ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់ ត្រូវ​ដក​ដំណែង ព្រោះ​ចែក​អំណោយ​ដល់​ជន​រង​គ្រោះ

ព្រះតេជគុណ ឃឹម សំអឿន ព្រះចៅអធិការវត្តភ្នំខ្ពស់ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានដកហូតតំណែង កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០១៤នេះ ជាមួយនិងកម្លាំងទាហ៊ាន ក្រោមហេតុផលធ្វើនយោបាយ និង​បំរើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

តាមកិច្ចសម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ព្រះ​តេជ​គុណ ឃឹម សំអឿន បាន​សង្ឃ​ដីកា​ថា ព្រះអង្គ​បាន​មក​កាន់​តំណែង ជា​ព្រះ​ចៅ​អធិការ​នេះ ចាប់​តាំង​ពី​ការ​កកើត​វត្ត​នេះ​មក​ម្លះ។ ព្រះ​អង្គ​បន្ត​ថា ដើម​ឡើយ វត្ត​នេះ​មាន​តែ​នេន​ពីរ​អង្គ​ប៉ុណ្ណោះ ហើយ​ព្រះ​អង្គ​ក៏​ត្រូវ​បាន​ធម្មការ​ខេត្ត និង​ប្រជា​ពលរដ្ឋ គាំទ្រ​ក្នុង​ការ​គ្រប់​គ្រង និង​កសាង​វត្ត​ភ្នំ​ខ្ពស់ ត​រៀង​មក​ដល់​ឆ្នាំ​២០១៤​នេះ។

បញ្ហា​ពាក់​ព័ន្ធ នឹង​ការ​ដក​តំណែង​ជា​ចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់​នេះ ព្រះ​អង្គ​បាន​បន្ត​ថា ព្រះ​អង្គ​មិន​ដែល​ទទួល​បាន​លិខិត ឬ​ការ​ណែនាំ​ណា​មួយ ពី​មន្ទីរ​ធម្មការ​ស្រុក ក៏​ដូច​ជា​សាលា​ខេត្ត​បាត់​ដំបង​ម្តង​ណា​ឡើយ។ ស្រាប់​តែ​ថ្ងៃ​ទី១៩ ខែ​តុលា​នេះ មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន ចាប់​ពី​៣០ ទៅ​៤០ នាក់​ក្នុង​ឯក​សណ្ឋាន ស៊ីវិល​ផង ប៉ូលីស​ផង និង​ប៉េអ៊ឹម​ផង បាន​នាំ​គ្នា​មក​ស្នាក់​នៅ​ក្នុង​វត្ត ដោយ​ប្រាប់​ថា ត្រៀម​រៀបចំ​ឲ្យ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ជួយ​ព្យាបាល និង​ចែក​ថ្នាំ​ជូន​ប្រជា​ពលរដ្ឋ។

តែផ្ទុយទៅវិញ បែរជាប្រកាសដកហូរត្រាពីព្រះអង្គ ដោយចោទថាព្រះអង្គបានចូលរួមធ្វើនយោបាយ តាម​រយៈការចែកអំណោយ ដល់ប្រជាពលរដ្ឋទីទាល់ក្រពិតប្រាកដ ដែលកាកបាទក្រហមកម្ពុជា មិនបានមើល​ឃើញនោះ និងករណីមួយទៀតចោទថា បំរើឲ្យគណបក្សសង្គ្រោះជាតិ។

«ការដកហូតសិទ្ធិគ្រប់គ្រងវត្តពីអាត្មានេះ អាត្មាមិនមានអ្វីត្រូវធ្វើការតវ៉ា ឬជជែកដេញដោយជាមួយ​ក្រុម​សង្ឃ និងមន្រ្តីដែលមកពីគណបក្សប្រជាជននោះទេ។ (…) តែអ្វីដែលអាត្មាឆ្ងល់នោះ ព្រោះអាត្មាមិនមាន​ធ្វើ​អ្វី​ខុស និងមិនទាំងបានទទួលដំណឹងជាមុន ពីការដកហូតត្រាគ្រប់គ្រងវត្តនេះឡើយ។ ហើយបែរ​ជាចោទ​ប្រកាន់ និង​ដកហូត តាមរយៈយកកម្លាំងសមត្ថកិច្ចមកប្លន់ដូច្នេះទេ។ (….) ក្រុមនោះរស់ដូចកង្កែប មិនអាច​កាយ​រន្ធ​ខ្លួន​ឯង​បាន បែរជាមកដណ្តើមរន្ធគេនៅ។»

ចៅអធិការថ្មី អតីតមេទាហាន

តាមសម្តីប្រជាពលរដ្ឋចំណុះជើងវត្ត លោក តា ហ៊ន ឈោយ អាយុ៦៤ឆ្នាំ បានលើកឡើងថា លោកតាមាន​ការ​សោកស្តាយ ដែលលោកចៅអធីការវត្ត (ឃឹម សំអឿន) ត្រូវបានដកហូតតំណែងគ្រប់គ្រងវត្ត ដោយការ​ប្រើ​កម្លាំងទ័ព និងមិនបានប្រាប់ជាមុន។ លោកបន្តក្នុងនាមជាប្រជាពលរដ្ឋថា មិនមែនមានតែលោកតាទេ ដែល​មិន​សប្បាយចិត្ត នឹងទង្វើ«ប្លន់»ដំណែងនេះ ពុទ្ធបរិសទជាច្រើនទៀត នឹងជួបជុំគ្នាមិនទទួល​ស្គាល់​ចៅ​អធិការ​វត្ត​ថ្មីនេះទេ។

លោកបានបង្ហាញនូវការសោកស្តាយ ដែលចៅអធិការថ្មីត្រូវមកជំនួសនោះ អតីតជា«មេទាហ៊ាន»មួយ ហើយ​ទើបតែបានបួសត្រឹមមួយវស្សាប៉ុណ្ណោះ ហេតុអ្វីបានជាមន្ទីរធម្មការស្រុក និងខេត្តចាត់តាំង ឲ្យមកធ្វើ​ជា​ចៅ​អធិការ​វត្តភ្នំខ្ពស់នេះ?

«មន្រ្តីធំៗនៃមន្រ្តីស្រុក និងខេត្តភាគច្រើន សុទ្ធតែជាជនជាតិយួន។ ហេតុអ្វីកម្ពុជា យកជនជាតិយួន មក​ដឹក​នាំសាសនាកម្ពុជាយ៉ាងដូច្នេះ? ចៅអធិការវត្ត (ឃឹម សំអឿន) បានកសាងច្រើនណាស់ដល់វត្ត ជួយយក​ចិត្ត​ទុកដាក់ លើប្រជាពលរដ្ឋក្រីក្រពិតប្រាកដ បែជាមានកំហុស ឯសង្ឃខ្លះ ចូលរួមយ៉ាងសកម្មក្នុង​គណបក្ស​ប្រជាជនកម្ពុជា រហូតយកស្លាកគណបក្សប្រជាជន មកបិទនឹងកុដ្ឋទៀត តែមិនមានកំហុសទេ។ ១៣ឆ្នាំ​មក​នេះ ចៅអធិការវត្ត (អឿន គង់) បានជួយប្រជាពលរដ្ឋក្រីក្រ និងកសាងផ្លូវជាច្រើនក្នុងភូមិ ត្រូវជាប់ចោទថា​ធ្វើ​នយោបាយទៅវិញ។»

ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ទេព កោសល្យ បានចាត់ទុកថា នេះជាការប្លន់អំណាចបែបស្របច្បាប់មួយ ដែល​មិនអាចធ្វើការតបតបាន។ លោកថា ព្យុះភ្លៀងទាំងនេះ តែងតែធ្វើឡើង ដោយមន្រ្តីមួយចំនួនធំក្នុង​គណបក្ស​ប្រជាជន ទាំងក្នុងស្រុកបាណន់ ទាំងខេត្តបាត់ដំបងទាំងមូលតែម្តង ដែលធ្លាប់អនុវត្តបានជោគ​ជ័យ​ជាច្រើន នាពេលកន្លងមក។

លោកបន្តថា ទាំងលោកផ្ទាល់ និងប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើននាក់ទៀត នឹងមកជួបជុំគ្នាប្រកាស​គាំទ្រ ចៅអធិការ អឿន គង់ រួចបណ្តេញចៅអធិការថ្មី ដួង សុខុម ចេញពីវត្ត។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺបន្ថែម ចំពោះការចោទប្រកាន់ថា មានការដាក់កម្លាំង​សមត្ថកិច្ច​ចម្រុះ ចូលក្នុងទីធ្លីវត្តភ្នំខ្ពស់ពីលោក ប៊ុត សំបូរ អធិការស្រុកបាណន់បានទេ ដោយលោកពុំ​ទទួល​ទូរស័ព្ទ។ ឯមន្រ្តីនៃមន្ទីរធម្មការស្រុកបាណន់ និងខេត្តបាត់ដំបង ក៏មិនអាចសុំការបញ្ជាក់ បាននៅឡើយ​ក្នុង​ថ្ងៃនេះ។ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ព្យាយាមរកការបកស្រាយ និងបំភ្លឺណាមួយនាពេលក្រោយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments