មេធាវី​របស់ មាជ សុវណ្ណារ៉ា៖ ការ​ឃុំ​ខ្លួន​កូន​ក្តី​ខ្ញុំ បំពាន​សិទ្ធិ​សេរីភាព​បុគ្គល

លោកមេធាវី ចាន់ ចេង ការពារក្ដីឲ្យលោក មាជ សុវណ្ណរ៉ា បានថ្លែងបរិហាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន របស់​ចៅក្រម​ទៅ​លើ​កូនក្ដីរបស់លោក ជាការរំលោភសិទ្ធិបុគ្គល។ សូមអានការពន្យល់របស់លោកមេធាវី ដូចខាងក្រោម។
មេធាវី​របស់ មាជ សុវណ្ណារ៉ា៖ ការ​ឃុំ​ខ្លួន​កូន​ក្តី​ខ្ញុំ បំពាន​សិទ្ធិ​សេរីភាព​បុគ្គល
លោក មាជ សុវណ្ណារ៉ា (កណ្ដាល) និងអ្នកស្រី យ៉ោម បុប្ផា ក្នុងពេលធ្វើការទាមទារតវ៉ាកន្លងមក។ (រូបថតហ្វេសប៊ុក)

បទ​ចោទប្រកាន់ ដែល​ឈាន​ទៅ​ដល់​ការ​សម្រេច​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ អះអាង​ថា​មាន​ «ពី​បទ​ញុះញង់ ឲ្យ​ប្រព្រឹត្តិ​អំពើ​កុប្បកម្ម ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ»​ជា​ដើម។ ប៉ុន្តែ​សម្រាប់​លោក​មេធាវី ចាន់ ចេន ដែល​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណរ៉ា បាន​បញ្ជាក់​ថា បើ​ផ្អែក​តាម​ភស្តុតាង​នានា ពិសេស​តាម​ខ្សែ​វីដេអូ នៃ​សកម្ម​ភាព​ក្នុង​ថ្ងៃ​បាតុកម្ម​ទី១៥ ខែ​កក្កដា នោះ​ផង បាន​បង្ហាញ​ថា លោក មាជ សុវណ្ណារ៉ា មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់ របស់​តំណាង​អយ្យការ​នោះ​ឡើយ។

តាមការចោទប្រកាន់​របស់​តំណាង​អយ្យការ រហូត​ឈាន​ទៅ​ដល់​ការ​ឃុំ​ខ្លួន ស្ថាបនិក​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ ជា​បណ្តោះ​អាសន្ន​នោះ លោក​មេធាវី​បាន​បញ្ជាក់​ថា តំណាង​អយ្យកា មិន​បាន​បង្ហាញ​នូវ​ភស្តុតាង​ណា​មួយ ក្នុង​ការ​ដាក់​បន្ទុក​លើ​កូន​ក្តី​លោក​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ លោក​ជា​មេធាវី មាន​ភស្តុតាង​គ្រប់​គ្រាន់​ ក្នុង​ការ​ដោះ​បន្ទុក និង​អាច​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​កូន​ក្តី​លោក។

មិនត្រឹមតែប៉ុណ្ណោះ តំណាងអយ្យការមិនបានបញ្ជាក់ថា កូនក្តីរបស់លោក ស្ថិតក្នុង«វិមតិសង្ស័យ»ឡើយ ដោយ​​គ្រាន់តែលើកឡើងថា «(ឃុំខ្លួន)ដើម្បីធ្វើការស៊ើបអង្កេត»ប៉ុណ្ណោះ ដែលនោះគឺជាការរំលោភបំពានមួយ ទៅលើសិទ្ធិបុគ្គល។

លោកមេធាវី បានបញ្ជាក់ថា៖ «តុលាការប្រើចំណាត់ការដើម្បីឃុំខ្លួន (...) លុះណាមានការព្រួយបារម្មណ៍ថា ជនសង្ស័យធ្វើការរត់គេច ការបំផ្លាញតម្រុយភស្តុតាង មិនមានអាស័យដ្ឋានទីលំនៅ ឬការងារច្បាស់លាស់។» តែផ្ទុយមកវិញ អ្វី ដែលជាការព្រួយបារម្មណ៍ របស់ចៅក្រមស៊ើបអង្កេតខាងលើ ដូចជាអាស័យដ្ឋាន ទីលំនៅ រួមទាំងការងារច្បាស់លាស់ លោក មាជ សុវណ្ណារ៉ា មានទាំងអស់។ នេះជាការបញ្ជាក់បន្ថែមរបស់លោកមេធាវី។

តាមភស្តុតាងនានា ដែលមេធាវីរូបនេះប្រមូលបាន ក្នុងព្រឹត្តិការណ៍ថ្ងៃទី១៥ ខែ កក្កដានោះ គ្មានអ្វីមួយដែល​ជាភស្តុតាងដាក់បន្ទុក ឬចោទប្រកាន់លើកូនក្តីលោកឡើយ។ ពេលនោះកូនក្តីលោក គ្រាន់តែនិយាយថា «សូម​ឲ្យខ្មែរទាំងអស់ចេះស្រលាញ់គ្នា ខ្មែរទាំងអស់ចេះសាមគ្គីគ្នា ប្រើអហិង្សា សន្តិវិធី កុំយកខ្មែរណាធ្វើសត្រូវ។ (...) អ្វីជាហិង្សា ដែលបានកើតឡើងនោះ មិនមែនអ្វីជាការជម្រុញរបស់កូនក្តីខ្ញុំឡើយ។»

«ការពិតចំណុចនេះ វាមិនមែនជាការការសង្ស័យទេ។ បើសង្ស័យ សង្ស័យថាកូនក្តីគាត់ប្រព្រឹត្តិ ឬមិនប្រព្តឹត្តិ។ តែផ្ទុយទៅវិញ មានភស្តុតាងជាច្រើន ដែលកូនក្តីរបស់ខ្ញុំលោក មាជ សុវណ្ណារ៉ា គាត់ឥតមានបានប្រព្រឹត្តិ ដូច​ការចោទប្រកាន់ទេ។»

យ៉ាងណាក៏ដោយ លោកមេធាវី នៅតែបង្ហាញក្ដីសង្ឃឹមថា តុលាការ ពិសេសចៅក្រមស៊ើបសួរសាលា​រាជធានី​ភ្នំពេញ នឹងផ្តល់យុត្តិធម៌ដល់លោក មាជ សុវណ្ណារ៉ា ដោយអនុញ្ញាតិឲ្យនៅក្រៅឃុំ។ លោកមេធាវី​បានថ្លែង​ទៀត​ថា៖ «បើចៅក្រមនៅតែបដិសេធមិនឲ្យនៅក្រៅឃុំ នោះប៉ះពាល់ដល់ផលប្រយោជន៍របស់កូនក្តី ដូច្នេះយើង​ត្រូវ​ប្តឹងទៅសាលាឧទ្ទណ៍ជាបន្ត។ (...) តែមកទល់ពេលនេះ នៅមិនទាន់មានចំណាត់ការអ្វីឡើយ ព្រោះជាថ្ងៃ​ដើមសប្តាហ៍ ដែលស្ថិតក្នុងកិច្ចពិភាក្សានៅឡើយ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់