នរណា​ជា​«ត្រី​ងៀត​ឆ្លៀត​ពង» ពី​មេដាយ​មាស​របស់ ស៊ន សៀវម៉ី?

ការទទួលស្វាគមន៍ និងចេញករណី«ជាប់បាក់ឌុប ដោយស្វ័យប្រវត្ត» សម្រាប់ម្ចាស់មេដាយមាស កញ្ញា ស៊ន សៀវម៉ី ដែលមានលក្ខណៈ«ទុំជោរ» និង«ដូចមែនទែន»ជ្រុលនោះ បានបង្កឲ្យមានប្រតិកម្មយ៉ាងសន្ធឹកសន្ធាប់ ពីមហាជន ជាពិសេសពីបណ្ដាអ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។

មើលទៅពេលនេះ ក្ដី​សប្បាយ​រីក​រាយ និង​មោទនភាព​ជាតិ ដែល​ប្រទេស​កម្ពុជា​មិនបាន​ស្គាល់​រសជាតិ តាំង​ពី​៤៤ឆ្នាំ​មក​ហើយ​នោះ ប្រហែល​ជា​មិន​មាន​រយៈពេល​យូរ​ទៀត​ប៉ុន្មានឡើយ។ នោះ​ដោយ​សារ​តែ​ការ​បង្ហាញ​សកម្មភាព​«អ្នក​ប្រឡេះ​បាន​ស៊ី» មាន​លក្ខណៈ​ជ្រុល​ហួសហេតុ​ពេក ដែល​ផ្ទុយ​ពី​សកម្មភាពដែល​ត្រូវ​ធ្វើ សម្រាប់​​លើក​ស្ទួយ ជួយ​ឲ្យ​អ្នក​ឡើង​ទៅ​«បេះ» អាច​បញ្ចេញ​ថ្វីដៃ​បាន​ជោគជ័យ។ នេះ​ជា​ការ​លើក​ឡើង​ជា​ច្រើន នៅ​តាម​ទំព័រ ឬ​គណនី​នានា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ក្រុមអ្នករិះគន់ តាមបណ្ដាញសង្គម បានធ្វើការពន្យល់ថា តើរដ្ឋាភិបាល ក៏ដូចជាមន្រ្តីពាក់ព័ន្ធនានា មាន​បាន​គិតគូរ​ដល់ការរស់នៅ របស់កីឡាការិនីរូបនេះទេ នាពេលកន្លងមក? បើសិនជានាងមិនអាចទទួល​មេដាយ​មាស​វិញ តើកីឡាការិនីរូបនេះ នឹងនៅឯណាទៅ? ឬមួយ សកម្មភាព«អ្នកប្រឡេះបានស៊ី»នៅពេលនេះ បាន​ក្លាយ​​ជា​ការ​ទាញ​ប្រយោជន៍ សម្រាប់យកមុខមាត់ឲ្យខ្លួន និងគូរកនរបស់ខ្លួន?

ម្ចាស់គណនីហ្វេសប៊ុកមួយរូប បានសរសេរថា៖ «មិនថាកីឡាករជំនាញអ្វីទេ ទាំងរដ្ឋាភិបាល ទាំង​មន្រ្តី​ពាក់ព័ន្ធ មិនដែលឃើញយកចិត្តទុកដាក់ ដោយការទំនុកបំរុង ក្នុងពេលហ្វឹកហាត់ឡើយ។ ដល់ពេល​ចេញ​ទៅ​ប្រកួត បើចាញ់គេ កីឡាករទាំងនោះមិនទទួលបានអ្វី ក្រៅពីការស្តីបន្ទោសឡើយ។ តែបើឈ្នះវិញ ស្រាប់​តែ​ចេញ​មក​ឈរ"អមសងខាងផ្លូវ"ចាំទទួល យកមុខយកមាត់ព្រោងព្រាត។»

ដូចករណីមួយ ដែលទស្សវដ្តីមនោរម្យ.អាំងហ្វូ បានចុះផ្សាយក្នុងអត្ថបទមុន ទាក់ទងនឹង​កីឡាករប្រដាល់គុន​បុរាណខ្មែរ លោក វង្ស ណយ ដែលបានលាឈប់ពីសង្វៀនប្រដាល់ ព្រោះតែជីវភាពមិនគ្រប់គ្រាន់ ហើយ​តម្លៃ​ដែលទទួលបាន ពីការប្រដាល់មិនសមស្រប។ លោក វង្ស ណយ អតីតសិស្សលោក ឈិត សារឹម អ្នក​ប្រដាល់​គុនបុរាណខ្មែរជើងចាស់ ធ្លាប់បានបញ្ជាក់ដូច្នេះថា៖ «កីឡាករថៃដេកស៊ីស្រួល វ៉ៃម្តងៗ​បានលុយ​រាប់​ម៉ឺន ហើយ​យើង​មកមើលកីឡាករខ្មែរ ខ្មែរយើងវ៉ៃម្តងៗបាន៣០០ អ្នកខ្លះវាយបានតែ១៥០ទេ អញ្ចឹង​បងប្អូន​គួរ​គិត​ថា តើ​កីឡាករ​ខ្មែរមានជីវភាពលំបាកយ៉ាងណា?»។

ត្រឡប់មកករណីកីឡាការិនី ស៊ន សៀវម៉ី ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយរងចាំទាំង​យប់​វិញ ត្រូវ​បានអ្នកប្រើប្រាស់បណ្ដាញសង្គម លោក គីម សុភា (Kim Sophea) ហៅទង្វើនេះថា ជាការ​ប្រមែ​ប្រមូល​យកប្រជាភិថុត ជាមួយ​លទ្ធផលដែលកញ្ញា ស៊ន សៀវម៉ី ខិតខំប្រឹងប្រែង​បញ្ចេញញើសឈាមនាំ​មក​នោះ។ លោកសរសេរថា៖ «បើសម្ដេច ហ៊ុន សែន គ្រាន់បើមែន ចូរសម្តេចរហ័សគិតគូរ អំពីកម្រិតជីវិតជីវភាព​រស់នៅ គ្រប់កីឡាករ គ្រប់ជំនាញ​ទាំងអស់។»

លោក សុភា បានបន្តទៀតថា៖ «សព្វថ្ងៃនេះ ពួកគាត់ម្នាក់ៗខំប្រឹងប្រែងណាស់។ តែមានកីឡាករខ្លះ ជីវភាព​ក្រុមគ្រួសារ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។ ម៉្យាងល្បីថា ក្នុងសហព័ន្ធកីឡាជាតិអូរឡាំពិក កើតមាន​ការ​ប្រកាន់គ្រួសារ បក្ខពួកនិយមខ្លាំងណាស់។ (...) មានកីឡាករល្អៗជាច្រើន ដែលខកខានមិនបាន​ចេញទៅ​ក្រៅ​ប្រទេស ដើម្បីទៅចូលរួមប្រកួត ព្រោះតែមិនមែនជាសាច់ញាតិ ខ្សែស្រឡាយរបស់ថ្នាក់ដឹកនាំ ក្នុង​សហព័ន្ធ​នោះ។»

ច្បាស់ណាស់ថា ជ័យជំនះដ៏ត្រចះត្រចង់ របស់កញ្ញា ស៊ន សៀវម៉ី ត្រូវតែអបអរសាទរ និងគួឲ្យ​មាន​មោទនភាព​​សម្រាប់ជាតិ។ នេះបើតាមសំណេរ របស់ម្ចាស់គណនីម្នាក់ទៀត លោក សោម សុផា (Sopha Som)។ ប៉ុន្តែ​សម្រាប់​សកម្មភាព ដែលលោក សុផា ហៅថាជា«ត្រីងៀតឆ្លៀតពង» របស់ក្រុមតេជោសែននេះ វា​គឺ​ជា​ការ​«កេង​ចំណេញ​ផ្នែកនយោបាយ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments