«កណ្ដឹង»​ឬ​«ជួង» ពាក្យ​ដែល​ធ្វើ​ឲ្យ​ក្ដៅ​ក្រហាយ

បើអ្នកហៅបក្ស«ជួង» អ្នកប្រហែលជាអាចរួចខ្លួន។ តែបើមិនអញ្ចឹងទេ អ្នកនឹងត្រូវបងប្អូនមកពីបក្សនេះ បើកការវាយ​ប្រហារ ឬធ្វើការសងសឹកមិនលែងឡើយ។ តើនេះ មកពីហេតុអ្វី?
«កណ្ដឹង»​ឬ​«ជួង» ពាក្យ​ដែល​ធ្វើ​ឲ្យ​ក្ដៅ​ក្រហាយ
កណ្ដឹងឬកូនជួង ដែលពាក់នឹងកសត្វឆ្កែ។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ - ជ័យគ្រត ([email protected]) - រលាក់កងជើង ថ្ងៃទី២២ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 23, 2014
  • ប្រធានបទ: ព័ត៌មានជ័យនាងគ្រត
  • អាន និងបញ្ចេញយោបល់

សូមជម្រាបសួរពុក​ម៉ែ​មីង​មា​បង​ប្អូន ជា​ទី​មេត្រី។ ថ្ងៃ​នេះ​ខ្ញុំ​បាទ ជ័យ បាន​ត្រឡប់​មក​ជម្រាប​ដំណឹង​ថ្មីៗ​ប្លែកៗ ដូច​តាម​ការ​សន្យា​ទុក និង​ជា​បន្ត​ទៅ​ទៀត។ ព្រឹត្តិការណ៍​ដែល​ខ្ញុំ​បាទ​ជ័យ សូម​ជម្រាប​ជូន​ឲ្យ​ជ្រាប​នៅ​ថ្ងៃ​នេះ មិន​មាន​អ្វី​ឲ្យ​ធំ​ដុំ​ទេ តែ​គ្រាន់​ជា​បម្រើ​បម្រាស់​ពាក្យ «ជួង ឬកណ្ដឹង» ដែល​ខ្ញុំ​បាទ​នេះ តែង​ដើរ​នៅ​តាម​ផ្លូវ​តាំង​ពី​ជនបទ រហូត​ដល់​រាជធានី វា​ចេះ​តែ​ឮ​មក​ដល់​ត្រជៀក​ខ្ញុំ​បាទ។

ទានហ្អើយ! នៅ​៨ឆ្នាំ​ចុង​ក្រោយ​នេះ មាន​បក្ស​មួយ​នោះ តាំង​ខ្លួន​មក​ពី​ឋាន​ទេវតា ចេះ​សិល្ប៍ ស្រែក​ប្រាប់​គេ​ឯង​ថា ខ្លួន​ជា​បក្ស​«ជួង»។ ខ្ញុំ​បាទ​មិន​និយាយ​ពី​អ្នក​ដែល​មិន​ចូល​ចិត្ត​បក្ស​នេះ​ទេ ព្រោះ​មនុស្ស​យើង តែ​មិន​ចូល​ចិត្ត​គ្នា​ហើយ ច្បាស់​ជា​និយាយ​មិន​ពិរោះ​ពិសារ​ដាក់​គ្នា​ទេ​បាទ។ តែ​សម្រាប់​មនុស្ស​ទូទៅ ដែល​មិន​បាន​ចាប់​អារម្មណ៍ ឬ​អ្នក​ដែល​គ្រាន់​តែ​ឃើញ​និមិត្តសញ្ញា​របស់​បក្ស​នេះ គេ​ក៏​ចេះ​តែ​ឆ្ងល់​ដែរ តើ​ជា​បក្ស​«ជួង»​ឬ​បក្ស​«កណ្ដឹង»?

បើជ្រុលមាត់ហៅកណ្ដឹងតែមួយម៉ាត់ ច្បាស់ទទួលការវាយប្រហារ ពីក្រុមបក្សនេះ ជាពុំខាន។ ពុកម៉ែ​មា​មីង​បង​ប្អូន ច្បាស់ជាឆ្ងល់ហើយ ថាតើហេតុអ្វីក៏ហៅ«កណ្ដឹង»មិនបាន?

ខ្ញុំបាទសូមយកពាក្យទាំងពីរនេះ មកពន្យល់តាមវចនានុក្រម ដែលមានតែមួយពី៥០ឆ្នាំមកហើយ របស់​សម្ដេច​សង្ឃជួនណាត ដូចតទៅនេះ៖ ពាក្យ«ជួង» មានអម្បូរពាក្យជានាម មានន័យថា «របស់​ដែល​ធ្វើ​ដោយ​លោហ​ជាតិ​ សណ្ឋាន​ដូច​"កណ្ដឹង​" ដាក់​ក្នុង​វត្ត​អារាម​សម្រាប់​វាយ​ឲ្យ​សញ្ញា​គ្នា» រីឯពាក្យ«កណ្ដឹង» ក៏មានអម្បូរពាក្យថា ជានាមដែរ ហើយមានន័យថា «ប្រដាប់​ធ្វើ​ដោយ​លង្ហិន ឬ សំរិទ្ធ មាន​សណ្ឋាន​ជា​បំពង់​មាន​ទង​ជា​វង់ សម្រាប់​កាន់​ឬ​ចង មាន​គ្រាប់​យោល​ដោយ​អង្រង់​ទង្គិច​ឮ​សូរ»។

ដូច្នេះបើតាមការពន្យល់នេះ «ជួង»ជា«កណ្ដឹង» និងមានមុខងារសម្រាប់ធ្វើឲ្យឮសម្លេង ដើម្បីផ្ដល់សញ្ញា ដូច​គ្នា។ ចំណែក​ឯនៅក្នុងការអនុវត្តជាក់ស្ដែង ខ្ញុំបាទតែងតែឃើញ កាលពីជាង១០-២០ឆ្នាំមុន ពូៗលក់ការ៉េមកី តែង​​យក​ប្រដាប់​មួយ រាងដូចជួងតែមានទំហំតូច មកគោះឬគ្រវី លាន់ឮសូរ ដើម្បីឲ្យឲ្យសញ្ញាគេឯងថា ធុង​ការ៉េមកី​​របស់​គាត់​បានមកដល់ហើយ អញ្ជើញជាវអញ្ជើញពិសារ។ អ្នកផងហៅប្រដាប់នោះថា ជា​កណ្ដឹង​ការ៉េមកី (បើ​​ទោះ​ជា​វា​មានរាងដូចកូនជួងក៏ដោយ)។ ប៉ុន្តែសម្រាប់បក្សមកពីឋានទេវតា ដែលប្រកាសខ្លួនថា​ជាបក្សជួង​នោះ មិន​អនុញ្ញាត​ឲ្យ​នរណាហៅខ្លួន ថាជាបក្សកណ្ដឹងឡើយ។

ពាក្យបន្ថែមខ្មែរ

តាមពិតទៅ រឿងបានកើតឡើង បង្កជាបញ្ហា បណ្ដាលពីក្រុមបក្សផ្សេងទៀត ឬមនុស្សដទៃទៀត ដែលមិន​ចូល​ចិត្ត​បក្សជួង ដែលតែងហៅក្រុមបក្សនេះ ជាបក្សកណ្ដឹង។ ប៉ុន្តែមិនមែនកណ្ដឹងធម្មតាទេ ព្រោះមានបន្ថែម​​ដោយ​ពាក្យ​ចំអក​ផ្សេងទៀត ដូចជាជាកណ្ដឹង«ឆ្កែ» ឬកណ្ដឹង«គោ»ជាដើម។ ហើយពាក្យបន្ថែមដែលធ្ងន់ធ្ងរ​ជាង​នេះ មាន​ដូច​ជា​«កណ្ដឹងសំផួយ» «កណ្ដឹងរ៉» «កណ្ដឹងរ៉ិត» ឬ«កណ្ដឹងរ៉ួយ» ជាដើម។

បាទ... ខ្ញុំបាទមិនសូវចេះ បកប្រែពាក្យបន្ថែមខាងលើនេះប៉ុន្មានទេ ព្រោះខ្ញុំបាទច្រើនរស់នៅឯស្រែ មិនសូវឮ​ពាក្យអស់ទាំងនេះទេបាទ។ ប៉ុន្តែបើនិយាយពីការឲ្យសញ្ញាគ្នា ខ្ញុំបាទស្គាល់ពាក្យមួយទៀត របស់ខ្មែរបូរាណ​សុទ្ធ​តែម្ដង នោះគឺ«ត្រដោក»។ ពាក្យនេះអាចហៅបានម្យ៉ាងទៀត ថា«ថ្ដោក» ជារបស់ធ្វើពីឈើ សម្រាប់​ពាក់​នៅនឹងកសត្វពាហនៈជំនួយការឲ្យអ្នកស្រុកយើង និងជាពិសេសពុកម៉ែមាមីងបងប្អូន ក៏តែងយកវាមកដាក់​នៅ​នឹងទ្វាផ្ទះ នៅនឹងកន្សៃទូក យកមកគោះហៅគ្នា ឬឲ្យសញ្ញាក្នុងពេលអាសន្នអ្វីមួយ។

គ្រាន់តែមិនច្បាស់ថា តើបក្សមកពីឋានទេវតាមួយនេះ នឹងយល់ព្រមឲ្យខ្ញុំបាទហៅថា ជា«បក្សត្រដោក» ឬអត់​តែប៉ុណ្ណោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់