ជន​ជាតិ​ដើម​ភាគ​តិច សំណូម​ពរ​ដល់​រដ្ឋាភិបាល ចំនួន ៧ចំណុច

ដើម្បីធានាទទួលបាននូវសិទ្ធិ និងទប់ស្កាត់ការរំលោភសិទ្ធិនានា ចំពោះជនជាតិដើមភាគតិច ពី​គំរោង​អភិវឌ្ឍន៍​របស់​អ្នក​វិនiយោគ និងអ្នកជំនួញឲ្យបានល្អប្រសើរឡើង តំណាងជនជាតិដើមភាគតិច បានលើកសំនូមពរ និងអនុសាសន៍ចំនួន ៧ចំណុចទៅរដ្ឋាភិបាល។

ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ​នេះ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច បាន​ផ្តល់​ជា​អនុសាសន៍ និង​សំនូមពរ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិចារណា និង​គិតគូរ​ឡើង​វិញ ពី​ការ​រស់​នៅ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដែល​កំពុង​ជួប​នឹង​ការ​លំបាក ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ ដោយ​អ្នក​មាន​អំណាច ដែល​បាន​យក​ដី​ស្រែ​ចំការ​អាស្រ័យ​ផល និង​ព្រៃ​ឈើ​ជា​ដើម​ដើម្បី​ធ្វើការ​កាប់​គាស់ ក្នុង​គម្រោង​វិនយោគ​របស់​ពួក​គេ។

សំណូមពរ និងអនុសាសន៍ទាំងនោះរួមមាន៖

ទី១- ស្នើរ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន ការ​ចុះ​បញ្ជី​ដី​សមូហភាព របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង ១៥ខេត្ត និង​ព្រៃ​សហគមន៍​ឲ្យ​បាន​ឆាប់។
ទី២- ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អជ្ញា​បណ្ណ ពី​ក្រុម​ហ៊ុន​ណា​ដែល​មិន​គោរព​កិច្ច​សន្យា។
ទី៣- មុនផ្តល់ដីដល់ក្រុមហ៊ុន រដ្ឋាភិបាលត្រូវធ្វើការសិក្សាពីផលប៉ះពាល់ដល់បរិស្ថាន ពិគ្រោះយោបល់​ឲ្យ​បាន​ពេញលេញ និងមានការព្រមព្រៀងជាមុន ដើម្បីជៀសវាងទំនាស់ដីជាមួយសហគមន៍។
ទី៤- សូមឲ្យរដ្ឋាភិបាលបញ្ឈប់ការចាប់តំណាង និងគំរាមកំហែងសហគមន៍ ក្នុងការតវ៉ាអំពីបញ្ហាដីធ្លី និង​ព្រៃឈើ។
ទី៥- សូមឲ្យរដ្ឋាភិបាលពង្រឹងនូវការអនុវត្តច្បាប់ ឲ្យចាត់វិធានការគោរពច្បាប់ការពារ និងផ្តល់ដំណោះស្រាយ​សមស្រប ដល់សហគមន៍ដែលទទួលរងផលប៉ះពាល់។
ទី៦- គណៈកម្មាធិការអន្តរក្រសួង បន្តការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវប្រកាសអន្តរក្រសួង និងពង្រឹង​ការសហការ ជាមួយសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដើម្បីផ្តល់ព័ត៌មាន និងចូលរួមពិនិត្យតាម​ដាន​ការអនុវត្ត ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច។
និងទី៧- គណៈកម្មាធិកាអន្តរក្រសួង ឈរលើគោលការណ៍អព្យាក្រិត្យ លើកកំពស់សិទ្ធិជនជាតិដើមភាគតិច ការធ្វើការវិនិច្ឆ័យប្រកបដោយតម្លាភាព និងលើផលប៉ះពាល់ដីប្រពៃណីជនជាតិដើមភាគតិច។

បន្ថែមពីលើអនុសាសន៍ និងសំណូមពរទាំងប្រាំពីរចំណុចខាងលើ តំណាងជនជាតិភាគតិច លោក លី លឹម មកពីខេត្តក្រចេះ បានពន្យល់ពីការរំលោភសិទ្ធ ពីសំណាក់ក្រុមហ៊ុនវិនយោគមួយចំនួន ដែលតែងតែបំពាន​ដីស្រែចំការ របស់ពលរដ្ឋជនជាតិដើមភាគតិច។ លោកបានលើកឡើងថា បើទោះជារដ្ឋាភិបាលបាន​បង្កើត​ច្បាប់អភិរក្ស និងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ប្រកបដោយនិរន្តរភាពយ៉ាងណាក៍ដោយ ក៍នៅតែ​មានការរំលោភបំពានសិទ្ធរស់នៅ របស់ជនជាតិដើមភាគតិចនៅឡើយដែរ។

ការវិនយោគទុនមួយចំនួន ដែលទទួលបានអាជ្ញាបណ្ណនពីរដ្ឋាភិបាល ដូចជា ដីសម្បទានសេដ្ឋកិច្ច ការជីក​រុករករ៉ែ ធ្វើទំនប់វារីអគ្គីសនី បានឈូសឆាយដីស្រែចំការរបស់ជនជាតិដើមភាគតិច និងមិនបានសង​សំណង​ឲ្យសមស្រម ទៅនឹងអ្វីដែលក្រុមហ៊ុនបានយកសម្បត្តិរបស់ពលរដ្ឋជនជាតិដើមភាគតិចនោះទេ ពោលគឺបាន​ផ្តល់ផលអវិជ្ជមាន ដល់ការរស់នៅប្រចាំថ្ងៃ ព្រមទាំងជះឥទិ្ធពលដល់វប្បធម៌ និងប្រពៃណីរបស់ពួក​គាត់​ថែម​ទៀតផង។

បញ្ហាខាងលើនេះ តំណាងជនជាតិដើមភាគតិចលោក លី លឹម បានថ្លែងទៀតថា វាជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមភាគតិច ម្យ៉ាងវិញទៀតបច្ចុប្បន្ននេះ ការតាក់តែងច្បាប់ និងការអនុវត្តច្បាប់មួយចំនួន នៅមិនទាន់គិតគូរស៊ីជម្រៅ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ដល់ជីវភាពរស់នៅ វប្បធម៌ ប្រពៃណី និង​ទំនៀមទំលាប់ការរស់នៅ របស់សហគមន៍ជនជាតិដើមភាគតិចនៅឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments