«នាង​ឯង​គិត​ថា​ខ្លួន​ស្អាត​ឬ? តាម​ពិត នាង​ឯង​គួរ​ទៅ​ព្យួរក សម្លាប់​ខ្លួន​ទៅ!»

ដោយរងការប្រមាថឈ្នានីស នៅតាមបណ្ដាញសង្គម យុវតីមួយរូបអាយុ១៦ឆ្នាំ បានធ្វើអត្តឃាត កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​មក​នេះ នៅក្នុងសួនច្បារផ្ទះរបស់នាង។សង្គ្រាមពាក្យសម្ដីបានផ្ទុះឡើងសារជាថ្មី ពី​សំណាក់​សាធារណៈមតិ​ទូទៅ ដោយ​បាន​ធ្វើការ​ចោទប្រកាន់ ទៅលើប្រព័ន្ធបណ្ដាញសង្គមមួយ ដែល​យុវជន​យុវតី​ជំទង់​ជា​ច្រើន ចូលចិត្ត​ប្រើ​ប្រាស់​នៅ​ទ្វីប​អ៊ឺរ៉ុប។
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ តុលា ២០១៤
  • កែប្រែចុងក្រោយ: September 11, 2014
  • ប្រធានបទ: ឧក្រិដ្ឋកម្មលាក់មុខ
  • អាន និងបញ្ចេញយោបល់

យុវតីជំទង់ ល្វីស្ស៍ (Louise) ដែលទើបនឹងមានអាយុ១៦ឆ្នាំ ត្រូវបានគេរកឃើញបានធ្វើអត្តឃាត ដោយព្យួរក ទៅនឹងទោងយោងក្នុងសួនច្បារ ផ្ទះរបស់នាង។ យុវតីអ្នករស់នៅក្នុងក្រុងប្រូហ្វុងវីល (Profondeville) ភាគ​កណ្ដាលនៃប្រទេសប៊ែលហ្សិករូបនេះ ធ្លាប់បានទទួលការបរាជ័យ នៅក្នុងការសិក្សារបស់នាង។ ​មិត្តភក្ដិ និង​អ្នក​នៅ​ជុំវិញនាងបានឲ្យដឹងថា បញ្ហាដែលនាងមាននៅក្នុងសាលារៀន មិនអាចបណ្ដាល​ឲ្យ​នាង ឈាន​ទៅ​ដល់​ដំណាក់កាលសម្លាប់ខ្លួនដូច្នេះទេ។

ប៉ុន្តែអ្នកដែលជិតដិតនឹងនាងមួយចំនួន បានលើកឡើងភ្លាម ពីមូលហេតុដែលបណ្ដាលឲ្យនាងធ្វើអត្តឃាត ដោយពួកគេបានចង្អុលទៅគេហទំព័រដ៏ល្បីមួយ ឈ្មោះហៅថា ask.fm ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងចំណោមយុវជនជំទង់ៗ។ បណ្ដាញវិទ្យុនិងទូរទស្សន៍ Sud Info របស់ប្រទេសប៊ែលហ្សិក បានស្រង់យក​សម្ដី​សាក្សីមួយរូប ដែលជាមិត្តភ័ក្ដិរបស់ នាងល្វីស្ស៍មកបញ្ជាក់ ក្រោយពីសាក្សីរូបនោះ បានអានប្រយោគ​របស់ជនលាក់មុខ ដែលបានសរសេរឆ្លើយឆ្លងជាមួយនាង ល្វីស្ស៍ នៅក្នុងបណ្ដាញសង្គមមួយនេះ ថា៖ «នាង​​ឯងគិតថា ខ្លួនស្អាតឬ? តាមពិតនាងឯងអាក្រក់ណាស់ នាងឯងជាស្រីល្ងង់ នាងឯងគួរតែទៅព្យួរក សម្លាប់​ខ្លួនទៅ។»

នៅក្នុងគេហទំព័រ​ ask.fm មានអ្នកប្រើប្រាស់ប្រមាណជា ៦០លាននាក់ ក្នុងមួយថ្ងៃៗ ចូលទៅ​ប្រើប្រាស់​បណ្ដាញ​សង្គមមួយនេះ។ គេអាចចោទសួរជាសំនួរ ឬឆ្លើយឆ្លងគ្នា ដោយលាក់​អត្តសញ្ញាណ មិន​ឲ្យ​អ្នក​ប្រើ​ប្រាស់ម្ខាងទៀតស្គាល់។ ដោយសារតែហេតុនេះហើយ ទើបគេហទំព័រនេះ តែងបានរងការចោទ​ប្រកាន់ ថា​ជា​ទីកន្លែងដែលសម្បូរអំពើហិង្សាឧស្សាហ៍ផ្ទុះឡើង រវាងអ្នកប្រើប្រាស់ដែលភាគច្រើន​ជាក្មេង​ជំទង់។ ប៉ុន្តែ​ក្រុមហ៊ុនគ្រប់គ្រងគេហទំព័រ មិនបានធ្វើអើពើអ្វីឡើយ បើទោះជានៅក្នុងប៉ុន្មានខែ​ចុងក្រោយ​នេះ យ៉ាង​ហោច​ណាស់មានយុវជន៤នាក់ មកពីបីប្រទេស​ អង់គ្លេស អៀរឡង់ និងអាមេរិក បានស្លាប់ដោយ​សារ​តែ​ពួក​គេ​បាន​រង នូវការប្រមាថជេរប្រទេច តាមបណ្ដាញសង្គមមួយនេះក៏ដោយ។

ឪពុករបស់យុវតី ល្វីស្ស៍ បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដើម្បីរំលឹកទៅដល់ពួកយុវជនក្មេងៗថា៖ «សូមកុំរស់នៅ ក្នុងពិភពសិប្បនិមិត្ត ដែលនៅពីក្រោយគេហទំព័រទាំងនោះ។ នេះមិនមែនជាជីវិតទេ។ សូម​មើលលទ្ធផលនេះទៅ ... ខ្ញុំបានបាត់បង់កូនស្រីតែមួយរបស់ខ្ញុំ។» ចំណែកម្ដាយធម៌របស់ ល្វីស្ស៍ ក៏បាន​ស្រែក សម្ដែងការក្ដៅក្រហាយដែរថា៖ «សូមបញ្ឈប់គេហទំព័រទាំងនេះទៅ! គេត្រូវបង្រៀនទៅយុវជន ពី​គ្រោះ​ថ្នាក់​ដែលអាចកើតឡើងចំពោះពួកគេ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments