«អរូប»១០នាក់ សណ្ឋិត​ក្នុង​ខ្លួន​បុរស​ចំណាស់​ម្នាក់ បន្ត​បន្ទាប់​គ្នា

បុរសវ័យចំណាស់ម្នាក់អាយុជិត៦០ឆ្នាំ មានសញ្ជាតិខ្មែរ ដើមកំណើតចិន ដែលកំពុងមានជំងឺប្រចាំកាយ ត្រូវបាន​«អរូប»​ប្រមាណ​១០រូប ចូលបន្តបន្ទាប់គ្នា ក្រោយពេលគ្រូធ្វើពិធីហៅព្រលឹង។

ករណី«អរូប»ទាំងដប់ ចូលសណ្ឋិតក្នុងរូប បុរស​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ ចាន់ ហួរ ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​នោះ ត្រូវ​បាន​ថត​ជា​វីដេអូ​ឃ្លីប ដោយ​ក្រុម​ការងារ​នៃ​លោក​គ្រូ ធម្មិនន ដែល​ជា​អ្នក​ផ្សាយ​ព្រះធម៌​ព្រះពុទ្ធិ​សាសនា តាម​បណ្តា​វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន។ លោក​គ្រូ​បាន​បញ្ជាក់​ថា ព្រឹត្តការណ៍​ក្នុង​ឃ្លីប​វីដេអូ​នេះ ជា​ព្រឹត្តិការណ៍​ដែល​មាន​ពិត​ប្រាកដ និង​មិន​មាន​ការ​កែឆ្នៃ ឬ​ព្រាងទុក និង​ក៏​មិនមែន​សម្រាប់ យក​មក​ធ្វើការ​បោក​ប្រាស់​ពុទ្ធបរិស័ទ ឬ​ប្រជា​ពលរដ្ឋ​ឡើយ។

លោក គ្រូ ធម្មិនន ដែល​ចេះ​វិជ្ជា​ខាង​ហៅ​ព្រលឹង​ចូល​រូប បាន​ធ្វើ​ឃ្លីប​វីដេអូ ដែល​ក្រុម​ការងារ​លោក បាន​ថត​ទុក គ្រាន់​តែ​ចង់​បញ្ជាក់​ថា ពិត​ជា​មាន​អមនុស្ស ចូល​រូប​មែន ហើយ​ក៏​ដើម្បី​ទុក​ជា​ឯកសារ​សិក្សា​ស្រាវជ្រាវ​ដែរ។ នេះ​ជា​ការ​បញ្ជាក់ របស់​លោក​គ្រូ​ហៅ​ព្រលឹង​អូម​អាម​ខាង​លើ តាម​ការ​បញ្ជាក់​ក្នុង​វីដេអូ​ឃ្លីប។ មក​ដល់​ពេល​នេះ ឯកសារ​វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ធ្លាក់​ចូល​ដល់​ទីផ្សារ​កម្ពុជា លក់ និង​ចែកចាយ​យ៉ាង​ព្រោង​ព្រាត​ផង​ដែរ។

តាមសម្តីបុរសម្នាក់ដែលរត់ម៉ូតូឌុប និងមានទាំងវីដេអូឃ្លីបនេះ នៅនឹងដៃផងនោះ បានបញ្ជាក់ថា លោក​បាន​ឲ្យបុរសម្នាក់ទៀត ដែលជាអ្នករត់ម៉ូតូឌុបដូចគ្នា ជួយទិញឲ្យលោក។ ព្រោះលោកចង់ដឹង ពីបញ្ហា​នៃ​ការ​ចូល​រូបនោះ តើជាការពិត ឬប្រឌិតឡើង ដើម្បីថតសម្រាប់ដាក់លក់បោកប្រាស់ប្រជាពលរដ្ឋទេ? លោក ឃីម អ្នក​រត់​ម៉ូតូឌុបរូបនេះបានបន្តថា ឌីសនេះត្រូវបានគេដាក់លក់លើទីផ្សារ តែមិនបើកទូលាយទេ បើអ្នកមិន​ស្គាល់ មិន​ដឹងក៏មិនអាចរកទិញបានដែរ។

លោកបន្តថា តាមការបញ្ជាក់ របស់អ្នករត់ម៉ូតូឌុបដូចគ្នា បានបង្ហាញថា ឌីសវីដេអូឃ្លីបអមនុស្សចូលរូបនេះ មាន​លក់នៅតូបមួយក្នុងផ្សារអូឡាំពិច ហើយមានច្រើនឌីសផងដែរ។ លោកអ្នករត់ម៉ូតូ ដែលមិនឲ្យស្គាល់​ឈ្មោះ​នោះ ក៏បានបញ្ជាក់ប្រាប់លោកថា អ្នកលក់ឌីស ក៏មិនដឹងថាឌីសនេះ អ្នកណាជាអ្នកយកមកលក់ដែរ ដល់​ពេល​មានអ្នកសួររក ទើបទៅយកពីតូបដទៃមកឲ្យ។ ហើយមានតែពីរទៅបីតូបប៉ុណ្ណោះ ដែលមាន​ដាក់​លក់។

តាមទំនៀមទំលាប់ វប្បធម៌ប្រពៃណី និងជំនឿសាសនានៅប្រទេសកម្ពុជា មិនថាខ្មែរ ចិនឬថៃឡើយ​ត្រូវ​បាន​បន្ត ជាកេរ្តិ៍តំណែលពីជំនាន់មួយទៅជំនាន់មួយ។ យ៉ាងណាម៉ិញ ជំងឺដែលមិនត្រូវថ្នាំបរទេស (បែប​វិទ្យាសាស្រ្ត) ប្រជាពលរដ្ឋ មិនថាចិន ឬខ្មែរឡើយតែងតែរកថ្មាំបែបធម្មជាតិ ដែលគេហៅថា«ថ្នាំខ្មែរ» ឬ​«ថ្នាំចិន»​ជា​ដើម​នោះ។ ក្រៅពីនេះបើសិនជាអ្នក«ជំងឺ»មិនមានអ្វីប្លែក ឬស្រាកស្រាន្ដពីជំងឺទេ គេនៅមាន​ទំនៀម​មួយ​ទៀត គឺការដាក់បណ្តាសារពី«ដូនតា» អ្នកថែរក្សា ឬពពួកព្រាយខ្មោចនានាជាដើម ដែលនាំឲ្យ​កូនចៅ​រក​ស៊ី​មិនបាន ជួបគ្រោះ ឬធ្លាក់ខ្លួនឈឺជាដើមនោះ។

តួយ៉ាងដូចជាក្នុងវីដេអូឃ្លីបនេះ ត្រូវបានក្រុមគ្រួសារ សាច់ញាតិ បានហៅគ្រូមកធ្វើពិធីដើម្បីអន្ទង​ព្រលឹង​ដូនតា ឬពពួកព្រាយខ្មោចទាំងនោះ មកសូរនាំនូវហេតុផលខុស និងត្រូវ រួមទាំងតម្រូវការនានា នឹងអាច​ជួយ​ឲ្យកូនចៅរស់នៅដោយសេចក្តីសុខសប្បាយ។

តាមវីដេអូឃ្លីប ដែលបានថតក្នុងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ថ្មីៗនេះ ឃើញមានពពួក«អមនុស្ស» ឬ «អរូប» ប្រមាណ១០នាក់ចូលមកសណ្ឋិត។ ក្នុងនោះរួមមានពួកសមាទិដ្ឋិជ្រះថ្លា ព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌​ ព្រះសង្ឃ ដែលបានបង្រៀនព្រះធម៌ក្នុងពេលចូលរូប។ ក្រៅពីនេះនៅមានទេវតាស័ក្តធំចូល​មក​បង្ហាត់​បង្ហាញ ពីការធ្វើបុព្នយ និងទានជាដើម។ ហើយក៏នៅមានអមនុស្សជាឪពុក ដូនតា និងគ្រូព្យាបាល​ជំងឺ ចូល​មក​ព្យាបាល​កូនចៅដើម្បីជាពីជំងឺទៀតផង។ អមនុស្សទាំងនោះបាននិយាយជាភាសាព្រះធម៌ ភាសា​ចិន ភាសា​ខ្មែរ និង​ភាសាថៃ។ ពពួកទេវតា និងពពួកអ្នកតាមថែរក្សា បាននាំគ្នាមកចូលជាបន្តបន្ទាប់ និង​បញ្ជា​ប្រាប់​ទៅ​តាម​អ្វី​ដែលពួកគេ គិតថាខុស និងត្រូវការ។

ក្នុងករណីនេះបុរសវ័យចំណាស់ខាងលើ ក្រៅពីភាសាចិន និងខ្មែរប៉ៃឡាំ មិនចេះភាសារអ្វីក្រៅពីនោះទេ។ តែដល់ពេលអរូបចូលសណ្ឋិត ក៏បែរជាចេះនិយាយច្រើនភាសា ដែលមិនគួឲ្យជឿ។ នេះបើតាមសម្តីសាច់​ញាតិ នៃអ្នកដែលត្រូវចូលរូប បានបញ្ជាក់ក្នុងវីដេអូឃ្លីប។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅពេលនេះ មិនទាន់រកប្រភពឲ្យពិតប្រាកដ ដើម្បីមកបញ្ជាក់ថា តើអ្វីដែល​កើត​ឡើ​ងក្នុងវីដេអូនេះ ជារឿងពិតមិនក្លែងក្លាយ ឬយ៉ាងណាទេ។ ទស្សនាវដ្ដីនឹងត្រឡប់ មកជម្រាប​ជូន​ជា​ថ្មីទៀត នៅពេលមានព័ត៌មានបន្ថែម។ តែសម្រាប់វីដេអូឃ្លីប ខាងក្រោមនេះ ទស្សនាវដ្ដីគ្រាន់តែដាក់ជូន ដើម្បីជា​ការ​ពិចារណា និងធ្វើការវាយតម្លៃ ទៅតាមការយល់ឃើញរបស់ប្រិយមិត្តអ្នកអានទៅចុះ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments