CNRP ចង់​បំបាត់​បញ្ជី​ឈ្មោះ​«ស្ទួន​និង​ប៉ោង» តែ​ CPP ឲ្យ​​គោរព​​ច្បាប់​​បោះ​​ឆ្នោត

នេះជាជំនួបជាថ្មីទៀត រវាងគណបក្សទាំងពីរ ដើម្បីពិភាក្សាលើវិសោធនកម្ម នៃ​សេចក្តី​ស្នើ​ច្បាប់ ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ បន្ទាប់ពីការប្រទាំងប្រទើសលើកមុន លើចំណុចបង្កើន​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា។ ប៉ុន្តែពេលនេះ បញ្ហាប្រទាំងប្រទើសថ្មីមួយទៀត បានកើតឡើង គឺបញ្ហាឈ្មោះស្ទួន បញ្ជីឈ្មោះប៉ោង ការបាត់ឈ្មោះ ឬ​ឈ្មោះ​ត្រូវ​គេ​បោះ​ជំនួស​ជា​ដើម។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 23, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ជី​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ គ.ជ.ប នា​ពេល​កន្លង​មក រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង ពី​បញ្ហា​ឈ្មោះ​ស្ទួន និង បញ្ជី​ឈ្មោះ​ប៉ោង​ ដោយ​គណបក្ស​ប្រឆាំង​ ក៏​ដូច​ជា​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ធ្វើការ​ខាង​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​ករណី​នេះ ទំនង​ជា​មិន​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ ឈឺ​ក្បាល​វិល​មុខ​ជា​មួយ​ទេ។ ដូច​បាន​បង្ហាញ​ច្បាស់ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើកំណែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត រវាង​ក្រុម​ការងារ​មក​ពី​គណបក្ស​ទាំង​ពីរ នា​វិមាន​រដ្ឋសភា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​លើក​ឡើង​ថា ក្រុម​ការងារ​បាន​ពិភាក្សា​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​ដើម្បី​ជៀស​វាង​នូវ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​មាន​ឈ្មោះ​«ស្ទួន» និង​បញ្ជី​ចុះ​ឈ្មោះ នៅ​«ប៉ោង»​ជា​ដើម។ លោក​បញ្ជាក់​ថា បញ្ជី​ឈ្មោះ​ទាំង​នោះ ត្រូវ​តែ​មាន​«តម្លា​ភាព និង​គុណភាព» ដែល​ប្រជា​ពលរដ្ឋ​អាច​ទទួល​យក​បាន និង​មិន​មាន​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត ក្នុង​បញ្ជី​ឡើយ។

តែសម្រាប់លោក ប៊ិន ឈិន តំណាងគណបក្សប្រជាជនកម្ពុជា ហាក់ដូចជាមិនចង់បង្ហាញ ពីការឯកភាព ឬ​ទទួលស្គាល់ ក្នុងការ«លប់»បំបាត់បញ្ជីឈ្មោះស្ទួន ឬ ឈ្មោះប៉ោងនោះទេ។ តែលោកបានធ្វើការបកស្រាយ​ដូច្នេះថា គ.ជ.ប ត្រូវតែធានាសិទ្ធិប្រជាពលរដ្ឋគ្រប់រូប ក្នុងបញ្ចីឈ្មោះបោះឆ្នោត និងត្រូវតែស្របតាមនីតិវីធី ដែលកំណត់ដោយច្បាប់បោះឆ្នោត និងច្បាប់ផ្សេងទៀត។ លោកបញ្ជាក់ថា ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានត្រូវការបញ្ជាក់ ភេទ នាមត្រកូល ថ្ងៃខែឆ្នាំកំណើត និងលំនៅដ្ឋាន ឬទីសំណាក់​សម្រាប់​ម្មករ កម្មការិនី។ ត្រូវកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដើម្បីការពារ កុំឲ្យមានឈ្មោះស្ទួនក្នុង ឬឈ្មោះជាន់គ្នា ដូចគ្នាក្នុងបញ្ជីឈ្មោះបោះឆ្នោត។

ក្រុមការងារមកពីគណបក្សទាំងពីរ ហាក់ដូចជាមិនបានឯកភាពគ្នា ពីការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត«ថ្មី» ថាតើត្រូវធ្វើបញ្ជីថ្មី ឬក៏យកបញ្ជីបោះឆ្នោតចាស់ យកមកកែសម្រួលថ្មី ក្នុងការប្រើប្រាស់បន្តឬយ៉ាងណា​ឡើយ។ តំណាងគណបក្សទាំងពីរ គ្រាន់តែបានអួតអាង ថាពួកខ្លួនកំពុងខិតទៅជិតភាពត្រូវគ្នា លើចំណុច​ឈ្មោះស្ទួន និងការបាត់ឈ្មោះ អ្នកបោះឆ្នោតពីបញ្ជីបោះឆ្នោតថ្មីនោះ។

ទាំងគ.ជ.ប«ថ្មី» ទាំងបញ្ជីឈ្មោះ«ថ្មី» ត្រូវបានក្រុមការងារឯកភាពគ្នា ក្នុងការស្វែងរកពីធីគ្រប់គ្រងជាថ្មី។ ការ​ឯកភាពនេះ ក៏នៅមិនទាន់បង្ហាញពីភាពត្រូវគ្នា លើការប្រើប្រាស់នូវ រូបថត ការផ្តិតស្នាមម្រាមដៃ ឬលេខកូដ ដើម្បីជៀសវាងអ្នកបោះឆ្នោតម្នាក់ មានឈ្មោះបោះឆ្នោតច្រើន និងបោះលើសពីមួយនោះដែរ។ ហើយ​ក្រុម​ការងារទាំងពីរ នឹងបន្តជួបគ្នាទៀតនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខ។

ព័ត៌មានលំអិតពីករណីនេះ សូមទស្សានា នូវកិច្ចសម្ភាស នៃតំណាងគណបក្សទាំងពីរដូចខាងក្រោម៖

(វីដេអូមកដល់ក្នុងពេលបន្តិចទៀត)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...