ក្បាច់​ទាត់បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ មិន​ដែល​ឃើញ របស់​អតីត​ស្ដេច​បាល់​ទាត់ (vdo)

ដោយសារការរៀបចំ ជាវីដេអូឡើងវិញ នូវសកម្មភាពពីមុនៗកន្លងមកនោះ ទើបគេអាចដឹងបាន នូវការបណ្ដើរបាល់ ទៅទាត់បញ្ចូលទីដ៏អស្ចារ្យមួយ របស់អតីតស្ដេចបាល់ទាត់ប៉ឺឡេ (Pelé)។ កាលនោះ ជាការប្រកួតបាល់ទាត់ នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៥៩ ដែលលោក ប៉ឺឡេ ជនជាតិប្រេស៊ីល កំពុងទាត់ឲ្យក្រុម FC Santos។

ប្រសិនបើយើង​នាំ​គ្នា​ហៅ​លោក ថា​ជា​«ស្ដេច​បាល់​ទាត់» មិន​មែន​គ្រាន់​តែ​បាន​ហៅ ឲ្យ​តែ​ឮៗ​នោះ​ទេ។ អតីត​ជើង​ឯក ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​ទទួូល​បាន​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក ដល់​ទៅ​៣ដង​ជាប់​គ្នា​រូប​នេះ នៅ​ពេល​នោះ កំពុង​ទាត់​ឲ្យ​ក្រុម​អាជីព FC Santos។ លោក ប៉ឺឡេ ដែល​មាន​ឈ្មោះ​ពេញ​របស់​លោក​ថា អេសុន អារេតេ ដូ ណាស៊ីម៉េនតូ (Edson Arantes Do Nascimento) បាន​ទាត់​នៅ​ក្នុង​ក្រុម​បាល់ទាត់​អាជីព​នេះ រហូត​រយៈពេល​២០ឆ្នាំ និង​បន្ទាប់​មក បាន​ចូល​មក​ទាត់​ឲ្យ​ក្រុម Cosmos នៃ​ទីក្រុង​ញ៉ូយក សហរដ្ឋ​អាមេរិក មុន​នឹង​លោក​បាន​ចូល​និវត្តន៍ ខាង​វិស័យ​បាល់​ទាត់។

នៅពេលដែលលោក បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ នៅចុងទស្សវត្តន៍ឆ្នាំ៥០  ស្ថានីយ​ទូរទស្សន៍​នាសម័យនោះ មិនមានលទ្ធភាពខ្លាំងក្លា ក្នុងការផ្សាយផ្ទាល់ ឬថតទុកទាំងអស់ ពីរាល់ការប្រកួត​នីមួយៗ​នោះ​ឡើយ។ ជាពិសេសដូចនៅក្នុងវីដេអូនេះ ដែលរំលឹកឡើងវិញ ពីការប្រកួតរវាងក្រុម​បាល់ទាត់របស់​លោក ជា​មួយ​នឹងក្រុម Esporte Clube Juventude នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៥៩។

នៅក្នុងរូបភាពខាងក្រោម ដែលបានមកពីការរៀបចំឡើងវិញជា ​3D គេបានឃើញ តារាបាល់ទាត់​ដ៏​កំពូល​នា​សម័យនោះ បាន​ប្រឡែង​លេងប្រកបដោយ កាយវិការយ៉ាងប៉ិនប្រសប់ ជាមួយនឹងខ្សែការពារ ហើយ​បន្ទាប់​មកជាមួយនឹងអ្នកចាំទី របស់ក្រុមគូរប្រជែង មុននឹងទាត់ទំលាយសំណាញ់ យកបានមួយគ្រាប់​ឲ្យ​ក្រុម​របស់​ខ្លួន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments