អាមេរិក៖ ទៅ​បោះ​ជំរុំ​នៅ​មាត់​ជ្រោះ យប់​ឡើង​ដេក​មមើ​ដើរ​ធ្លាក់​ជ្រោះ ...

តើជាយោបល់ល្អឬទេ នៅពេលដែលដឹងថាខ្លួនតែងតែដេកមមើ ដោយធ្លាប់បានងើបដើរ ទាំងបិទភ្នែក បែរ​ជា​ទៅ​បោះ​តង់​គេង នៅជិតមាត់ជ្រោះជ្រលងភ្នំនោះ?

កុំថាឡើយដល់ទៅមនុស្សធ្លាប់គេងមមើ បើសូម្បីតែមនុស្សធម្មតា ក៏មិនគួនឹងទៅផ្សងគ្រោះថ្នាក់ បោះតង់​គេងនៅពេលយប់ នៅក្បែរមាត់ជ្រោះជ្រលងដងភ្នំដូច្នេះដែរ។ ហេតុផល៖ នោះគឺដើម្បីបញ្ជៀសគ្រោះថ្នាក់​ជាយថាហេតុទាំងឡាយ ពិសេសបើមានសត្វសាហារ ឬសត្រូវធ្វើការវាយប្រហាពីខាងជម្រាលភ្នំ តើអ្នក​បោះ​តង់ទាំងនេះនឹងរត់ទៅណា? ឬក៏ត្រូវលោតចុះទៅក្នុងជ្រោះ?

ប៉ុន្តែសំនួរចម្លើយខាងលើនេះ ទំនងជាមិនដែលត្រូវបានបុរសជាតិអាមេរិកាំងមួយរូប ដែលមានទីលំនៅ​នៅ​ក្នុងរដ្ឋ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក ខ្វល់ខ្វាយយកមកគិតនោះទេ។ បើទោះជាដឹងខ្លួនថា ខ្លួន​ឧស្សាហ៍​គេងមមើ«ក្រោបដើរពេលយប់ ទាំងបិទភ្នែក» ក៏ដោយ តែបុរសម្នាក់នេះ នៅតែមិនរាថយក្នុងការ​បោះជំរុំ​គេង នៅក្បែរមាត់ជ្រោះដែលមានជម្រៅយ៉ាងជ្រៅ ជាមួយនឹងមិត្តភ័ក្ដិផ្សេងទៀត បន្ទាប់ពីពួកគេ បាននាំគ្នា​ទៅ​ដើរ​កំសាន្ដ នៅជ្រលងព្រៃភ្នំ រ៉េដ រីវ័រ (Red River) ក្នុងរដ្ឋកេនទុគី (Kentucky) ភាគកណ្ដាលខាងកើត​នៃ​សហរដ្ឋ​អាមេរិក។

គេហទំព័រក្នុងតំបន់មួយរបស់អាមេរិក បានរៀបរាប់ថា នៅពាក់កណ្ដាលយប់ថ្ងៃព្រហស្បត្តិ៍​ឈានមក​ថ្ងៃ​សុក្រ សប្ដាហ៍នេះ មិត្តភ័ក្តិបានមើលដឹងថា បុរសគេងមមើរមិននៅក្នុងតង់គេងរបស់ខ្លួនទេ ហើយពួកគេ​ក៏​បាន​នាំ​គ្នា​ដើររកជាបន្ទាន់។ បន្តិចក្រោយមក ពួកគេបានរកឃើញបុរសនោះ ដេកស្ដូកស្ដឹង នៅលើផ្ទាំង​ថ្ម​មួយ ជម្រៅ​ប្រមាណជា១៨ម៉ែត្រ ខាងក្រោម។ តែជាសំណាងល្អ បុរសយើងនៅមានជីវិតនៅឡើយ។

ដោយសារតែល័ក្ខខ័ណ្ឌនៃជ្រលងភ្នំមិនអំណោយផលង បុរសត្រូវបានក្រុមអ្នកជួយសង្គ្រោះ ទាញមកខាង​លើវិញ នៅប្រមាណជាបួនម៉ោងក្រោយមក។ បុរសបានរងរបួស នៅត្រង់ក្បាល ស្មារម្ខាង និងបាក់ជើងមួយ​ចំហៀង។ អ្នកជួយសង្គ្រោះម្នាក់បានលាន់មាត់ឡើងថា៖ «នេះជារឿងដ៏អស្ចារ្យមួយ។ ដើរទាំងដេកបិទភ្នែក ដើរធ្លាក់ជ្រោះហើយមិនស្លាប់ ...។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments