឯកសារ ឬសាក្សីដែលមានចំពោះមុខឡើយ។

សកម្មភាព និងទង្វើរបស់មន្រ្តីមួយចំនួននៃតុលាការកម្ពុជា ត្រូវបានលោក វ៉ន ពៅ បរិហាថា កំពុង​ស្ថិតក្រោម​អំណាច ឬបញ្ជានៃអ្នកនយោបាយ។ ព្រោះថារាល់សេចក្តីសម្រេច ឬការកាត់ក្តីរបស់តុលាការ គឺបានធ្វើឡើង ទៅតាម«ស្ថានការនយោបាយ»តែប៉ុណ្ណោះ។ ព្រោះថាការដោះលែងសកម្មជន ឬអ្នកតំណាងរាស្រ្តកាល​ពី​ពេល​កន្លងមកនេះ ក៏ត្រូវបានធ្វើឡើងស្របតាមឆន្ទះ នៃការព្រមព្រៀងរបស់គណបក្សនយោបាយដែរ។

លោកប្រធានសមាគម បាននិយាយថា៖ «យើងមិនដែលប្រព្រឹត្តិសោះ បែរជាគេមកដាក់ទោសយើង។ (…) រឿងអយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ត្រូវ​បាន​ធ្លាក់មកលើសកម្មជនសិទ្ធិមនុស្ស សហជីព សកម្មជនដីធ្លី ខ្មែរ​អ្នក​ស្នេហាជាតិ។ ឯអ្នក​ប្រព្រឹត្ត​ផ្ទាល់​​ត្រូវ​បាន​រួច​ទោសរហូត ដូចជា លោក ឈូក បណ្ឌិត មិនទាន់ត្រូវបាន​ដាក់​ទោស​ទណ្ឌនៅឡើយទេ​មក​ទល់​ពេល​នេះ។»

សវនាការក្នុងថ្ងៃនេះ គឺផ្តោតសំខាន់ ទៅលើអ្នកដែលមានវត្តមាន ក្នុងពន្ធនាគារប៉ុណ្ណោះ។ ហើយចំណោម​អ្នកទាំង១១នាក់នោះ មានតែប្រាំនាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការសម្រេចធ្វើការឃុំខ្លួន រួមមាន មាជ សុវណ្ណារ៉ា, លោក អ៊ុក ពេជ្រសំណាងលោក អឿ ណារិត, លោក ឃិន រឿន, លោក នាង សុឃុន, លោក សាន គឹមហេង, លោក ស៊ុំ ពុទ្ធី លោក កែ ឃីម, លោក ទេព ណារិន, លោក អាន បឋម និងលោក សាន សីហៈ ជា​ដើម។ សវនាការជាសាធារណៈនេះ មិនត្រូវបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលរួមស្តាប់ទេ ក្រោមមូលហេតុ​បន្ទប់ចង្អៀត ប៉ុន្តែមានតំណាងស្ថានទូតនានា តំណាងសហភាពអឺរ៉ុប តំណាងអង្គការសង្គមស៊ីវិល និង​តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិជាច្រើន ចាំតាមដាន និងអង្កេត។

សូមទស្សនាកិច្ចសម្ភាសលោក វ៉ន ពៅ ជាមយយអ្នកសារព័ត៌មានដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments