របាំ​ដែល​កម្រ​ឃើញ របស់​ជន​ជាតិ​ភាគ​តិច​ព័រ សម្តែង​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស (vdo)

របាំដែលមិនងាយបានឃើញ របស់ជនជាតិភាគតិច ព័រ នៅខេត្តក្រចេះ ត្រូវបានលើកយកមកសម្តែងជូន ជាទស្សនីយ​ភាព នៅក្នុងកម្មវិធីអបអរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៦៦ នៅទីលានប្រជាធិបតេយ្យ កណ្តាលរាជធានីភ្នំពេញ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ១០១៤នេះ។

អ្នកចូលរួមជាច្រើន ដែល​​បាន​ទស្សនា​របាំ​នេះ​ហើយ បាន​និយាយ​សរសើរ និង​គាំទ្រ​របាំ​នេះ ព្រោះ​វា​មាន​លក្ខណៈ​ប្លែក​ពី​របាំ​ដ៏ទៃ​ទៀត។ របាំ​​របស់​ជន​ជាតិ​ដើម មាន​អ្នក​រាំ ប្រាំ​មួយ​នាក់ ស្រី​ពីរនាក់ ប្រុស​បួន​​នាក់ ហើយ​ប្រុសៗ​លែង​ខ្លួន​ទាំង​អស់ ស្លៀក​សម្លៀក​បំពាក់​ជា​ជន​ជាតិ​ដើម​ភាគ​តិច និង​មាន​កាន់​ឃ្មោះ នៅ​នឹង​ដៃ​ម្នាក់​មួយ។ អ្វី​ដែល​មាន​លក្ខណៈ​ពិសេស ជាង​នេះ​ទៅ​ទៀត​នោះ​គឺ រាល់​ឧបករណ៍​ទាំង​នោះសុទ្ធ​តែ​មាន ទំហំ​ខុស​គ្នា ដើម្បី​ឲ្យ​សម្លេង​របស់​វា​ ដែល​គោះ​ចេញ​មក មាន​ភាព​ខុស​ប្លែក​គ្នា​ទាំង​អស់។

នៅក្នុងការជួប​ផ្ទាល់​ជា​មួយ​លោក ហិន លីគីម ដែល​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ក្រុម​របាំ​នេះ លោក​បាន​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា របាំ​នេះ​ឈ្មោះ​ថា «ត្រចឺន» ហើយ​របាំ​នេះ គឺ​ជា​ប្រពៃណី​របស់​ជន​ជាតិ ព័រ។ លោក​បាន​ប្រាប់​ទៀត​ថា មូលហេតុ​ដែល​ក្រុម​របស់​លោក យក​របាំ​នេះ មក​សម្តែង​ក្នុង​ថ្ងៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ធ្នូ​នេះ គឺ​ចង់​បញ្ជាក់​ឲ្យ​ប្រជាជន​ជា​ច្រើន​ដឹង​ថា នេះ​ហើយ​ជា​ជន​ជាតិ​ដើម ហើយ​ទោះ​បី​ជា​ជន​ជាតិ​ទាំង​នេះ​មាន​ភាគ​តិច​ក៏​ដោយ ក៏​មាន​សិទ្ធិ​ដែរ មិន​អាច​រំលោភ​បំពាន​បាន​តាម​តែ​ចិត្ត​នោះ​ទេ ។

មេក្រុមរបាំខាងលើ បានបន្ថែមទៀតថា ជនជាតិភាគតិចទាំងនោះមានដូចជា៖ អំបូរព្នង ,គួយ, សួយ, ព័រ ,ជង, ស្អូច,ចារាយ,គ្រឹង,ទំពួន, ដែលសុទ្ធតែមានវត្តមាន ក្នុងការចូលរួមការប្រារព្ធពិធីសិទ្ធមនុស្ស នៅរាជធានី​ភ្នំពេញ​នេះ។

នៅក្នុងការដែលកំពុងជក់ចិត្តទស្សនារបាំនេះ អ្នកខ្លះ ស្រដីថា លើកទីមួយហើយ ដែល បានឃើញ អ្នកខ្លះ​និយាយថា ប្លែកគួឲ្យចាប់អារម្មណ៍ ពេលផ្តើមក៏លឿន ពេលបញ្ចប់ក៏លឿន ហើយសម្លេង វិញពិរោះប្លែក៕

សូមទស្សនារូបភាពរបាំនេះទាំងស្រុង ថតដោយលោក ហេង វុទ្ធី សម្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments